​រុស្ស៊ី ត្រៀមខ្លួន​កម្ទេច​រថក្រោះ​ដ៏​ទំនើប​របស់​អាមេរិក​និង​អាល្លឺម៉ង់ នៅ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
57



​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយពេល​សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ បានសម្រេច​ផ្គត់ផ្គង់​រថក្រោះ​ដ៏​ទំនើប​បំផុត​របស់ខ្លួន រាប់សិប​គ្រឿង បញ្ជូន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ជាមួយនឹង​ព្យាករណ៍ អំពី​ការធ្វើ​ឲ្យ​ប្រែប្រួល​ស្ថានការណ៍​សង្គ្រាម​នោះ កំពុងតែ​ធ្វើ​ឲ្យ​រុស្ស៊ី ខឹងច្រឡោត​យ៉ាងខ្លាំង ហើយ​ព្រមាន អំពី​ការកម្ទេច​រថក្រោះ​ទាំងនោះ​ចោល​។​

​សារព័ត៌មាន Newsweek បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​២៥ ខែមករា ថា ជាមួយនឹង​សេចក្ដីរាយការណ៍​ជាច្រើន អំពី​ក្រុមមន្ដ្រី​សហរដ្ឋអាមេរិក កំពុងតែ​អះអាង ថា រដ្ឋបាល​របស់​ប្រធានាធិបតី លោក ចូ បៃ​ដិ​ន (Joe Bdiden) នឹង​ចេញ​សេចក្ដីប្រកាស​ជាបន្ទាន់​មួយ​នូវ​ការសម្រេចចិត្ត ផ្គត់ផ្គង់​រថក្រោះ ប្រភេទ M1A2 Abrams ចំនួន​៣០​គ្រឿង បញ្ជូន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន នោះ ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក៏បាន​អះអាង ថា រថក្រោះ​ទំនើបៗ​ទាំងនោះ នឹងត្រូវ​ទាហាន​រុស្ស៊ី ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន វាយប្រហារ​កម្ទេចចោល ជាមួយនឹង​ជំនួយ​យោធា​របស់​សម្ពន្ធមិត្ត​លោកខាងលិច​ផ្សេងៗ​ទៀត​។​

ពាណិជ្ជកម្ម


​លោក អាណា​តូ​លី អាន​តូ​ណូ​វ (Anatoly Antonov) ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​នៅ​សហរដ្ឋអាមេរិក បាន​ប្រាប់​ដល់​ទស្សនាវដ្ដី​ព័ត៌មាន​អន​ឡាញ Newsweek ថា «​នៅក្នុង​វិបត្ដិ​អ៊ុយ​ក្រែ​ន អស់​រយៈពេល​ជាង​១១​ខែ​កន្លងមកនេះ រដ្ឋបាល​របស់​សហរ​ដ្ឋ​អាមេរិក បាន​ប្រើ​បច្ចេកទេស​ផ្សព្វផ្សាយ​ព័ត៌មាន នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដដែលៗ នៅមុន​ថ្ងៃ​ប្រគល់​គ្រឿង​សព្វាវុធ និង សម្ភារ​យោធា​សំខាន់ៗ ផ្គត់ផ្គង់​ដល់​របប​គ្រប់គ្រង​របស់​ក្រុង​កៀវ​»​។​

​អ្នកការទូត​ជាន់ខ្ពស់​រុស្ស៊ី ទើបនឹង​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី លោកស្រី លីន​នេ ត្រា​ស៊ី (Lynne Tracy) នៅក្នុង​រដ្ឋធានី​ក្រុង​វ៉ាស៊ីនតោន កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ មុនពេល​លោកស្រី ធ្វើដំណើរ​ទៅកាន់​ទីក្រុង​មូ​ស្គូ បាន​អះអាង ថា ការបញ្ជូន​គ្រឿង​សឹក​ចុង​ក្រោយនេះ នឹង​បង្ហាញ អំពី​ការបង្កើន​នូវ​កិច្ច​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក បន្ថែមទៀត ជួយ​ដល់​អ៊ុយ​ក្រែ​ន​។ សកម្មភាព​របស់​ក្រុង​វ៉ាស៊ីនតោន បង្ហាញ ថា អាមេរិក កំពុងតែ​បង្កើន​នូវ​ជំនួយ​យោធា ជួយ​ដល់​រដ្ឋាភិបាល​អាយ៉ង​របស់ខ្លួន ស្របពេល​កម្លាំងប្រដាប់អាវុធ​របស់​រុស្ស៊ី បានទទួល​ជ័យជម្នះ កាលពីពេល​ថ្មីៗ ដោយ​ក្រុង​មូ​ស្គូ មាន​ទំនុកចិត្ត អំពី​ការទប់ស្កាត់​នូវ​ការគំរាមកំហែង​របស់​របប​ណា​ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​»​។​

