​ចិន កំពុងតែ​ត្រួតត្រា​លើ​ទីផ្សារ​ដ្រូ​ន​របស់​ពិភពលោក ចំពេល​តានតឹង​ជាមួយនឹង​តៃវ៉ាន់​

ព័ត៌មានអន្តរជាតិ
0
9


​រដ្ឋធានី​ប៉េកាំង​៖ ជាមួយនឹង​ប្រសិទ្ធភាព នៅក្នុង​ប្រតិ​ប​ត្ដិ​ការ​យោធា តាមរយៈ​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន នោះ ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ជាច្រើន កំពុងតែ​ងាក ចំណាប់អារម្មណ៍​មកលើ​ការចំណាយ​ដ៏​ថោក និង ការប្រើប្រាស់​ដ្រូ​ន ហើយ​ឥឡូវនេះ ចិន កំពុងតែ​ក្លាយជា​ប្រទេស​នាំចេញ​ដ្រូ​ន​ប្រយុទ្ធ​នាំមុខគេ នៅលើ​ពិភពលោក​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​រសៀល ថ្ងៃ​អង្គារ ទី​២៤ ខែមករា ថា ក្រុមអ្នកវិភាគ បាន​អះអាង ថា ជាមួយ​តម្លៃ​ដ៏​ថោក​សមរម្យ​នោះ ធ្វើ​ឲ្យ​ដ្រូ​ន​ចម្បាំង​របស់​ចិន កំពុងតែ​គ្របដណ្ដប់ ទៅលើ​ទីផ្សារ​របស់​ពិភពលោក នៅក្នុង​អំឡុងពេល​ការគ្រប់គ្រង​នូវ​ការនាំចេញ​របស់​សហរ​ដ្ឋ​អាមេរិក​។​

​រហូតមកដល់​ពេលនេះ មាន​ប្រទេស​ជាច្រើន ចាប់តាំងពី​អា​រ៉ា​ប៊ី​សា​អូឌីត រហូតមកដល់​ប្រទេស​មី​យ៉ាន់​ម៉ា និង ពី​អ៊ីរ៉ាក់ រហូតដល់​ប្រទេស​អេ​ត្យូ​ពី ក៏ដូចជា សកម្មភាព​យោធា​ជាច្រើន​ទៀត នៅ​ទូទាំង​ពិភពលោក កំពុងតែ​ជំរុញ​ឲ្យ​ឃ្លាំង​ស្ដុក​ដ្រូ​ន​ប្រយុទ្ធ​របស់​ចិ កើនឡើង ហើយ​កំពុងតែ​ដាក់ពង្រាយ​នូវ​ដ្រូ​ន​ទាំងនោះ នៅលើ​សមរភូមិ​។​



​កម្លាំងចម្រុះ ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​បញ្ជូន​យន្ដហោះ​របស់​ចិន ដែល​ស្គាល់​ជា​យាន​គ្មាន​មនុស្ស​បើក ក្លាយជា​ផ្នែក​មួយ នៃ​យុទ្ធនាការ​បំផ្លិចបំផ្លាញ តាមផ្លូវ​អាកាស ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​ហ៊ូ​ធី (Houthi) ដោយបាន​សម្លាប់​ជន​ស៊ីវិល នៅក្នុង​ប្រទេស​យេ​មែន ជាង ៨ ០០០​នាក់ នៅក្នុង​រយៈពេល​៨​ឆ្នាំ​កន្លងមកនេះ​។ ស្របគ្នា​នេះដែរ នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ អាជ្ញាធរ បាន​អះអាង ថា ពួកគេ បាន​ប្រើប្រាស់​ដ្រូ​ន​របស់​ចិន ឆ្មក់​វាយប្រហារ តាមផ្លូវ​អាកាស ទៅលើ​គោលដៅ​នានា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លាម (ISIl ឬ ISIS) ជាង​២៦០​កន្លែង នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៨ ជាមួយនឹង​អត្រា​ជោគជ័យ ជិត​១០០​ភាគរយ​។​

