ពូ​ទីន គំរាម​បាញ់​មី​ស៊ី​ល​លើ​អតីត​នាយករដ្ឋមន្ដ្រី ច​ន​សុន​

ព័ត៌មានអន្តរជាតិ
0
16


​រដ្ឋធានី​កៀវ​៖ អតីត​នាយករដ្ឋមន្ដ្រី លោក បូរី​ស ច​ន​សុន កាលពី​ស្ថិតក្នុង​តំណែង​កំពូល​របស់​ចក្រភព​អង់គ្លេស បាន​ចេញមុខ​យ៉ាងខ្លាំង នៅក្នុង​ការគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ហើយ​ឥឡូវនេះ គាត់​បាន​ប្រាប់ អំពី​គោលបំណង​ដ៏​អាក្រក់​របស់លោក ពូ​ទីន នៅក្នុង​ការគំរាមកំហែង​ដល់​គាត់​។​
​សារព័ត៌មាន​របស់​ឥណ្ឌា NDTV បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​៣០ ខែមករា ថា បើតាម BBC បាន​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ថា ការបង្ហាញ អំពី​ការគំរាមកំហែង​របស់​ប្រធានាធិបតី​រុស្ស៊ី បានកើត​ឡើង តាម​ទូរស័ព្ទ នៅមុន​ការ​លុកលុយ​របស់​ទាហាន​ក្រុង​មូ​ស្គូ នា​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​លោក បូរី​ស ច​ន​សុន (Boris Johnson) អតីត​នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បាន​អះអាង ថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី បាន​គំរាមកំហែង វាយប្រហារ​ដោយ​មី​ស៊ី​ល មកលើ​គាត់ នៅក្នុង​ការ ហៅ​ទូរស័ព្ទ​ខុសពី​ធម្មតា​មួយ នៅមុន​ការឈ្លានពាន​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​
​អតីត​នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បានបញ្ជាក់ ថា ពូ​ទីន បាន​ប្រាប់​គាត់ ថា រុស្ស៊ី នឹង​ចំណាយពេល​ត្រឹមតែ មួយ​នាទី​ប៉ុណ្ណោះ​។ ការធ្វើ​អត្ថាធិប្បាយ​នេះ បានកើត​ឡើង ក្រោយពេល​គាត់​បាន​ព្រមាន អំពី​សង្គ្រាម នឹង​បង្ក​នូវ គ្រោះមហន្ដរាយ​យ៉ាង​ធ្ងន់ នៅក្នុង​ការហៅ​ទូរស័ព្ទ​យ៉ាងយូរ​មួយ កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២២​។​

​លោក ច​ន​សុន បាន​ព្រមាន​ដល់​លោក ពូ​ទីន ថា ការឈ្លានពាន​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន នឹង​ជំរុញ​ឲ្យ​មានការ ដាក់ទណ្ឌកម្ម ពី​លោកខាងលិច ហើយ​កងទ័ព​របស់​អង្គការ​ណា​តូ កាន់តែច្រើន​បន្ថែមទៀត នឹង​មកដល់ ព្រំដែន របស់​រុស្ស៊ី​។ អតីត​នាយករដ្ឋមន្ដ្រី​របស់​ច​ក្រ​ភព​អង់គ្លេស រូបនេះ បាន​ព្យាយាម​រារាំង ដល់​សកម្មភាព​យោធា របស់​រុស្ស៊ី ដោយ​ប្រា​ប់លោក ពូ​ទីន ថា អ៊ុយ​ក្រែ​ន នឹងមិន​ចូលរួម​ជាមួយ​ណា​តូ សម្រាប់​អនាគត​ដ៏​ខ្លី​ខាងមុខ នោះឡើយ​។​
​លោក ច​ន​សុន បានបញ្ជាក់​ទៀត ថា «​លោក ពូ​ទីន បាន​គំរាម​ខ្ញុំ ត្រង់ចំណុច​មួយ ហើយ​គាត់ បាន​និយាយ ថា បូរី​ស​! ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​អ្នក​គ្រោះថ្នាក់ ជាមួយនឹង​មី​ស៊ី​ល​នោះឡើយ​ចំណាយពេល​ត្រឹម​តែមួយ​នាទី​ប៉ុណ្ណោះ​»​។

​លោក បូរី​ស ច​ន​សុន កាល​នៅក្នុង​តំណែង​ជា​នាយករដ្ឋមន្ដ្រី​របស់​ចក្រភព​អង់គ្លេស បាន​ខិតខំ​ប្រឹងប្រែង ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន យ៉ាងខ្លាំង ហើយ​គាត់​ថែមទាំង​បានធ្វើ​ដំណើរ ចំនួន​៣​លើក ទៅ​ជួយ​ពិភាក្សាគ្នា ជាមួយ​មេដឹកនាំ​ក្រុង​កៀវ នៅក្នុង​រដ្ឋធានី​របស់​ប្រទេសមួយ​នេះ ដើម្បី​សិក្សា​អំពី​តម្រូវការ​របស់​ពួកគេ​។ ប៉ុន្ដែ​សូម្បីតែ​ឥឡូវនេះ ក៏​គាត់​នៅតែ​បន្ដ​ធ្វើដំណើរ​ទៅ​ជួយ​នឹង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី កាលពីពេល​ថ្មី​នេះ​ថែម​ទៀតផង​៕