​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelensky) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ដែលជា​ជន​ជ្វី​ប និង ក្រុមមន្ដ្រី​របស់គាត់ បាន​ទាត់ចោល ចំពោះ​ការជាប់​ពាក់ព័ន្ធ​ណាមួយ​ជាមួយនឹង​របប​ណា​ហ្ស៊ី ឬ គោលបំណង​របស់​ក្រុង​កៀវ ចូលរួម​ជាមួយនឹង​សម្ពន្ធមិត្ត​យោធា​ណា​តូ ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក នាំ​ឲ្យ​មាននូវ​ការបង្ក​ការគំរាមកំហែង ដល់​ប្រទេស​រុស្ស៊ី​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រុង​មូ​ស្គូ បានបង្ហាញ អំពី​ជម្លោះ​នេះ ថា ជា​ផ្នែក​មួយ នៃ​មនោគមវិជ្ជា និង សន្តិសុខ​ជាតិ ខណៈ​អង្គការ​ណា​តូ បាន​ពង្រីក​វត្តមាន​យោធា​របស់ខ្លួន នៅលើ​ទឹកដី​របស់​អតីត​ដែនដី​ក្រោម​ឥទ្ធិពល​សូ​វៀត នៅ​តំបន់​អឺរ៉ុប​ខាងកើត ហើយ​បានចាប់ផ្តើម​ផ្តល់ជំនួយ​ផ្នែក​យោធា ជួយ​ដល់​អ៊ុយ​ក្រែ​ន ក្រោយ​ការកើតឡើង​នូវ​ភាពចលាចល ជា​លើកដំបូង នៅក្នុង​ឆ្នាំ​២០១៤ ជាមួយនឹង​ការគាំទ្រ​របស់លោក​ខាងលិច ជួយ​ដល់​ក្រុង​កៀវ​។​

​លោក Antonov ឯកអគ្គរដ្ឋទូត​រុស្ស៊ី រូបនេះ បាន​វាយតម្លៃ ថា កម្លាំង​ទាហាន​រុស្ស៊ី នឹង​កម្ទេច​គ្រឿង​សព្វាវុធ​ទាំងអស់​របស់​ប្លុក​លោកខាងលិច នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​រួមទាំង​រថក្រោះ​ដ៏​ទំនើប​របស់​សហរដ្ឋអាមេរិក ផងដែរ​។​

​ទោះជា​យ៉ាងណា មេដឹកនាំ​អ៊ុយ​ក្រែ​ន និង រដ្ឋាភិបាល​របស់គាត់ នៅតែ​បន្ដ​អំពាវនាវ ជំរុញ​ឲ្យ​មាន​កិច្ច​គាំទ្រ កាន់តែខ្លាំង​ឡើង​បន្ថែមទៀត ពី​អង្គការ​ណា​តូ​។ ជាមួយគ្នានេះ លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បានចេញ​នូវ​ការ​អង្វរករ ដោយផ្ទាល់​ខ្លួន ស្នើសុំ​រថក្រោះ ប្រព័ន្ធ​ការពារ​ដែនអាកាស កាំភ្លើង​ធំ និង គ្រឿង​ចម្បាំង​ដទៃទៀត នៅក្នុង​ការ​ថ្លែង​ជា​វីដេអូ ទៅកាន់​ក្រុម​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ នៃ​ប្រទេស ប្រហែល​៥០ កំពុងតែ​ប្រមូល​ផ្ដុំគ្នា នៅឯ​មូលដ្ឋាន​កងទ័ពអាកាស​របស់​សហរដ្ឋអាមេរិក Ramstain ស្ថិត​ក្នុងប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃ​សុក្រ​។​

​រហូតមកដល់​ពេលនេះ កងទ័ព​អ៊ុយ​ក្រែ​ន បាន​ប្រើប្រាស់​គ្រឿង​សឹក​របស់​សហរដ្ឋអាមេរិក រួចមកហើយ រួមមាន ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត HIMARS និង ប្រព័ន្ធ​ការពារ​អាកាស FIM-92 នៅក្នុង​ចំណោម​គ្រឿងយុទ្ធោបករណ៍​ជាច្រើន​ទៀត​។ ចំណែក​ការផ្ទេរ​រថក្រោះ​ដ៏​ទំនើប M1A2 Abrams រាប់សិប​គ្រឿង​នេះ នឹង​ជាការ​បោះជំហាន​ទៅមុខ​ដ៏​សំខាន់ នៅក្នុង​កិច្ច​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក ជួយ​ដល់​ក្រុង​កៀវ ក្រោយ​ការទទួលបាន​រថ​ចម្បាំង​របស់​សហរដ្ឋអាមេរិក Bradley ។​

​លោក ណែ​ត ប្រាយ (Ned Price) អ្នកនាំពាក្យ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក និង លោក ច​ន ឃើ​រ​ប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខ​ជាតិ ប្រចាំ​សេត​វិមាន បាន​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន ថា ជំនួយ​សន្ដិសុខ​របស់​សហរដ្ឋអាមេរិក មាន​គោលបំណង អនុញ្ញាត​ឲ្យ​ក្រុង​កៀវ រំដោះទឹកដី​របស់​ពួក គេ​ត្រឡប់មកវិញ​។ ឧបទ្វីប​គ្រី​មៀ ជា​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ដែល​បង្ហាញ​សញ្ញា ថា ឧបទ្វីប​យុទ្ធសាស្ដ្រ​នេះ កំពុងតែ​ក្លាយជា​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​រុស្ស៊ី ប្រចាំ​សមុទ្រ​ខ្មៅ អាច​នឹងត្រូវ​កំណត់​គោលដៅ ដោយ​ការប្រើប្រាស់​គ្រឿង​ចម្បាំង​របស់​សហរដ្ឋអាមេរិក​៕​