​និពន្ធ​នាយក​ទូរទស្សន៍ RT អះអាង ពី​សង្គ្រាម​កាន់តែ​រីកធំឡើង នៅ​ចុង​រដូវរងា​

ព័ត៌មានអន្តរជាតិ
0
33



​រដ្ឋធានី​មូ​ស្គូ​៖ ក្រុម​ពិ​ធិ​ករ និង ពិធី​ការិនី​របស់​បណ្ដា​ញ​ទូរទស្សន៍​គ្រប់គ្រង ដោយ​រដ្ឋ​រុស្ស៊ី ដែល​បណ្ដា​ប្រទេស​លោកខាងលិច តែងតែ​ហៅ «​សេក​របស់​ពូ​ទីន​» បានធ្វើ​អត្ថាធិប្បាយ ថា សង្គ្រាម​ថ្មី នឹង​ផ្ទុះឡើង​កាន់តែ​ធំ ក្រោយពេល​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដាក់​ឱសានវាទ នៅ​ចុងបញ្ចប់​រដូវរងា​នេះ​។​

​ទស្សនាវដ្ដី​ព័ត៌មាន​អន​ឡាញ​របស់​សហរដ្ឋអាមេរិក បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២៤ ខែមករា ថា លោកស្រី ម៉ា​ហ្ការី​តា ស៊ី​ម៉ូ​ណូ​វណា ស៊ី​ម៉ុ​ន​យ៉ាន់ (Margarita Simonovna Simonyan) ពិធី​ការិនី និង ជា​និពន្ធ​នាយក​របស់​អង្គការ​បណ្ដាញសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី RT និង Rossiya Segodnya (​រ៉ូ​ស្ស៊ី​យ៉ា សេ​ហ្កូ​ដ​នី​យ៉ា​) បានបញ្ជាក់ ថា សង្គ្រាម​ថ្មី នឹង​ផ្ទុះឡើង​កាន់តែ​ធំ ហើយ​វា​នឹងត្រូវ​ចាប់ផ្តើម នៅ​ចុង​រដូវរងា ក្រោយពេល​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ដាក់​ឱសានវាទ​។​

​លោកស្រី Simonyan បានលើកឡើង នៅក្នុង​ឃ្លី​ប​វីដេអូ​មួយ ហើយ​ត្រូវបាន​បង្ហោះ និង ចែកចាយ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធើរ កាលពី​ថ្ងៃអាទិត្យ ទើបនឹង​កន្លងទៅ​ថ្មីៗ​នេះ ថា ជម្លោះ រវាង​រុស្ស៊ី និង បស្ចិម (​បច្ឆិម​)​លោក ហើយ​អ៊ុយ​ក្រែ​ន អាច​នឹង​រីក​រាលដាល​ឡើង កាន់តែ​ធំ ប្រសិនបើ​ការទាមទារ​របស់លោក ពូ​ទីន មិនបាន​សម្រេច​តាម​បំណង​។​



​ពិធី​ការិនី​រូបនេះ បាន​គូសបញ្ជាក់ អំពី​ការទាមទារ ជំរុញឱ្យមាន​កិច្ចចរចា​សន្តិភាព ដោយ​លោក ពូ​ទីន បានប្រកាស កាលពី​ខែធ្នូ ឆ្នាំ​២០២២​។ លោកស្រី បាន​អះអាង ថា រហូតមកដល់​ពេលនេះ នៅតែ​គ្មាន​ភាគី​ណាមួយ ហាក់បីដូច​ជាមាន​សុច្ឆន្ទៈ នៅក្នុង​ការដកខ្លួន​ថយ ចេញពី​សង្គ្រាម​នេះ​នៅឡើយ ហើយ​សកម្មភាព​បែបនេះ នឹង​នាំឱ្យមាន​ជម្លោះ កាន់តែ​រីកធំឡើង​។​

​ជាមួយគ្នានេះ បណ្ដាញ​ទូរទស្សន៍ គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី បាន​ពិភាក្សាគ្នា អំពី​យុទ្ធសាស្ដ្រ​នានា​ដ៏​ល្អ​បំផុត នឹងត្រូវ​ប្រើប្រាស់ ប្រឆាំងនឹង​សហរដ្ឋអាមេរិក ដោយ​គំនិត​របស់​ពួកគេ រាប់បញ្ចូល​ទាំង​ការសម្លាប់​ដល់​ជនជាតិ​អាមេរិកាំង ជាច្រើន​នាក់​ថែម​ទៀតផង​។ ក្រុម​ពិភាក្សា​ទាំងនោះ បានដាក់​ឈ្មោះ​ជនជាតិ​អាមេរិក​តែមួយគត់ ដែល​ពួកគេ​មិន​ចង់​សម្លាប់ គឺ​ពិធីករ​ទូរទស្សន៍​អាមេរិក លោក ទូក​ឃើ​រ កាល​សុន (Tucker Carlson)​។​

​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២២ បានបញ្ជាក់ ថា គាត់​មាន​គោលបំណង ចង់​ចរចា​ជាមួយ​អ៊ុយ​ក្រែ​ន និង បស្ចិម​លោក ដើម្បី​បញ្ចប់​ជម្លោះ​នេះ​។ ប៉ុន្ដែ​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង បានលើកឡើង ថា សង្គ្រាម​នេះ មិនមែនជា​កំហុសឆ្គង​របស់គាត់​នោះទេ ខណៈ​ការចរចា​នៅតែ​មិនទាន់បាន​ដំណើរការ​ទៅមុខ​រួច​នៅឡើយ​។​

