​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ធ្វើសង្គ្រាម​ចំនួន​២ នៅក្នុងពេល​ដំណាលគ្នា​

ព័ត៌មានអន្តរជាតិ
0
9


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ស្របពេល​អ៊ុយ​ក្រែ​ន កំពុងតែ​ធ្វើសង្គ្រាម ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី នៅលើ​ទឹកដី​របស់ខ្លួន​នោះ មេដឹកនាំ នៃ​ប្រទេស​ដែល​កំពុងតែ​ហែកហួរ ដោយសារ​សង្គ្រាម​មួយ​នេះ ក៏​កំពុងតែ​ប្រយុទ្ធ ប្រឆាំងនឹង​អំពី​ពុករលួយ​បន្ថែមទៀត រហូត​ធ្វើ​មហាអំណាច​កំពូល​របស់​បស្ចិម​លោក បាន​កោតសរសើរ​យ៉ាង​ខ្លាំង ជាមួយនឹង​ការអះអាង អំពី​ការផ្ដល់​ជំនួយ​បន្ដទៀត​។​

​សារព័ត៌មាន US News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​២៥ ខែមករា ថា សមាជិកសភា​របស់​ស​ហ​រដ្ឋ​អាមេរិក មកពី​គណបក្ស​ប្រជាធិបតេយ្យ និង សាធារណរដ្ឋ កាលពី​ថ្ងៃ​អង្គារ បាន​កោតសរសើរ ដល់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន សម្រាប់​ការចាត់វិធានការ​យ៉ាង​ឆាប់រហ័ស ប្រឆាំងនឹង​អំពើពុករលួយ​។ ជាមួយគ្នានេះ តំណាងរាស្ដ្រ​ទាំង​២​គណបក្ស​របស់​ប្រទេស​មហាអំណាច​កំពូល​នៅលើ​លោក​មួយ​នេះ ថែមទាំង​បាន​អះអាង ថា ជំនួយ​យោធា និង មនុស្សធម៌​របស់​សហ​រដ្ឋ​អាមេរិក គួរតែ​បន្ដ ជួយ​ដល់​រដ្ឋាភិបាល​របស់​ប្រធានាធិបតី លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskiy) បន្ថែមទៀត​។​

​ការកោតសរសើរ​រប​ស់​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋ​អាម​រិ​ក បានកើត​ឡើង ស្របគ្នា​នឹង​ក្រុមមន្ដ្រី​ជាន់ខ្ពស់​របស់​អ៊ុយ​ក្រែ​ន មួយចំនួន ត្រូវបាន​បណ្តេញ ចេញពី​មុខតំណែង កាលពី​ថ្ងៃ​អង្គារ ។ នេះ​ជាការ​រង្គោះរង្គើ​ខាង​នយោបាយ​ដ៏​ធំ​បំផុត​មួយ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយពេល​រដ្ឋាភិបាល​ក្រុង​កៀវ បាន​អះអាង ថា លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី កំពុងតែ​ធ្វើ​សកម្មភាព ស៊ីសង្វាក់​គ្នា​ជាមួយ​សាធារណជន​របស់គាត់ បន្ទាប់ពី​មានការ​ចោទប្រកាន់ អំពី​អំពើពុករលួយ​។​


​លោក លីន​សេ ហ្ក្រា​ហាម (Lindsey Graham) សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​សាធារណរដ្ឋ បាន​ថ្លែង​ទៅកាន់​សន្និសីទ​សារព័ត៌មាន ក្រោយ​ការវិលត្រឡប់ មកពី​រដ្ឋធានី​ក្រុង​កៀវ ត្រឹមតែ​រយៈពេល​១​ថ្ងៃ ថា «​នេះ​ជា​ពេលវេលា​កំណត់ សម្រាប់​អ៊ុយ​ក្រែ​ន ហើយក៏​ជា​ពេលវេលា​កំណត់ សម្រាប់​យើងទាំងអស់គ្នា ដូចជា អាល្លឺម៉ង់ សហរដ្ឋអាមេរិក សម្ពន្ធមិត្ត​របស់​យើង​។ យើង​រំពឹង ថា លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី នឹង​ធ្វើតាម​ការសន្យា ដែល​គាត់​បាន​ប្ដេជ្ញា ថា អ៊ុយ​ក្រែ​ន នឹង​លុបបំបាត់​អំពើពុករលួយ​»​។

​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ ថា «​យើង​មាន​ទំនុកចិត្ត​លើ​បញ្ហា​នេះ ហើយ​វា​ជាការ​បោះជំហាន ជា​លើកដំបូង នៅក្នុង​ដំណើរ​ដ៏​វែងឆ្ងាយ សម្រាប់​ការផ្លាស់ប្ដូរ អំពី​របៀប​ធ្វើការ​»​។​

​លោក រី​ឆាដ ប្លូ​មែន​ថ​ល (Richard Blumenthal) សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាធិបតេយ្យ ដែល​រួម​ដំណើរ​ជាមួយ​ដែរនោះ បានបញ្ជាក់ ថា ការបណ្ដេញ​មន្ដ្រីជាន់ខ្ពស់ ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​។ នេះ​ជាការ​បង្ហាញ អំពី​អ្វីដែល​លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​ប្រាប់​ពួកយើង ថា នឹងមិន​មានការ​អត់ធ្មត់ ចំពោះ​ការ​ក្លែងបន្លំ ឬ ការ​កិបកេង​ខ្ជះខ្ជាយ​នោះឡើយ​។ ប៉ុន្ដែ​សកម្មភាព​ពុករលួយ​ទាំងនោះ មិនបាន​បង្ហាញ ថា គ្រឿង​យុទ្ធភណ្ឌ​របស់​សហរដ្ឋ​អាមេរិក មានការ​ជាប់​ព័ន្ធ​នឹង​អំពើពុករលួយ​នោះឡើយ​»​។​