​ទន្ទឹមគ្នានេះ របប​សឹក​មី​យ៉ាន់​ម៉ា ក៏បាន​ប្រើប្រាស់​ដ្រូ​ន​ប្រយុទ្ធ វាយប្រហារ​តាម​អាកាស ប្រឆាំងនឹង​ជន​ស៊ីវិល និង ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច ដែល​ប្រឆាំងនឹង​ការធ្វើ​រដ្ឋប្រហារ យោធា កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​។ ចំណែក​កងទ័ព​របស់​លោក អា​ប៊ី អា​មេ​ដ នាយករដ្ឋមន្ដ្រី​អេ​ត្យូ​ពី ក៏បាន​ប្រើប្រាស់​ដ្រូ​ន​ប្រយុទ្ធ​របស់​ចិន ហើយ​ដ្រូ​ន​របស់​អ៊ីរ៉ង់ និង តួ​ក​គី ក្លាយជា​ចំណុច​សំខាន់ នៅក្នុង​ការជួយ​ដល់​កងទ័ព​របស់គាត់ វាយប្រហារ​ទៅលើ​ក្រុម​ឧទ្ទាម នៅក្នុង​ខែមីនា ឆ្នាំ​២០២១ ដែល​បាន​គំរាមកំហែង ផ្ដួលរំលំ​រដ្ឋាភិបាលរ​បស់​គាត់​។​

​ក្រៅពីនេះ ក្រុម​ប្រទេស​ទិញ​ដ្រូ​ន​ប្រយុទ្ធ​របស់​ចិន បន្ថែម​ពី​ការ​ស៊ើប​ពីលើ​ការប្រមូល​ព័ត៌មាន​ចារកម្ម​នោះ ក៏​អាច​វាយប្រហារ ដោយ​មី​ស៊ី​ល​ពីលើ​អាកាស ទៅលើ​ដី​ថែម​ទៀតផង រួមមាន ប្រទេស​ម៉ូ​រ៉ូ​កកូ (Morocco) អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, អារ៉ាប់​រួម ឬ អារ៉ាប់​អេ​មី​រ៉ាត់ (UAE), ប៉ា​គី​ស្ថាន និង ស៊ែរ​ប៊ី​។

​បើតាម​ទិន្នន័យ ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្ដិភាព​អន្ដរជាតិ​ស្ដុក​ខម (SIPRI) ដែល​តាមដាន អំពី​ការផ្ទេរ​គ្រឿង​សព្វាវុធ បង្ហាញ ថា ចិន បាន​បញ្ចេញ​ដ្រូ​ន​ប្រយុទ្ធ ចំនួន ២៨២​គ្រឿង ទៅកាន់​ប្រទេស​ចំនួន​១៧ នៅក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ​។ ជាមួយនឹង​តួលេខ​នេះ ធ្វើ​ឲ្យ​ចិន ក្លាយជា​ប្រទេស​នាំចេញ​ដ្រូ​ន​ចម្បាំង​ដ៏​ច្រើនជាងគេ នៅលើ​ពិភពលោក ខណៈ​សហរដ្ឋអាមេរិក បាន​បញ្ចេញ​ដ្រូ​ន​ដ៏​ទំនើប​បំផុត​របស់ខ្លួន ត្រឹមតែ​១២​គ្រឿង​ប៉ុណ្ណោះ នៅក្នុង​អំឡុងពេល​ដូចគ្នានេះ​។ ចំណែក​យន្ដហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​ទាំង​នោះ ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​បារាំង និង ចក្រភព​អង់គ្លេស​។​

​ការត្រួតត្រា​របស់​ចិន ទៅលើ​ទីផ្សារ​ពិភពលោក សម្រាប់​ដ្រូ​ន​ប្រយុទ្ធ នៅក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ ក៏​មួយផ្នែក នៃ​ការខិតខំ​ប្រឹងប្រែង ផ្តល់​មូលនិធិ​ដ៏​ច្រើន​របស់​រដ្ឋ សម្រាប់​ការស្វែងរក​នូវ​ការលើកកម្ពស់​ដល់​កង​កម្លាំងប្រដាប់អាវុធរ​បស់​ចិន ឲ្យ​សមស្រប​តាម​«​ស្តង់ដារ​ពិភពលោក​។ ស្របគ្នា​នេះ លោក ស៊ី ជិន​ពីង​(Xi Jinping) ប្រធានាធិបតី​ចិន បាន​ពណ៌នា ថា ដ្រូ​ន​របស់​ចិន មាន​សមត្ថភាព អាច​ផ្លាស់ប្តូរ​ស្ថានភាព​សង្គ្រាម​យ៉ាងខ្លាំង ហើយ​លោក​ប្រធានាធិបតី បាន​សន្យា នៅក្នុង​អំឡុងពេល​សមា​ជ​បក្សកុម្មុយនិស្ត កាលពី​ឆ្នាំមុន ត្រូវតែ​បង្កើនល្បឿន អភិវឌ្ឍ​សមត្ថភាព​របស់​ដ្រូ​ន​ឲ្យ​ឆ្លាត​វៃ​បំផុត​ផងដែរ​។​

