បា​ឡុង​យោធា​របស់​ចិន ហោះ​នៅលើ​ដែនអាកាស​របស់​តៃវ៉ាន់ ធ្វើ​ឲ្យ​អាមេរិក​ព្រួយបារម្ភ​

Uncategorized
0
27


​ទីក្រុង​តៃប៉ិ​៖ ក្រោយពេល​កងទ័ព​សហ​រដ្ឋ​អាមេរិក បាន​បាញ់​ទម្លាក់​បា​ឡុង​របស់​ចិន សង្ស័យ​ជា​យានអវកាស​ចារកម្ម នៅលើ​ដែនអាកាស​របស់ខ្លួន និង វត្ថុ​នៅលើ​ដែនអាកាស​របស់​កាណាដា នោះមក តៃវ៉ាន់ ក៏បាន​បង្ហាញ អំពី​បា​ឡុង​យោធា​របស់​ចិន តែងតែ​ហោះហើរ​ជា​ញឹកញាប់ នៅលើ​ដែនអាកាស​របស់ខ្លួន​។​

​សារព័ត៌មាន Financial Times បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៣ ខែកុម្ភៈ ថា តៃវ៉ាន់​តែងតែ​សង្កេតឃើញ​បា​ឡុង​របស់​យោធា​ចិន​រាប់សិប​គ្រឿង បាន​ហោះហើរ នៅលើ​ដែន​អាកា​របស់ខ្លួន នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ កន្លងទៅ​ថ្មីៗ​នេះ ដោយ​ច្រើន​លើសពី​ការដឹង​កាលពី​ពេលមុនៗ​។ បញ្ហា​នេះ ធ្វើ​ឲ្យ​ក្រុង​តៃប៉ិ មានការ​ព្រួយបារម្ភ ថា ក្រុង​ប៉េកាំង អាច​កំពុងតែ​រៀបចំ​ផែនការ វាយប្រហារ​មកលើ​ដែន​កោះ​របស់ខ្លួន​។​

​មន្ដ្រីជាន់ខ្ពស់​តៃវ៉ាន់​មួយរូប បាន​អះអាង ថា «​បា​ឡុង​របស់​ចិន តែងតែ​បណ្ដែត​ខ្លួន នៅលើ​ដែនអាកាស កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ​។ អ្នក​ផ្សេងទៀត បាន​បំភ្លឺ អំពី​បញ្ហា​នេះ ដោយបាន​អះអាង ថា ការបង្ក​ហេតុ​បែបនេះ កំពុងតែ​កើត​ឡើងជា​មធ្យម នៅក្នុង​រយៈពេល​មួយខែ​នេះ​។​

​ក្រសួងការពារជាតិ​តៃវ៉ាន់ កាលពីពេល​កន្លងទៅ បានបញ្ជាក់ អំពី​ឧបទ្ទវហេតុ​មួយ នៅក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២២ ដោយសារ​មាន​បា​ឡុង​របស់​ចិន​ជាច្រើន​គ្រឿង នៅក្នុង​ចំណោម​បា​ឡុង​ចំនួន​បួន​ក្រុម បាន​ហោះ​ឡើង នៅ​ភាគ​ខាងជើង កោះ​តៃវ៉ាន់​។ ចំណែក​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត នៅក្នុង​តំបន់ រួមមាន ជប៉ុន និង ហ្វីលីពីន បាន​អង្កេត​ឃើញ​បា​ឡុង ហោះចូល​ទៅក្នុង​ដែនអាកាស​របស់ខ្លួន ប៉ុន្ដែ​រដ្ឋាភិបាល​ទាំងនេះ បានផ្ដល់​ព័ត៌មាន​តិចតួច​ណាស់ អំពី​បញ្ហា​នេះ​។​

​ការហោះហើរ​បា​ឡុង​ជា​ញឹកញាប់ ទៅលើ​ដែនអាកាស​របស់​តៃវ៉ាន់ បានផ្ដល់​នូវ​ការយល់ដឹង​ថ្មី​យ៉ាង​ទូលំទូលាយ អំពី​កម្មវិធី​បា​ឡុង​យោធា​របស់​ចិន​។ សកម្មភាព​បែបនេះ បាន​ទាក់ទាញ​នូវ​ការចាប់អារម្មណ៍ នៅ​ទូទាំង​ពិភពលោក ក្រោយពេល​កងទ័ព​សហ​រដ្ឋ​អាមេរិក បាន​ប្រើប្រាស់​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប ប្រភេទ F-22 បាញ់​ទម្លាក់​បា​ឡុង​របស់​ចិន ដែល​សង្ស័យ​ជា​បា​ឡុង​ចារកម្ម កាលពីដើម​ខែកុម្ភៈ​នេះ នៅ​ឆ្នេរសមុទ្រ រដ្ឋ សៅ​ការ៉ូ​លី​ណា (South Carolina)​។​

