នាយអគ្គសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក និយាយ​ជា​ចំហ​ថា ចិន​ប្រឈម​នឹង​គ្រោះអាសន្ន​ធំ បើ​ឈ្លានពាន​តៃវ៉ាន់​

ព័ត៌មានអន្តរជាតិ
0
21


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ជាមួយនឹង​ការលូតលាស់​ខាង​សេដ្ឋកិច្ច​យ៉ាងខ្លាំង រហូត​ក្លាយជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​លេខ​២ នៅលើ​ពិភពលោក ជំរុញ​ឲ្យ​ក្រុង​ប៉េកាំង ធ្វើ​យោ​ធូប​នីយកម្ម​យ៉ាង​ឆាប់រហ័ស ដោយមាន​គោលបំណង ចង់​ឲ្យ​កម្លាំងយោធា ស្មើ ឬ វ៉ា​សហរដ្ឋអាមេរិក ទើប​មេទ័ព​កំពូល​ចម្រុះ ដឹកនាំ​ទាំង​កងទ័ពជើងគោក អាកាស និង ជើង​ទឹក បានចេញ​មុខមក​ថ្លែង​ជា​ចំហ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ថា ក្រុង​វ៉ាស៊ីនតោន នឹងមិន​អនុញ្ញាត​ឲ្យ​ចិន ត្រួតត្រា​ពិភពលោក ឬ ក្រោយ​ជា​មហាអំណាច​យោធា​លេខ​១​នោះឡើយ​។​

​សារព័ត៌មាន East Asia Forum បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមករា ថា នៅក្នុង​ជំនួប​តាម​អន​ឡាញ​ជាមួយនឹង​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១​នោះ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) បានស្នើ​ឲ្យ​មាន​របាំង​ដ៏​រឹងមាំ​មួយ សម្រាប់​ទំនាក់ទំនង រវាង​ក្រុង​វ៉ាស៊ីនតោន និង ក្រុង​ប៉េកាំង​។ សំណើ​របស់លោក​ប្រធានាធិបតី បៃ​ដិ​ន បាន​ឆ្លុះបញ្ចាំង អំពី​ការព្រួយបារម្ភ កាន់តែខ្លាំង​ឡើង អំពី​ការ​ប្រ​ឈ​មុខ​ដាក់គ្នា នាពេល​អនាគត អំពី​ការ​គណនា​ខុស ឬ មាន​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ កាន់តែ​ធ្លាក់ចុះ​ខ្លាំង​។​



​បណ្ដាញ​ផ្សព្វផ្សាយ​ល្បីៗ​របស់លោក​ខាងលិច បាន​រាយការណ៍ ថា លោក​ឧត្ដមសេនីយ៍ ម៉ាក មី​ល​ឡេ (Mark Milley) នាយអគ្គសេនាធិការ​ចម្រុះ​របស់​កងទ័ព​សហ​រដ្ឋ​អាមេរិក បាន​ថ្លែង នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ចំហ​មួយ កាលពីពេល​កន្លងទៅនេះ ថា ចិន កាលពី​ឆ្នាំ​២០១៥ បានដាក់​គោលដៅ នៅត្រឹម​ឆ្នាំ​២០២៧ នឹងធ្វើ​ឲ្យ​វិស័យ​យោធា​របស់ខ្លួន ក៏ដូចជា សេដ្ឋកិច្ច តាម​ឲ្យ​ទាន់​សហរដ្ឋអាមេរិក ហើយ​នៅ​ឆ្នាំ​២០៤០ នឹង​ក្លាយជា​មហាអំណាច​លេខ​១​ខាង​យោធា នៅលើ​ពិភពលោក​។ ការ​ព​ង្រឹ​ក​ខ្លួន​របស់​ចិន ដោយសារតែ​មើលឃើញ អំពី​សេដ្ឋកិច្ច​រីកចម្រើន​រប​ស់​ខ្លួន ហើយ​ទិញ​គ្រឿង​សឹក និង បង្កើន​កម្លាំង​កងទ័ព ដែល​ទើបនឹង​ងើប​ចេញពី​កងទ័ព​កសិករ​។​

​លោក​ឧត្ដមសេនីយ៍ ផ្កាយ​៤ ដឹកនាំ​កងទ័ពជើងទឹក ជើងគោក និង កងទ័ពអាកាស​របស់​សហរដ្ឋអាមេរិក រូបនេះ បាន​សង្កត់ធ្ងន់ ថា នៅក្នុង​អំឡុងពេល​ដូចគ្នានេះ សហរដ្ឋអាមេរិក ក៏​មិន​នៅ​ស្ងៀម​នោះដែរ​។ សហរដ្ឋអាមេរិក នឹង​បង្កើន​សកម្មភាព កាន់តែខ្លាំង​ក្លា​ឡើង ហើយ​សហរដ្ឋអាមេរិក នឹងមិន​អនុញ្ញាត​ឲ្យ​ចិន នាំមុខ ឬ ក្លាយជា​មហាអំណាច​លេខ​១ នៅលើ​ពិភពលោក នាំមុខ​សហរដ្ឋអាមេរិក នោះឡើយ​។ សហរដ្ឋអាមេរិក នៅតែ​បន្ដ​ឈរ​លេខ​១ គ្រប់​សម័យកាល​។​

