តួ​ក​គី ខឹង​ស៊ុយអែត​មិន​ព្រមធ្វើ​បត្យាប័ន នៅតែ​បន្ដ​រារាំង​ចូល​ជា​សមាជិក​ណា​តូ​

ព័ត៌មានអន្តរជាតិ
0
6


​រដ្ឋធានី​អង់កា​រ៉ា​(Ankara)៖ សង្គ្រាម​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បានធ្វើ​ឲ្យ​ប្រទេស​ស៊ុយ​ក្រែ​ន និង ហ្វាំ​ង​ឡង់​ដ៍ បោះបង់ចោល​នូវ​គោលនយោបាយ​អព្យាក្រឹតរ​បស់​ខ្លួន ដែល​បាន​ប្រកាន់ខ្ជាប់ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​នោះ​ចោល ហើយ​ងាក​ទៅ​ដាក់ពាក្យ​ចូល ជា​សមាជិក​របស់​អង្គការ​ណា​តូ ប៉ុន្ដែ​តួ​ក​គី និង ហុង​គ្រី នៅតែ​រារាំង​ដល់​ប្រទេស​អឺរ៉ុប​ខាងជើង​ទាំង​២​នេះ ចូលរួម នៅក្នុង​អង្គការ​សម្ពន្ធមិត្ត​យោធា​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក​មួយ​នេះ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​៣០ ខែមករា ថា ប្រធានាធិបតី​តួ​ក​គី លោក រេ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep Tayyip Erdogan) បានបង្ហាញ​សញ្ញា ថា រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​របស់គាត់ អាចនឹងទទួល​យក​ហ្វាំ​ង​ឡង់​ដ៍ ឲ្យ​ចូលទៅក្នុង​អង្គការ​ណា​តូ មុនពេល​មាន​វិធានការ​ណាមួយ ទៅលើ​ប្រទេស​អឺរ៉ុប​ខាងជើង ដែលមាន​ព្រំដែន​ជាប់​គ្នា​ជាមួយនឹង​ស៊ុយអែត​។​

​លោក អេ​ដូ​ហ្គេ​ន បាន​ថ្លែង ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ ក្រោយពេល​ក្រុង​អង់កា​រ៉ា បាន​ផ្អាក​នូវ​កិច្ចពិភាក្សា ស្តីអំពី​ការចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ ជាមួយ​ប្រទេស​ទាំងពីរ បន្ទាប់ពី​មានការ​តវ៉ា នៅ​ទីក្រុង​ស្ដុក​ខម (Stockholm) ដែល​ក្នុងនោះ​មាន​អ្នកនយោបាយ​ស្តាំនិយម​ម្នាក់ បាន​ដុត​គម្ពីរ​គូ​រ៉ា​ន់ (Quran) ថតចម្លង​របស់​សាសនា​អ៊ិ​ស្លាម​។​

​ប្រធានាធិបតី​តួ​ក​គី បានបញ្ជាក់ នៅ​សុន្ទរកថា ចាក់ផ្សាយ តាម​ទូរទស្សន៍ កាលពី​ថ្ងៃអាទិត្យ ថា «​យើង​អាច​ផ្តល់​សារ​ផ្សេង ទៅកាន់​ហ្វាំ​ង​ឡង់​ដ៍ នៅលើ​កម្មវិធី​អង្គការ​ណា​តូ​របស់​ពួកគេ ហើយ​ស៊ុយអែត នឹង​ភ្ញាក់ផ្អើល ខណៈ​ក្រុង​ស្ដុក​ខម ឃើញ​សារ​របស់​យើង​។ ប៉ុន្តែ​ហ្វាំ​ង​ឡង់​ដ៍ មិនគួរ​ធ្វើ​ឲ្យ​មាន​កំហុស​ដូចគ្នា​នឹង​ស៊ុយអែត បានធ្វើ​នោះឡើយ​»​។​

​ប្រទេស​ស៊ុយអែត និង ហ្វាំ​ង​ឡង់​ដ៍ កាលពី​ឆ្នាំមុន បានដាក់​ពាក្យ ចូលរួម​ជាមួយ​អង្គកា​រណា​តូ ក្រោយ​ការ​លុកលុយ​របស់​រុស្ស៊ី ទៅលើ​អ៊ុយ​ក្រែ​ន ដោយបាន​បោះបង់ចោល​នូវ​ការ​គោលនយោបាយ មិន​ចូលបក្ស​សម្ព័ន្ធ​យោធា អស់​រយៈពេល​ជា​យូរអង្វែង​របស់​ពួកគេ​។​

​ការចូលរួម​ជាមួយនឹង​អង្គការ​ណា​តូ ត្រូវមាន​ការយល់ព្រម ពី​សមាជិក​ទាំង​៣០​របស់​អង្គការ​សម្ពន្ធមិត្ត​យោធា​មួយ​នេះ​។ ចំណែក​តួ​ក​គី និង ហុង​គ្រី ជា​អ្នកជំទាស់ ហើយ​សភា​ហុង​គ្រី ត្រូវគេ​រំពឹង ថា នឹង​អនុ​ញ្ញ​តដល់​ប្រទេស​ស៊ុយអែត និង ហ្វាំ​ង​ឡង់​ដ៍ ចូលរួម នៅក្នុង​ខែកុម្ភៈ​។​

​ការប្រឆាំង​ជំទាស់​របស់​ប្រធានាធិបតី​តួ​ក​គី ក្រោយ​មានការ​បដិសេធ​ពី​ប្រទេស​ស៊ុយអែត នៅក្នុង​ការធ្វើ​បត្យាប័ន​មនុស្ស​រាប់សិប​នាក់ ដោយសារ​ក្រុង​អង់កា​រ៉ា បាន​ភ្ជាប់​ជាមួយ​គណបក្ស​ពលករ​ឃឺ​ដ (PKK) ដែល​បាន​ហាមឃាត់ និង ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បរាជ័យ នៅក្នុង​ប្រទេស​តួ​ក​គី កាលពី​ឆ្នាំ​២០១៦៕​