​ប្រធានាធិបតី​រុស្ស៊ី បាន​សង្កត់ធ្ងន់ ថា «​យើង​បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ សម្រាប់​ការចរចា​ជាមួយ​គ្រប់ភាគី​ទាំងអស់ ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ អាច​ទទួលយកបាន​។ ប៉ុន្ដែ​បញ្ហា​ទាំងនេះ គឺ​អាស្រ័យ​លើ​ពួក​បស្ចិម​លោក ហើយ​យើង​មិនដែល​បដិសេធ​នូវ​ការចរចា សម្រាប់​បញ្ហា​ដែល​ពួកគេ​មាន​នោះដែរ​»​។​

​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង រូបនេះ បាន​បន្ដ ថា «​យើង​ជឿ ថា យើង​កំពុង​ធ្វើ​នៅក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ យើង​កំពុងតែ​ការពារ​ផលប្រយោជន៍​ជាតិ​របស់​យើង ផលប្រយោជន៍​របស់​ប្រជាជន​យើង​។ យើង​មិនមាន​ជម្រើស​អ្វី​ផ្សេងទៀត​នោះទេ ប៉ុន្ដែ​យើង​ត្រូវតែ​ការពារ​ប្រជាជន​របស់​យើង​»​។​

​ជាមួយនឹង​ការឆ្លុះបញ្ចាំង អំពី​ជម្លោះ នៅក្នុង​អំឡុង​កម្មវិធី​ទូរទស្សន៍​របស់​រុស្ស៊ី នោះ លោកស្រី Simonyan បាន​អះអាង ថា «​កាលពី​ខែធ្នូ ពូ​ទីន បាន​បញ្ចេញ​សំឡេង អំពី​របៀប​ដែល​យើង​មើលឃើញ អំពី​រឿង​ល្អៗ នៅក្នុង​ជីវិត ដូចជា ចក្ខុវិស័យ​សន្តិសុខរ​បស់​យើង​។ ខ្ញុំ​នៅតែ​ចង់​រក្សា​នូវ​ការអះអាង​របស់ខ្ញុំ ថា នឹងមាន​សង្គ្រាម​ថ្មី រីក​រាលដាល កាន់តែ​ធំ​ឡើង នៅ​ចុងបញ្ចប់ នៃ​រដូវរងារ​នេះ​។ អ្វីៗ​នឹង​កើតឡើង កាន់តែ​ធំ​ទៅ​»​។​

​រុស្ស៊ី បាន​និយាយ​ជា​ដដែល ដោយ​មិនមាន​ភស្ដុតាង ចំពោះ​ការអះអាង​របស់ខ្លួន ថា វា​មាន​ហេតុផល​មួយ នៅក្នុង​ចំណោម​ហេតុផល​ជាច្រើន​ទៀត សម្រាប់​ការធ្វើ​សង្គ្រាម​នេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​របប​ណា​ហ្ស៊ី (neo-nazis) នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ បន្ថែម​ពីលើ​នេះ វិមាន​ក្រឹម​ឡាំង បានទាមទារ​ឲ្យ​អ៊ុយ​ក្រែ​ន ចុះចាញ់ ហើយ​ព្រម​ទទួលស្គាល់​ដែនដី​របស់ខ្លួន ចំនួន​៤​តំបន់ រួមមាន ខឺ​រ​សុន (Kherson) ហ្សា​ប៉ូ​រី​ហ្ស៊ា (Zaporizhzhia) ដែល​ខេត្ត​ទាំង​២​នេះ ស្ថិតនៅ​ខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន និង ដូ​ណែ​ត​ស្ក៍ (Donetsk) និង លូ​ហាន​ស្ក៍ (Luhansk) នៅ​ភាគ​ខាងកើត ប្រទេស ជា​ទឹកដី​របស់​រុស្ស៊ី​។​

​ថ្វីត្បិតតែ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី បានដាក់​តំបន់ Kherson, Zaporizhzhia, Donetsk និង Luhansk ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី កាលពី​ខែកញ្ញា ឆ្នាំ​២០២២ យ៉ាងណាក្ដី ប៉ុន្ដែ​កម្លាំង​ទាហាន​របស់​ក្រុង​មូ​ស្គូ នៅតែ​មិនអាច​គ្រប់គ្រង​តំបន់​ទាំងនោះ បាន​ពេញលេញ នៅឡើយ​។ ក្រោយពេល​ដាក់​ប​ញ្ជូ​ល ជា​ទឹកដី​របស់​រុស្ស៊ី​នោះមក ទាហាន​របស់​ក្រុង​មូ​ស្គូ បាន​បាត់បង់​តំបន់​ជាច្រើន ក្រោយ​ការទទួល​បរាជ័យ​ផ្ទួន ពី​ការវាយលុក​ដ៏​ខ្លាំងក្លា​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​។​

​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ ក្រុង​មូ​ស្គូ និង ក្រុង​កៀវ នៅតែ​មិនទាន់មាន​សញ្ញា​ណាមួយ ឈានដល់​កិច្ចចរចា​សន្ដិភាព​នៅឡើយ ព្រោះ​ក្រុង​មូ​ស្គូ នៅតែ​ចង់​ច្បាម​យក​ខេត្ត​ចំនួន​៤​របស់​អ៊ុយ​ក្រែ​ន ដែល​កម្លាំង​ទាហាន​របស់ខ្លួន​រឹបអូស​បាន នៅក្នុង​អំឡុង​សង្គ្រាម អូសបន្លាយ អស់​រយៈពេល​ជាង​៣៣០​ថ្ងៃ​កន្លងមកនេះ ជា​ទឹកដី​របស់​រុស្ស៊ី ខណៈ​អ៊ុយ​ក្រែ​ន នៅតែ​ចង់អូ​សក​រុស្ស៊ី ឡើង​តុលាការ ក្រោម​ការចោទប្រកាន់ ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​៕​