ប្រធាន​អង្គការ​ណា​តូ បញ្ចុះបញ្ចូល​កូរ៉េខាងត្បូង ឲ្យ​បញ្ជូន​គ្រឿង​សឹក​ទៅ​ជួយ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
19



​រដ្ឋធានី​សេ​អ៊ូ​ល​៖ ស្របពេល​បណ្ដា​ប្រទេស​បស្ចិម​លោក កំពុងតែ​សម្រុក​ផ្ដល់ជំនួយ​យោធា​យ៉ាងច្រើន ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន នោះមក ឥឡូវ ប្រមុខ​អង្គការ​ណា​តូ កំពុងតែ​ជំរុញ​ឲ្យ​កូរ៉េខាងត្បូង ផ្ដល់ជំនួយ​គ្រឿង​សឹក ជួយ​ដល់​ក្រុង​កៀវ​។​

​សារព័ត៌មាន​អារ៉ាប់​អន្ដរជាតិ Alarabiya News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​៣០ ខែមករា ថា លោក ជេន​ស៍ ស្ដូ​ល​ថែ​ន​ប៊ឺ​គ (Jens Stoltenberg) អគ្គលេខាធិការ អង្គការ​ណា​តូ កាលពី​ព្រឹក ថ្ងៃ​ចន្ទ បានស្នើ​ដល់​កូរ៉េខាងត្បូង បង្កើន​នូវ​កិច្ច​គាំទ្រ​ខាង​យោធា ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ជាមួយគ្នានេះ លោក​ប្រមុខ​អង្គការ​សម្ពន្ធមិត្ត​យោធា បានស្នើ​ដល់​ក្រុង​សេ​អ៊ូ​ល ឲ្យ​ពិចារណា​ឡើងវិញ លើ​គោលនយោបាយ​របស់ខ្លួន មិន​នាំចេញ​គ្រឿង​សព្វាវុធ ទៅកាន់​ប្រទេស ដែល​កំពុង​តែមាន​ជម្លោះ​។​


​លោក​ប្រធាន អង្គការ​ណា​តូ កំពុងតែ​ស្ថិតក្នុង​ទីក្រុង​សេ​អ៊ូ​ល ដែលជា​ដំណើរ​បំពេញ​ទស្សនកិច្ច ជា​លើកដំបូង មកកាន់​តំបន់​អាស៊ី ហើយ​គាត់​ក៏​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន ផងដែរ​។ នេះ​ជា​ជា​ផ្នែក​មួយ នៃ​ការបង្កើន​ទំនាក់ទំនង​ជាមួយនឹង​សម្ពន្ធមិត្ត​ប្រជាធិបតេយ្យ នៅក្នុង​តំបន់ ចំពេល​ការប្រឈមមុខ​នឹង​ជម្លោះ នៅ​អ៊ុយ​ក្រែ​ន និង ការប្រកួតប្រជែង​កាន់តែ​កើនឡើង ពី​ប្រទេស​ចិន​

​លោក ជេន​ស៍ ស្ដូ​ល​ថែ​ន​ប៊ឺ​គ (Jens Stoltenberg) បាន​ជួប​ជាមួយនឹង​ក្រុម​មេដឹកនាំ​កូរ៉េខាងត្បូង កាលពី​ថ្ងៃអាទិត្យ ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ជំរុញ​ឲ្យ​ក្រុង​សេ​អ៊ូ​ល ធ្វើ​ឲ្យ​បាន​ច្រើនឡើង​បន្ថែមទៀត ដើម្បី​ជួយ​ដល់​ក្រុង​កៀវ ដោយសារ​តែមាន​តម្រូវការ​ជាបន្ទាន់ សម្រាប់​គ្រាប់រំសេវ​។​

