ប្រធានាធិបតី​បេឡា​រុស ចង់​ធ្វើការ​សម្របសម្រួល លោក​បៃ​ដិ​ន និង ពូ​ទីន ឲ្យ​មានការ​ជួបគ្នា​

ព័ត៌មានអន្តរជាតិ
0
22


​រដ្ឋធានី​មីន​ស្ក៍ (Minsk)៖ មេដឹកនាំ​ក្រុង​មីន​ស្ក៍ ជា​សម្ពន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​របស់​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Puti) ហើយ​គាត់​តែងតែ​គាំទ្រ ដល់​សកម្មភាព​យោធា​របស់​ក្រុង​មូ​ស្គូ ដោយ​ថែមទាំង​អនុញ្ញាត​ឲ្យ​កម្លាំង​ទាហាន​រុស្ស៊ី ប្រើប្រាស់​ទឹកដី​របស់ខ្លួន បើកឆាក​សង្គ្រាម វាយលុក​ចូល​ទៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ប៉ុន្ដែ​ឥឡូវនេះ ប្រធានាធិបតី​បេឡា​រុស បានប្រកាស អំពី​ការចូលរួម​នៅក្នុង​សង្គ្រាម ប្រសិនបើ​មានការ​វាយប្រហារ​ទៅលើ​ប្រទេស​របស់ខ្លួន​។

​គេហទំព័រ បណ្ដាញ​ទូរទស្សន៍​របស់​ចក្រភព​អង់គ្លេស BBC បានចេញ​ផ្សាយ ពីថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៣ ថា មេដឹកនាំ​ផ្តាច់ការ​របស់​បេឡា​រុស ជា​សម្ពន្ធមិត្ត​ដ៏​រឹងមាំ​របស់​វិមាន​ក្រឹម​ឡាំង និង ជា​អ្នកគាំទ្រ​នូវ​អ្វីដែល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី ហៅ​ជា «​ប្រតិបត្តិការ​យោធា​ពិសេស​» នៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។ ប៉ុន្ដែ​សម្រាប់​ពិភពលោក​ទាំងមូល​វិញ ភាគច្រើន បាន​ហៅ​សកម្មភាព​យោធា​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ជា​«​សង្គ្រាម​ឈ្លានពាន​»​។​

​ចាប់តាំងពី​ការ​លុកលុយ​ពេញទំហឹង​របស់​កម្លាំង​ទាហាន​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន អស់​រយៈពេល​ស្ទើរតែ​មួយឆ្នាំ​កន្លងមក​នេះ មេដឹកនាំ​វិមាន​ក្រឹម​ឡាំង លោក ពូ​ទីន មិនបាន​អង្គុយ​ជាមួយនឹង​ក្រុម​អ្នកសារព័ត៌មាន​របស់​លោកខាងលិច​នោះឡើយ​។ ប៉ុន្ដែ​ឥឡូវនេះ នៅក្នុង​រដ្ឋធានី​មីន​ស្ក៍ (Minsk) ឯណោះ​វិញ លោក អា​ឡិច​សាន់​ដឺរ លូ​កា​សែន​កូ (Alexander Lukashenko) ប្រធានាធិបតី​បេឡា​រុស ត្រូវបាន​សាកសួរ​នូវ​សំណួរ​ជាច្រើន ពី​ក្រុម​បណ្ដាញ​ផ្សព្វផ្សាយ​តូច​មួយ ដោយ​រួមទាំង បណ្ដាញ​ទូរទស្សន៍​របស់​ចក្រភព​អង់គ្លេស BBC ផងដែរ​។​

​សំណួរ​របស់​អ្នកសារព័ត៌មាន ចោទសួរ​ទៅកាន់​ប្រធានាធិបតី​បេឡា​រុស បានលើកឡើង ថា កាលពី​ឆ្នាំ​២០២២ លោក​ប្រធានាធិបតី បានអនុញ្ញាត​ប្រទេស​របស់ខ្លួន ដល់​កម្លាំង​ទាហាន​របស់​រុស្ស៊ី ប្រើប្រាស់ សម្រាប់​ការឈ្លានពាន ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន តើ​លោក​ប្រធានាធិបតី កំពុងតែ​រៀបចំ ធ្វើបែបនេះ​បន្ដទៀត​ដែរឬទេ​?

​លោក អា​ឡិច​សាន់​ដឺរ លូ​កា​សែន​កូ (Alexander Lukashenko) ប្រធានាធិបតី​បេឡា​រុស បាន​ឆ្លើយតប​ទៅវិញ ថា «​បាទ​! ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ​។ ខ្ញុំ​បានរៀបចំ សម្រាប់​ផ្ដល់​ដែនដី​របស់ខ្ញុំ ជាថ្មី​ម្ដងទៀត​។ ខ្ញុំ​ក៏បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ សម្រាប់​ចូលរួម នៅក្នុង​សង្គ្រាម ជាមួយនឹង​កម្លាំង​ទាហាន​របស់​រុស្ស៊ី ចេញពី​ដែនដី​របស់​បេឡា​រុស​។ ប៉ុន្តែ​ប្រសិនបើ​អ្នកណាម្នាក់ សូម្បីតែ​ទាហាន​តែមួយ​រូប ចូលមក​លើទឹក​ដី​រប​ស់​យើង ចេញពី​អ៊ុយ​ក្រែ​ន មក​ជាមួយនឹង​អាវុធ មក​សម្លាប់​ប្រជាជន​របស់ខ្ញុំ យើង​នឹងធ្វើ​សង្គ្រាម​ប្រឆាំង​តបត​វិញ​»​។​