​លោក​ឧត្ដមសេនីយ៍ បាន​បន្ថែម ថា មេរៀន នៃ​សង្គ្រាម​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​អាមេរិក កំពុងតែ​សិក្សា អំពី​បញ្ហា​នេះ​។ កងទ័ព​សហរដ្ឋអាមេរិក ជា​ម៉ាស៊ីន​សង្គ្រាម បាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​សង្គ្រាម និង ការប្រយុទ្ធ​នៅក្នុង​សង្គ្រាម​។ ដោយឡែក ការវាយលុក​ទៅលើ​តៃវ៉ាន់ នឹងធ្វើ​ឲ្យ​ចិន ខូចខាត​នូវ​មហិច្ឆតា ដែល​ចិញ្ចឹមចិត្ត អស់​រយៈពេល​ជា​យូរ​មកហើយ​នោះ​។​

​លោក​ឧត្ដមសេនីយ៍ ផ្កាយ​៤ នាយអគ្គសេនាធិការ​ចម្រុះ​កងទ័ព​សហរដ្ឋអាមេរិក បាន​បន្ដ ថា កងទ័ព​រំដោះប្រជាជន​ចិន អាច​បាញ់​ផ្លោង ឬ វាយប្រហារ តាម​អាកាស សំដៅ​ទៅលើ​កោះ​តៃវ៉ាន់ បាន​។ ប៉ុន្ដែ​ពួកគេ អាច​ប្រឈមមុខ នឹង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​បំផុត ប្រសិនបើ​ពួកគេ​ហ៊ាន ឆ្លងកាត់​សមុទ្រ​ចិន វាយលុក​ចូល​ដណ្ដើម​កាន់កាប់​ដែន​កោះ​មួយ​នេះ ព្រោះ​ទាហាន​ចិន មិន​ធ្លាប់មាន​បទពិសោធន៍ ធ្វើសង្គ្រាម ឆ្លងកាត់​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​បែបនេះ​ឡើយ​។​


​សង្គ្រាម​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន បានផ្ដល់​ជា​មេរៀន​យ៉ាងសំខាន់ៗ​ជាច្រើន សម្រាប់​តៃវ៉ាន់ ត្រូវ​រៀនសូត្រ ហើយ​សូម្បីតែ​សហរដ្ឋអាមេរិក កងទ័ព​ចិន និង ប្រទេស​ផ្សេងៗ​ទៀត ក៏​ត្រូវតែ​រៀនសូត្រ​ផងដែរ​។ ចំណែក កងទ័ព​រំដោះប្រជាជន​ចិន មិន​ធ្លាប់​ចូលប្រឡូក នៅក្នុង​សង្គ្រាម​នោះឡើយ ចាប់តាំងពី​ការផ្ទុះ​ជម្លោះ​ជាមួយនឹង​វៀតណាម នៅក្នុង​អំឡុង​ឆ្នាំ​១៩៧៩ រហូតមក​។

​ដោយឡែក តៃវ៉ាន់ មាន​ភូមិសាស្ដ្រ​ដ៏​ល្អ​បំផុត សម្រាប់​កងទ័ព​របស់​ដែន​កោះ​មួយ​នេះ ដោយសារ​វា​សម្បូរ​ទៅដោយ​ភ្នំ និង ព្រៃឈើ​។ ប៉ុន្ដែ​ភូមិសាស្ដ្រ​របស់​ដែន​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ ពិតជា​មានការ​លំបាក​ខ្លាំង​បំផុត នៅក្នុង​ធ្វើសង្គ្រាម វាយ​ដណ្ដើម​កាន់កាប់ ពី​កងទ័ព​រំដោះប្រជាជន​ចិន ខណៈ​កម្លាំង​ទាហាន​របស់​ប្រទេស​មហា​យក្ស​អាស៊ី​មួយ​នេះ មិនមាន​បទពិសោធន៍​ច្រើន នៅក្នុង​ការធ្វើ​សង្គ្រាម ឆ្លងកាត់​សមុទ្រ​ចិន​។ ដូច្នេះ បើសិន​បើ​ចិន​ឈ្លានពាន​កោះ​តៃវ៉ាន់ នឹង​ជួប​គ្រោះអាសន្ន​ធំ​។​

​លោក ច​ន ក័​រ​នី​ន (John Cornyn) សមាជិក ព្រឹទ្ធសភា​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ការចំណាយ​ទៅលើ​ការឈ្លានពាន នៅលើ​កោះ​តៃវ៉ាន់ នឹងត្រូវ​ខាតបង់​ច្រើន​ខ្លាំងណាស់​។​

​លោក អេ​ន​ដ័​រ ហ្វ​គ រ៉ា​ស្មូ​ស​សេន (Anders Fogh Rasmussen) អតីត​អគ្គលេខាធិការ អង្គការ​ណា​តូ និង ជា​អតីត​នាយករដ្ឋមន្ដ្រី​ដា​ណឺ​ម៉ាក បានបញ្ជាក់ កាលពី​ថ្ងៃទី​៦ ខែមករា នៅក្នុង​ទីក្រុង​តៃប៉ិ ថា ការចំណាយ​លើ​ការឈ្លានពាន ប្រឆាំងនឹង​តៃវ៉ាន់ នឹងត្រូវ​ខាតបង់​ខ្ពស់​ខ្លាំងណាស់​។ ដូច្នេះ​មេដឹកនាំ​ក្រុង​ប៉េកាំង ត្រូវតែ​គិតគូរ យ៉ាងហោចណាស់​ឲ្យ​បាន​ពីរដង​ផងដែរ​។ ចំណែក​សម្ពន្ធមិត្ត​ទាំងអស់​របស់​តៃវ៉ាន់ រួមទាំង​បណ្តា​ប្រទេស នៅ​អឺរ៉ុប អាច​នឹង​ដើរតួនាទី​ជា​អាជ្ញាកណ្តាល​»៕​