កង​យន្ដហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី លួច​ឆ្មក់ ឃើញ​អាមេរិក​កំពុង​រវល់​តែ​តាម​ប្រមាញ់​បា​ឡុង​

ព័ត៌មានអន្តរជាតិ
0
58


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ដោយសារតែ​ក្រុង​វ៉ាស៊ីនតោន កំពុងតែ​រវល់​នឹង​តាម​ប្រមាញ់​បា​ឡុង ជាច្រើន ហោះ​នៅលើ​ពិភពលោក ធ្វើ​ឲ្យ​រុស្ស៊ី មើលឃើញ​ឱកាសល្អ បញ្ជូន​យន្ដហោះ​ទម្លាក់​គ្រាប់បែក និង យន្ដហោះ​ចម្បាំង​ជាច្រើន​គ្រឿង ហោះ​ទៅជិត​តំបន់​ការពារ​របស់​សហរដ្ឋ​អាមេរិក​។​

​សារព័ត៌មាន The Eurasia Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែកុម្ភៈ ថា រុស្ស៊ី បាន​បញ្ជូន​យន្ដហោះ​ទម្លាក់​គ្រាប់បែក ប្រភេទ Tu-95 (​ទូ​-៩៥) ជាច្រើន​គ្រឿង អមដោយ​យន្ដហោះ​ចម្បាំង Su-35 (​ស៊ូ​-៣៥) ព្យាយាម​ទៅកាន់​រដ្ឋ​អា​ឡា​ស្កា សហរដ្ឋអាមេរិក​។ សកម្មភាព​របស់​កង​ទ័ពអាកាស​របស់​រុស្ស៊ី បានកើត​ឡើង ស្របពេល​កងទ័ពអាកាស​សហរដ្ឋអាមេរិក កំពុងតែ​តាម​បាញ់​ទម្លាក់​វត្ថុ​នៅលើ​អាកាស​មិន​ស្គាល់​អត្ដ​សញ្ញាណ (UFO) និង បា​ឡុង​ចារកម្ម​ហោះ នៅ​តំបន់​អាមេរិក​ខាងជើង​។​

​ទីបញ្ជាការ​ការពារ​ដែ​ន​អាកាស​អាមេរិក​ខាងជើង (NORAD) បានប្រកាស ថា យន្តហោះ​ចម្បាំង​របស់ខ្លួន កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ បាន​ដេញ​ស្ទាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Tu-95MS និង យន្តហោះ Su-35 របស់​រុស្ស៊ី ហោះចូល​ទៅក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​អា​ឡា​ស្កា រហូត​បង្កឱ្យមាន​ការ​ជូនដំណឹង នៅក្នុង​ការបញ្ជា​។​

​ទីបញ្ជាការ​ការពារ​ដែ​ន​អាកាស​អាមេរិក​ខាងជើង (NORAD) បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធើរ ថា «​តំបន់​អា​ឡា​ស្កា​របស់​ទីបញ្ជាការ​ការពារ​ដែន​អាកាស​អាមេរិក​ខាងជើង (NORAD) បាន​រកឃើញ និង តាមដាន កំណត់​អត្តសញ្ញាណ​ជា​វិជ្ជមាន ហើយ​បាន​ដេញ​ស្ទាក់​យន្តហោះ​របស់​រុស្ស៊ី ចំនួន​៤​គ្រឿង ហោះចូល និង ប្រតិបត្តិការ​នៅក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់​រដ្ឋ​អា​ឡា​ស្កា (ADIZ) កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣​។ យន្ដហោះ​របស់​រុស្ស៊ី ទាំងនោះ រួមមាន យន្ដហោះ​ទម្លាក់​គ្រាប់បែក Tu-95 យន្ដហោះ​ចម្បាំង Su-35»​។​

​ទោះជា​យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍​រប​ស់ NORAD បាន​បញ្ជាក់ថា យន្តហោះ​នៅតែ​ស្ថិតក្នុង​ដែនអាកាស​អន្តរជាតិ ហើយ​មិនបាន​ចូលមកក្នុង​ដែនអាកាស នៃ​អធិបតេយ្យភាព​របស់​អា​មេ​រិ​ក ឬ កាណាដា នោះឡើយ​។ នៅពេល​ចូលទៅក្នុង​តំបន់​កំណត់​ការពារ​ដែនអាកាស​នោះ យន្តហោះ​ត្រូវ​ប្រកាស​តាម​វិទ្យុ ទៅកាន់​ឧបករណ៍​បញ្ជា​ចរាចរណ៍​ផ្លូវអាកាស​ជាមួយនឹង​ផ្លូវ ដែលមាន​គោលបំណង និង ទិសដៅ​ចុងក្រោយ​របស់​យន្ដហោះ​។​

​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី បាន​ហោះ​រំលោភ​ចូល​ជាប្រចាំ នៅ​តំបន់​កំណត់​ដែនអាកាស​របស់​អាមេរិក​ខាងជើង ហើយ​ត្រូវបាន​ដេញ​ស្ទាក់ និង អមដោយ​យន្តហោះ​ចម្បាំង​របស់​ទីបញ្ជាការ​ការពារ​ដែន​អាកាស​អាមេរិក​ខាងជើង (NORAD)​។ កាលពី​ឆ្នាំ ២០២០ កងទ័ព​សហរដ្ឋអាមេរិក បាន​ដេញ​ស្ទាក់​បែបនេះ ចំនួន​៦០​លើក​។​

​សកម្មភាព​របស់​យន្ដ​ហោះ​កងទ័ពអាកាស​រុស្ស៊ី បានកើត​ឡើង ក្រោយពេល​សហរដ្ឋអាមេរិក បាន​បាញ់​ទម្លាក់​បា​ឡុង​របស់​ចិន កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ដែល​សង្ស័យ​ជាយា​ន​ចារកម្ម​។ ក្រុមមន្ដ្រី​សហរដ្ឋអាមេរិក បាន​បាញ់​ទម្លាក់​វត្ថុ​នៅលើ​អាកាស ចំនួន​៣​ផ្សេង បន្ទាប់ពី​ការបាញ់​ទម្លាក់​បា​ឡុង​របស់​ចិន​៕​

Advertising