​លោក​ប្រមុខ​អង្គការ​ណា​តូ បាន​គូសបញ្ជាក់ ទៅដល់​ប្រទេស​ផ្សេងៗ​ទៀត ដូចជា អាល្លឺម៉ង់ និង ន័​រ​វ៉ែ​ស បាន​ប្រកាន់​នូវ​គោលនយោបាយ​ដ៏​ខ្ជាប់ខ្ជួន​របស់ខ្លួន អស់​រយៈពេល ជា​យូរ​មកហើយ មិន​នាំចេញ​អាវុធ​ទៅកាន់​ប្រទេស​មាន​ជម្លោះ​។ ប៉ុន្ដែ​ប្រទេស​ទាំងនេះ បាន​កែ​ប្រើ​នូវ​គោលនយោបាយ​របស់​ពួកគេ ក្រោយពេល​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចូល​ឈ្លា​ន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​នោះមក​។​

​លោក Jens Stoltenberg បានបញ្ជាក់ នៅក្នុង​ការ​ថ្លែង​ទៅកាន់​វិទ្យាស្ថាន​ឆេ (Chey) ស្ថិតក្នុង​ទីក្រុង​សេ​អ៊ូ​ល ថា «​ប្រសិនបើ​យើង​ជឿជាក់ លើ​សេរីភាព លទ្ធិប្រជាធិបតេយ្យ ប្រសិនបើ​យើង​មិន​ចង់ឱ្យមាន​តំបន់​ស្វ័យភាព មិន​ចង់​ធ្វើ​ឲ្យ​ផ្តាច់ការ​ឈ្នះ​នោះ គឺ​អ៊ុយ​ក្រែ​ន ត្រូវការ​អាវុធ​»​។​

​កូរ៉េខាងត្បូង ក្លាយជា​ប្រទេស​នាំចេញ​អាវុធ​ដ៏​សំខាន់​មួយ នៅ​ទូទាំង​ពិភពលោក ហើយ​កាលពីពេល​ថ្មីៗ​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង លក់​រថក្រោះ​រាប់រយ​គ្រឿង បញ្ជូនទៅឱ្យ​ប្រទេស​អឺរ៉ុប រួមទាំង ប៉ូឡូញ ដែលជា​សមាជិក​របស់​អង្គការ​ណា​តូ ផងដែរ​។ ប៉ុន្ដែ​ច្បាប់​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​ហាមឃាត់ ដល់​ការនាំចេញ​គ្រឿង​សព្វាវុធ ទៅកាន់​កំពុង​តែមាន​ជម្លោះ​យ៉ាងសកម្ម​។ បញ្ហា​នេះ ធ្វើ​ឲ្យ​ក្រុង​សេ​អ៊ូ​ល មានការ​លំបាក​យ៉ាងខ្លាំង នៅក្នុង​ការនាំចេញ​អាវុធ​ដោយផ្ទាល់ ទៅកាន់​ក្រុង​កៀវ​។ ដូច្នេះ កូរ៉េខាងត្បូង មានតែ​ផ្ដល់​សម្ភារ​មិនមាន​គ្រោះថ្នាក់ និង ជំនួយ​មនុស្សធម៌​តែប៉ុណ្ណោះ​។​


​ទោះជា​យ៉ាងណា លោក​ប្រមុខ​អង្គការ​ណា​តូ បាន​បន្ថែម ថា គាត់​មិន​បានដឹង​ច្បាស់ ថា នៅពេលណា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន នឹងត្រូវ​បញ្ចប់​នោះឡើយ ព្រោះ​ពូ​ទីន កំពុងតែ​រៀបចំ​សង្គ្រាម និង ទិញ​គ្រឿង​សព្វាវុធ​ជាច្រើន មកពី​ប្រទេស​ផ្សេងៗ រួមទាំង កូរ៉េខាងជើង ជាដើម​។ ប៉ុន្ដែ​ក្រុង​ព្យុងយ៉ាង បាន​បដិសេធ អំពី​ការបញ្ជូន​គ្រឿង​សព្វាវុធ ទៅ​ជួយ​ដល់​ក្រុង​មូ​ស្គូ​៕​