កងទ័ព​សហរដ្ឋអាមេរិក បង្កើន​ការផលិត​កាំភ្លើង​ធំ​ច្រើន​លើសពី​ធម្មតា ព្រោះ​ជួយ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
23


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ដោយសារតែ​សង្គ្រាម រវាង​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន និង កម្លាំង​ទាហាន​រុស្ស៊ី បានអូសបន្លាយ អស់​រយៈពេល​៣៣៨​ថ្ងៃ គិត​ត្រឹម ថ្ងៃទី​២៧ ខែមករា ខណៈ​ការ​វាយ​ប្រយុទ្ធ​កំពុងតែបន្ដ មាន​ភាព​សាហាវ​កាន់តែ​ឃោរឃៅ​ឡើង ហើយ​ការបាញ់​ផ្លោង​ដាក់គ្នា នៅក្នុង​មួយថ្ងៃៗ មាន​ចំនួន​រាប់សិប​ពាន់​គ្រាប់ ទើប​ធ្វើ​រដ្ឋាភិបាល​ក្រុង​កៀវ មាន​តម្រូវការ​គ្រាប់កាំភ្លើង​ផ្លោង កាន់តែ​ច្រើនឡើង រហូត​ជំរុញ​ឲ្យ​កងទ័ព​សហរដ្ឋអាមេរិក បង្កើន​នូវ​ការផលិត​បន្ថែម សម្រាប់​ការជួយ​ផ្គត់ផ្គង់​បន្ថែមទៀត​។​

​សារព័ត៌មាន Defense News បានចេញ​ផ្សាយ ថា បើតាម​ប្រធាន​ផ្នែក​ទិញ​គ្រឿង​សព្វាវុធ​របស់​កងទ័ព​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង ថា ដោយសារតែ​កងទ័ព​អ៊ុយ​ក្រែ​ន ប្រើប្រាស់​គ្រាប់កាំភ្លើង​ផ្លោង រាប់ពាន់​គ្រាប់​ជាប្រចាំ​ថ្ងៃ វាយលុក​ទៅលើ​ទាហាន​រុស្ស៊ី នោះ កងទ័ព​សហរដ្ឋអាមេរិក ក៏​កំពុងតែ​បង្កើន​នូវ​សកម្មភាព​យ៉ាង​លឿន ដើម្បី​ពង្រីក​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក ប្រភេទ គ្រាប់កាំភ្លើង​ផ្លោង ទំហំ​១៥៥​មិល្លីម៉ែត្រ​។​

​ក្រុមមន្ដ្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា កាលពី​ឆ្នាំមុន កងទ័ព​អ៊ុយ​ក្រែ​ន បាន​ប្រើប្រាស់​គ្រាប់កាំភ្លើង​ផ្លោង ក្នុង​មួយថ្ងៃៗ ប្រហែល ៣ ០០០​គ្រាប់ ខណៈ​ឯកសារ​ការពិត​របស់​មន្ទីរ​បញ្ច​កោណ បានចេញ​ផ្សាយ នៅក្នុង​សប្តាហ៍​នេះ អះអាង ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​បញ្ជូន​គ្រាប់កាំភ្លើង​ធំ ទំហំ​១៥៥​មិល្លីម៉ែត្រ ជាង​១​លាន​គ្រាប់ ទៅកាន់​ប្រទេស​ដែល​កំពុងតែ​ហែកហួរ​ដោយសារ​សង្គ្រាម​មួយ​នេះ​រួចរាល់​ហើយ​។​