​ការបាញ់​ទម្លាក់​បា​ឡុង​របស់​ក្រុង​ប៉េកាំង នេះ បានកើត​ឡើង ស្របពេល​កងទ័ព​រំដោះ​ប្រជាជន​ចិន បាន និង កំពុងតែ​ពង្រឹង​នូវ​សមត្ថភាព អាច​វាយលុក​ទៅលើ​កោះ​តៃវ៉ាន់​។ ក្រុង​ប៉េកាំង តែងតែ​អះអាង ថា កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ នៃ​ទឹកដី​របស់​ចិន​។ ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ ក្រុង​ប៉េកាំង តែងតែ​គំរាមកំហែង អំពី​ការប្រើប្រាស់​កម្លាំងយោធា ប្រសិនបើ​ក្រុង​តៃប៉ិ ហ៊ាន​ប្រកាស អំពី​ឯករាជភាព កាត់ផ្ដាច់​ចេញពី​ប្រទេស​ចិន​។​

​ក្រុមអ្នកវិភាគ​ជាច្រើន មាន​ឯកទេស នៅក្នុង​ទំនាក់ទំនង​ឆ្លង​ច្រក​សមុទ្រ​តៃវ៉ាន់ ជឿ ថា មេដឹកនាំ​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) មិនបាន​សម្រេចចិត្ត ធ្វើសង្គ្រាម​នោះទេ​។ ប៉ុន្តែ​ការកសាង​អាវុធ​មី​ស៊ី​ល យាន​អ​វ​អាកាស និង កងទ័ពជើងទឹក​រំដោះ​ប្រជាជន​ចិន ក៏ដូចជា សមយុទ្ធ​ផ្តោតទៅលើ​សេណា​រី​យ៉ូ​លុកលុយ​, សមយុទ្ធ​ដែនអាកាស និង សមយុទ្ធ​យោធា​កងទ័ពជើងទឹក កាន់តែ​ធំ និង ស្មុគស្មាញ កាន់តែ​ខិត​ទៅជិត​កោះ​តៃវ៉ាន់​។ សកម្មភាព​យោធា​របស់​ចិន កំពុងតែ​ជំរុញ​ឲ្យ​ក្រុមមន្ត្រី​យោធា​អាមេរិក​មួយចំនួន គិត ថា លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន មាន​គោលដៅ​ត្រៀមខ្លួន សម្រាប់​ការប្រយុទ្ធ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។​

​ការបង្កើន​នូវ​ភាព​តានតឹង រវាង​ចិន និង អាមេរិក ក៏បាន​ជំរុញឱ្យមាន​ការព្រួយបារម្ភ ថា ក្រុង​ប៉េកាំង អាច​ងាក​ទៅរក​ការប្រើប្រាស់​កម្លាំង​ផងដែរ​។​

​ក្រុមមន្ដ្រី​រដ្ឋាភិបាល​តៃវ៉ាន់ បានបញ្ជាក់ ថា បា​ឡុង​របស់​ចិន បាន​សង្កេតឃើញ នៅក្នុង​ដែនអាកាស​របស់​តៃវ៉ាន់ ហើយ​តាម​ធម្មតា វា​ហោះហើរ នៅក្នុង​កម្ពស់ ប្រហែល​៦​គីឡូម៉ែត្រ ទាប​ជាង​បា​ឡុង​ហោះ​ឆ្លងកាត់​សហរដ្ឋអាមេរិក ហើយ​ត្រូវបាន​ផលិត​ចេញពី​វត្ថុ​ធាតុ​ផ្សេង​។ កងទ័ព​សហរដ្ឋអាមេរិក បាន​បាញ់​ទម្លាក់​វត្ថុ​ចំនួន​៣​បន្ថែមទៀត នៅលើ​ដែនអាកាស​អាមេរិក​ខាងជើង កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​

​បើតាម​ក្រុមមន្ដ្រី​ជាច្រើន ធ្វើការ​ពាក់ព័ន្ធ​នឹង​បញ្ហា​យោធា និង ចារកម្ម នៅក្នុង​ប្រទេស​អាស៊ី​ចំនួន​៣ បាន​ឲ្យ​ដឹង ថា បា​ឡុង​ជាច្រើន តែងតែ​សង្កេត ហោះ​នៅលើ​ដែន​កោះ​តៃវ៉ាន់​។ បា​ឡុង​ទាំងនោះ ត្រូវបាន​បង្កើតឡើង ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​គ្រឿង​បរិក្ខារ ដែលជា​ផ្នែក​ទទួលបន្ទុក​ប្រព័ន្ធ​គ្រឿង​សព្វាវុធ ក្រោម​ការដឹកនាំ​របស់​គណៈកម្មាធិការ​យោធា​កណ្តាល​របស់​ចិន ជា​ស្ថាប័ន​យោធា​កំពូល ដឹកនាំ​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​។​

​ដោយឡែក លោក ម៉ៃ ធូ​ណឺ​រ (Mike Turner) ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សហ​ភា​សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពី​ថ្ងៃអាទិត្យ ថា គាត់​ពេញចិត្ត អំពី​របៀប​ដែល​កងទ័ព​របស់​សហ​រដ្ឋ​អាមេរិក បាញ់​ទម្លាក់​វត្ថុ នៅលើ​ដែនអាកាស​អាមេរិក​ខាងជើង កាលពី​ប៉ុន្មាន​ថ្ងៃ​មុ​នេះ​៕​