​លោក ច​ន សោ​ស (John Schaus) មន្ដ្រីជាន់ខ្ពស់ នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្ដ្រ និង ការសិក្សា​អន្ដរជាតិ (CSIS) បានបញ្ជាក់ ថា «​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ នៃ​គំនិត​សង្គ្រាម​ព័ត៌មាន​របស់​ប្រទេស​ចិន​។ ចំណែក​កម្រិត​សមត្ថភាព​ខ្ពស់​បែបនេះ នឹង​អនុញ្ញាតឱ្យ​ចិន មាន​សមត្ថភាព នៅក្នុង​ការធ្វើ​បេសកកម្ម នៅ​ឆ្ងាយ ពី​ព្រំដែន​របស់ខ្លួន ជាមួយនឹង​ការបង្ក​ហានិភ័យ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ ឬ នយោបាយ​តិចជាង ប្រសិនបើ​បុគ្គលិក​យោធា​របស់ខ្លួន បង្ហាញ​វត្តមាន​»​។​

​ចិន តែងតែ​អះអាង ថា តៃវ៉ាន់ ជា​ផ្នែក​មួយ នៃ​ទឹកដី​របស់ខ្លួន ហើយ​ក្រុង​ប៉េកាំង ក៏​មិនដែល​បដិសេធ អំពី​ការប្រើប្រាស់​កម្លាំងយោធា ដើម្បី​ដណ្ដើម​គ្រប់គ្រង​ដែន​កោះ​មួយ​នេះឡើយ​។ ដូច្នេះ​ដ្រូ​ន​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​ការប្រឈមមុខ​ជាមួយនឹង​តៃវ៉ាន់ ប្រសិនបើ​សង្គ្រាម​ផ្ទុះឡើង​។​



​ចិន បាន​លក់ដាច់​ខ្លាំង​នូវ​ដ្រូ​ន Caihong 4 គឺ​ស្ទើរតែ​ដូចគ្នា ទៅនឹង​យន្ដហោះ​គ្មាន​មនុស្ស​បើក MQ-9 Reaper ផលិត​នៅ​សហរដ្ឋអាមេរិក ខណៈ​ដ្រូ​ន Wing Loong 2 ដ៏​ពេញនិយម ដែលមាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ដ្រូ​ន MQ-1 Predator ផលិត​ដោយ​សហរដ្ឋអាមេរិក​។ បើ​ផ្អែកលើ​សេចក្តីថ្លែងការណ៍​របស់​ចិន បាន​ឲ្យ​ដឹង ថា ដ្រូ​ន​ទាំងពីរ​នេះ មិន​ត្រឹមតែ​លឿន​ជាង​ដ្រូ​ន​អាមេរិក ប៉ុណ្ណោះ ប៉ុន្តែ​វា​ថែមទាំង​មាន​សមត្ថភាព អាច​ផ្ទុក​គ្រឿង​សព្វាវុធ​ច្រើនជាង ថែម​ទៀតផង​។​

​បើតាម CSIS បាន​ឲ្យ​ដឹង ថា ដ្រូ​ន​របស់​ចិន មានតម្លៃ​ថោក​ជាង​ដ្រូ​ន​របស់​សហរដ្ឋអាមេរិក ដោយ​វា​មានតម្លៃ ចន្លោះ​ពី​១​លាន​ទៅ​២​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក ដ្រូ​ន​របស់​សហរដ្ឋអាមេរិក មានតម្លៃ ចាប់ពី​៤​លាន រហូតដល់​ទៅជា​ង​១៦​លាន​ដុល្លារ​៕​