អ៊ុយ​ក្រែ​ន ទាមទារ​ឲ្យ​បង្កើត​សម្ពន្ធភាព​យន្ដហោះ​ចម្បាំង ដើម្បី​កាត់បន្ថយ​សមត្ថភាព​អាវុធ​របស់​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
5


​រដ្ឋធានី​ប៊ែ​រ​ឡាំង​៖ រហូតមកដល់​ពេលនេះ អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ជាថ្មី ស្នើសុំ​ការផ្គត់ផ្គង់​យន្ដហោះ​ចម្បាំង​ជាច្រើន​គ្រឿង សម្រាប់​ជួយ​ដល់​កងទ័ព​របស់ខ្លួន និង កាត់បន្ថយ​ដល់​សមត្ថភាព​អាវុធ​របស់​ទាហាន​រុស្ស៊ី ប៉ុន្ដែ​លោក​អធិការបតី​អាល្លឺម៉ង់ បាន​ច្រានចោល​នូវ​សំណើ​ទាំងនេះ​។​

​សារព័ត៌មាន​របស់​ច​ក្រ​ភព​អង់គ្លេស BBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​៣០ ខែមករា ថា លោក អូ​ឡា​ហ្វ សូល​ហ្ស៍ (Olaf Scholz) អធិការបតី​អាល្លឺម៉ង់ បានផ្ដល់​បទសម្ភាសន៍​មួយ​ជាមួយនឹង​កាសែត​របស់​អាល្លឺម៉ង់ ដោយបាន​ព្រមាន​ប្រឆាំងនឹង​សង្គ្រាម ដែល​កំពុងតែបន្ដ​។ ប៉ុន្ដែ​លោក​អធិការបតី បាន​បដិសេធ ចំពោះ​ការបញ្ជូន​យន្ដហោះ​ចម្បាំង ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ការច្រានចោល​របស់​មេ​ដឹកនាំ​ក្រុង​ប៊ែ​រ​ឡាំង បានកើត​ឡើង ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការផ្គត់ផ្គង់​រថក្រោះ​ដ៏​ទំនើប​របស់ខ្លួន ប្រភេទ Leopard 2 ជាច្រើន​គ្រឿង ទៅ​ជួយ​ដល់​ក្រុង​កៀវ​។​

​ក្រុមមន្ដ្រី​អ៊ុយ​ក្រែ​ន បានស្នើ​ដល់​បណ្ដា​ប្រទេស ជា​សម្ពន្ធមិត្ត ត្រូវតែ​បង្កើត​សម្ពន្ធភាព​យន្ដហោះ​ចម្បាំង ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​កងទ័ព​រប​ស់​ខ្លួន​។ ចំណែក​សហរដ្ឋអាមេរិក បាន​អះអាង ថា ក្រុង​វ៉ាស៊ីនតោន នឹង​ពិភាក្សា អំពី​គំនិត​ផ្ដល់​យន្ដហោះ​ចម្បាំង​ជាច្រើន​គ្រឿង​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត ជាមួយនឹង​ក្រុង​កៀវ នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក អូ​ឡ​ហ្វ សូល​ហ្ស៍ អធិការបតី​អាល្លឺម៉ង់ បាន​ប្រាប់​ដល់​កាសែត Tagesspiegel (​តា​ហ្គេ​ស​ស្ពៀ​ហ្គែ​ល​) ថា គោលដៅ​របស់គាត់ បាន​ផ្ដោតលើ​រថក្រោះ Leopard 2 ផលិត​ដោយ​អាល្លឺម៉ង់ សម្រាប់​ការបញ្ជូន ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។​



​លោក​អធិការបតី បាន​សង្កត់ធ្ងន់ ថា «​ជាការ​ពិតណាស់ យើង​បាន​សម្រេចចិត្ត​លើ​ការបញ្ជូន​រថក្រោះ ហើយ​ការពិភាក្សា​ដេញដោល​គ្នា នាពេល​ក្រោយ​ទៀត កំពុងតែ​ផ្ទុះឡើង នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​មើលទៅ​ហាក់បីដូចជា​មិន​សម​ហេតុផល​ទាល់តែ​សោះឡើយ​។​

​អ​ល្លឺ​ម៉​ង់ កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន បានផ្ដល់​រថក្រោះ Leopard 2 ចំនួន​១៤​គ្រឿង ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយ​រង​សម្ពាធ អស់​រយៈពេល​ជាច្រើន​សប្ដាហ៍ ពី​សម្ពន្ធមិត្ត​របស់​អង្គការ​ណា​តូ និង ប្រទេស​ជា​ដៃគូ​របស់លោក​ខាងលិច​។ ការសម្រេចចិត្ត​របស់​ក្រុង​ប៊ែ​រ​ឡាំង បាន​កើតឡើង​ភ្លាមៗ ក្រោយពេល​ក្រុង​វ៉ាស៊ីនតោន បានសម្រេច​ផ្ដល់​រថក្រោះ​ផលិត​នៅ​អាមេរិក M1 Abrams ចំនួន​៣១​គ្រឿង ជួយ​ដល់​ក្រុង​កៀវ​។​

​លោក អេ​ន​ឌ្រី មែ​ល​នី​ក (Andrii Melnyk) អនុរដ្ឋមន្ដ្រី​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ សុំ​ឲ្យ​បង្កើន​សម្ពន្ធភាព​យន្ដហោះ​ចម្បាំង ដែល​នឹង​ផ្ដល់​ឲ្យ​អ៊ុយ​ក្រែ​ន ជួយ​នឹង​យន្ដហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក ប្រភេទ F-16 និង F-35 ក៏ដូចជា យន្ដហោះ​ចម្បាំង Eurofighter, Tornado, យន្ដហោះ​ចម្បាំង​របស់​បារាំង ប្រភេទ Rafale (​រ៉ា​ហ្វែ​ល​) និង យន្ដហោះ​របស់​ស៊ុយអែត Gripen (​ហ្គ្រី​ផែន​) ។ យន្ដហោះ​ចម្បាំង​ទាំងនេះ នឹង​កាត់បន្ថយ​ដល់​សមត្ថភាព​គ្រឿង​សព្វាវុធ​របស់​ទាហាន​រុស្ស៊ី​បាន​៕​