​បើតាម​សារព័ត៌មាន​ដ៏​ល្បីល្បាញ​មួយ​របស់​សហរដ្ឋអាមេរិក New York Times បាន​រាយការណ៍ នៅ​សប្ដាហ៍​នេះ ថា មុនពេល​មាន​សង្គ្រាម​បាន​ផ្ទុះឡើង នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន សហរដ្ឋអាមេរិក អាច​ផលិត​គ្រាប់កាំភ្លើង​ធំ ទំហំ​១៥៥​មិល្លីម៉ែត្រ ប្រមាណ ១៤ ៤០០​គ្រាប់ នៅក្នុង​រយៈពេល​មួយខែ​។ ប៉ុន្តែ​ស្របពេល​កងទ័ព​អ៊ុយ​ក្រែ​ន កំពុងតែ​ធ្វើសង្គ្រាម វាយលុក​ទប់ទល់​នឹង​កម្លាំង​ទាហាន​រុស្ស៊ី ជាមួយនឹង​កាំភ្លើង​ផ្លោង​របស់​ពួកគេ ទើប​ទាមទារ​ឲ្យ​មានការ​ផ្គត់ផ្គង់​គ្រាប់​កាន់តែ​ច្រើនឡើង​បន្ថែមទៀត​។ កងទ័ព​សហរដ្ឋអាមេរិក កំពុងតែ​រំពឹង ថា នឹង​បង្កើន​នូវ​ការផលិត រហូតដល់​ប្រហែល ៩០ ០០០​គ្រាប់ នៅក្នុង​រយៈពេល​មួយខែ​។​

​លោក ឌូ​គ ប៊ូ​ស (Doug Bush) ប្រធាន​ផ្នែក​ទិញ​គ្រឿង​សព្វាវុធ​របស់​កងទ័ព​សហរដ្ឋអាមេរិក បាន​ថ្លែង នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ពុធ ដោយ​មិនបាន​បញ្ជាក់ អំពី​គោលដៅ​នៃ​ការផលិត​គ្រាប់​របស់​កងទ័ព​នោះឡើយ​។ ប៉ុន្ដែ​គាត់​បាន​អះអាង ថា កងទ័ព​ចង់​បង្កើន​នូវ​ការផលិត​គ្រាប់​ប្រភេទ​នេះ ដោយ​រួមទាំង​គ្រាប់កាំភ្លើង​ផ្សេងៗ​ទៀត​។​

​លោក ឌូ​គ ប៊ូ​ស (Doug Bush) បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន ថា «​រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានចាប់ផ្ដើម​ធ្វើការ​ជាមួយនឹង​ដៃគូ​បរទេស កាលពី​ឆ្នាំមុន ដើម្បី​បង្កើន​នូវ​សមត្ថភាព​ផលិតកម្ម សម្រាប់​ផលិត​គ្រាប់កាំភ្លើង​ផ្លោង ទំហំ​១៥៥​មិល្លីម៉ែត្រ​។ ឥឡូវ យើង​កំពុងតែ​ស្វែងរក និង សម្លឹងមើល នៅ​ទូទាំង​ពិភពលោក អំពី​ប្រភព​ផ្សេងៗ រួមទាំង ផលិតកម្ម​បរទេស ដើម្បី​ឲ្យ​ប្រាកដថា អ៊ុយ​ក្រែ​ន មាន​អ្វីៗ​ដែល​ពួកគេ​ត្រូវការ​។ ចំណែក​កងទ័ព​សហរ​ដ្ឋ​អាមេរិក ក៏​កំពុងតែ​ដោះស្រាយ លើ​បញ្ហា​ទាំងអស់នេះ​។​

​សហរដ្ឋ​អាម​រិ​ក បាន​ផ្គត់ផ្គង់​ជំនួយ​យោធា មាន​ទំហំ​ទឹកប្រាក់ ប្រហែល​ជាង​២៧​ពាន់​លាន​ដុល្លារ ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់តាំងពី​រុស្ស៊ី បាន​ចូល​ឈ្លានពាន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមកដល់​ពេលនេះ​។ ចំណែក​ការប្រកាស​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) អំពី​ការផ្គត់ផ្គង់​រថក្រោះ​ប្រយុទ្ធ​ធុន​ធ្ងន់ ប្រភេទ M1 Abrams (​អឹម​មួយ​អេ​ប្រាម​ស៍​) ចំនួន​៣១​គ្រឿង កាលពី​ថ្ងៃ​ពុធ ក៏​ជាការ​បោះជំហាន​ថ្មី​មួយ​បន្ថែមទៀត គាំទ្រ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ ដែល​កំពុងតែ​ធ្វើសង្គ្រាម រំដោះទឹកដី និង ការពារ​សេរីភាព​របស់​ពួកគេ​៕