​សមាជិក​ព្រឹទ្ធសភា រូបនេះ បានបញ្ជាក់ ថា «​រហូតមកដល់​ពេលនេះ រាល់​ការត្រួតពិនិត្យ និង ការឆែកឆេរ​ពិនិត្យមើល មិនបាន​បង្ហាញ អំពី​ការកេងបន្លំ ឬ ការ​ខ្ជះខ្ជាយ ហើយក៏​គ្មាន​ការកេងបន្លំ​នូវ​ជំនួយ​យោធា ឬ ជំនួយ​មនុស្សធម៌​រប​ស់​សហរដ្ឋអាមេរិក ដែល​ត្រូវ​បានផ្តល់​ឲ្យ​នោះដែរ​»​។​

​លោក សែ​ល​ដុន វ៉ា​យ​ហាវ (Sheldon Whitehouse) សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាធិបតេយ្យ ដែល​រួម​ដំណើរ​ទៅកាន់​ទីក្រុង​កៀវ បាន​កោតសរសើរ ដល់​កងទ័ព​អ៊ុយ​ក្រែ​ន ចំ​បោះ​ការតាមដាន​គ្រឿង​សឹក ត្រូវបាន​ផ្គត់ផ្គង់ ដោយសារ​សហរដ្ឋអាមេរិក ព្រោះ​ពួកគេ​ដឹង ថា «​យើង​ត្រូវការ​ទំនុកចិត្ត នៅក្នុង​សហរដ្ឋអាមេរិក​»​។​

​សមាជិក​ព្រឹទ្ធសភា​ទាំង​៣​រូបនេះ បានបញ្ជាក់ ថា ជំនួយ​របស់​សហរដ្ឋ​អាមេរិក នឹង​បន្ដ​បញ្ជូន ទៅកាន់​អ៊ុយ​ក្រែ​ន​។ ជាមួយគ្នានេះ លោក ហ្ក្រា​ហាម បាន​សង្កត់ធ្ងន់ ថា «​ខ្ញុំ​ដឹង ថា យើង​មានការ​នឿយណាយ នៅក្នុង​ការចូលរួម​ក្នុង​ជម្លោះ នៅ​ខាងក្រៅ​ប្រទេស​របស់​យើង ប៉ុន្តែ​អ្វីៗ​ទាំងអស់ ដែល​យើង​ប្រកាន់ខ្ជាប់ និង ជាទី​ស្រឡាញ់ នៅក្នុងនាម​ប្រទេសមួយ មាន​ការជាប់​ពាក់ព័ន្ធ​»​។​

​លោក ប៉ាវ​ឡូ ខា​លី​ម៉ុ​ន (Pavlo Khalimon) សមាជិកសភា​របស់​អ៊ុយ​ក្រែ​ន នឹងត្រូវ​បណ្តេញ​ចេញពី​គណបក្ស​របស់លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ដោយសារ​តែមាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ អំពី​ការប៉ុនប៉ង​លាក់បាំង​នូវ​ការទិញ​វិឡា​ដ៏​ទំនើប​មួយកន្លែង នៅក្នុង​រដ្ឋធានី​កៀវ​។ បើតាម​ការស៊ើបអង្កេត​របស់​កាសែត Ukrainska Pravda (​អ៊ុយ​ក្រែ​ន​ស្កា ប្រាវ​ដា​) បានបង្ហាញ ថា លោក Pavlo Khalimon បាន​ទិញ​វិមាន​ដ៏​ប្រណីត​មួយកន្លែង នៅ​កណ្តាល​ទីក្រុង​កៀវ កាលពី​រដូវក្តៅ ឆ្នាំ​២០២២ ដោយបាន​ដាក់ឈ្មោះ​មនុស្ស​ផ្សេង​។​

​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ ក្រុមមន្ត្រី​ជាន់ខ្ពស់​ជាច្រើន​នាក់​របស់​អ៊ុយ​ក្រែ​ន បានប្រកាស អំពី​ការលាលែង​មុខតំណែង​របស់​ពួកគេ កាលពី​ថ្ងៃ​អង្គារ ចំពេល​លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​អះអាង ថា នឹងមាន​ការផ្លាស់ប្តូរ​មន្ដ្រី​មួយចំនួន នៅក្នុង​រដ្ឋាភិបាល​រប​ស់គា​ត់​។ ស្របគ្នា​នេះដែរ លោក វៀ​ចេ​ស្លា​វ សា​ប៉ូ​វ៉ា​ឡូ​វ (Viacheslav Shapovalov) អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទទួលបន្ទុក​ផ្នែក​ភស្តុភារ សម្រាប់​កងទ័ព​អ៊ុយ​ក្រែ​ន ក៏បាន​លាលែង​មុខតំណែង​របស់គាត់ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ ជុំវិញ​រឿងអាស្រូវ​ផ្គត់ផ្គង់​ស្បៀង ប៉ុន្ដែ​គាត់​បាន​បដិសេធ​។​

​លោក អូ​ឡែក​ស៊ី ស៊ី​ម៉ូ​ណែន​កូ (Oleksiy Symonenko) អគ្គ​រដ្ឋអាជ្ញារង និង លោក គី​រី​ឡូ ទី​ម៉ូ​សែន​កូ (Kyrylo Tymoshenko) អនុប្រធាន​ខុទ្ទកាល័យ​របស់លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ក៏បាន​ប្រកាស​លាលែង ពី​តំណែង ដោយ​មិនបាន​ប្រាប់ អំពី​ហេតុផល សម្រាប់​ការចាកចេញ​របស់​ពួកគេ​៕​