​កិច្ចសហប្រតិបត្តិការ​យោធា រវាង​រុស្ស៊ី និង បេឡា​រុស មានការ​កើនឡើង​យ៉ាងខ្លាំង ដោយ​ប្រទេស​ទាំង​២​នេះ បាន​ចូលរួម​ធ្វើ​សមយុទ្ធ​រួមគ្នា និង បង្កើត​ក្រុម​យោធា​រួមគ្នា​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មេដឹកនាំ​បេឡា​រុស បានគេច​វេះ មិន​ព្រម​បញ្ជូន​កងទ័ព​របស់ខ្លួន ទៅ​ចូលរួម​ប្រយុទ្ធ​ជាមួយ​កម្លាំង​ទាហាន​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះទេ​។​

​ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និង សហរដ្ឋអាមេរិក នៅតែ​មិនបាន​ទទួលស្គាល់​លោក Alexander Lukashenko ជា​ប្រធានាធិបតី​បេឡា​រុស ស្របច្បាប់​នោះឡើយ​។ ប្រជាជន​បេឡា​រុស កាលពី​ឆ្នាំ​២០២០ បានចេញ​មក​តា​មដង​ផ្លូវ​តវ៉ា ដោយបាន​ចោទប្រកាន់​លោក Alexander Lukashenko ពី​ការលួចបន្លំ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​របស់​ប្រទេស​។ ចំណែក​ការតវ៉ា​នេះ ក៏​ត្រូវបាន​បង្ក្រាប​យ៉ាង​ឃោរឃៅ​បំផុត​។​

​លោក Alexander Lukashenko បាន​ប្រើប្រាស់​ព្រឹ​ត្ដិ​ការណ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ស្ដីបន្ទោស ដល់​បណ្ដា​ប្រទេស​មហាអំណាច​លោកខាងលិច ជំរុញ​ឲ្យ​មាន​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក​ប្រធានាធិបតី​បេឡា​រុស បាន​ចោទប្រកាន់ ដល់​បណ្ដា​រដ្ឋាភិបាលរ​បស់​លោកខាងលិច កំពុងតែ​អុជ​បញ្ឆេះ​ជម្លោះ​នេះ ហើយ​ចូលរួម​នៅក្នុង​ការប៉ះទង្គិច សម្រាប់​ការ​បំផ្ទុះ​នុយក្លេអ៊ែរ​របស់លោក ពូ​ទីន​។​

​លោក​ប្រធានាធិបតី​បេឡា​រុស បាន​សង្កត់ធ្ងន់ ថា​«​ប្រសិនបើ​អ្នក​បន្ត​បង្កើន​ជម្លោះ​នេះ ឲ្យ​កាន់តែខ្លាំង​ឡើង អ្នកនឹង​ទទួលបាន​នូវ​អាវុធ​នុយក្លេអ៊ែរ ហើយ​រុស្ស៊ី មាន​អាវុធ​ដ៏​សាហាវ​បែបនេះ​ច្រើនជាង​អ្នកណា​ទាំងអស់គ្នា​។ ដូច្នេះ អ្នក​គួរតែបញ្ឈប់​រឿងនេះ​។ ប្រសិនបើ​សង្គ្រាម​នុយក្លេអ៊ែរ ចាប់ផ្តើម បេឡា​រុស នឹង​លែងមាន​។ យើង​ត្រូវ​អង្គុយ​នៅ​តុ​ចរចា ព្រោះ​សង្គ្រាម​នុយក្លេអ៊ែរ នឹង​បំផ្លាញ​ដល់​សហរដ្ឋអាមេរិក​ផងដែរ ហើយក៏​គ្មាន​អ្នកណាម្នាក់ ត្រូវការ​រឿងនេះ​ទេ​»​។​

​បេឡា​រុស បាន​ជួយ​ជ្រោមជ្រែង ដល់​ការឈ្លានពាន​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​។ ប៉ុន្ដែ​ឥឡូវនេះ មេដឹកនាំ​បេឡា​រុស បាន​អះអាង ថា គាត់​អាចជួយ​ចរចា​សន្ដិភាព នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក Lukashenko បានលើកឡើង ថា នៅ​សប្តាហ៍​ក្រោយ នឹង​ក្លាយជា​ពេលវេលា​ដ៏​ល្អ​បំផុត​មួយ សម្រាប់​ការចាប់ផ្តើម​ជាមួយនឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) ដែល​នឹងត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច នៅក្នុង​ប្រទេស​ប៉ូឡូញ​។​

​លោក អា​ឡិច​សាន់​ដឺរ លូ​កា​សែន​កូ (Alexander Lukashenko) ប្រធានាធិបតី​បេឡា​រុស បានបញ្ជាក់​ទៀត ថា «​ខ្ញុំ​អញ្ជើញលោក​ប្រធានាធិបតី ចូ បៃ​ដិ​ន មកកាន់​ប្រទេស​បេឡា​រុស ព្រោះ​វា​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពី​រដ្ឋធានី​វ៉ា​សា​វី ប្រទេស​ប៉ូឡូញ ដោយ​ចំណាយពេល​ត្រឹមតែ​៣០​នាទី គាត់​នឹង​ទៅដល់​រដ្ឋធានី​មីន​ស្ក៍ (Minsk) ប្រទេស​បេឡា​រុស គាត់​អាច​ចុះចត​យន្តហោះ​របស់គាត់ នៅទីនេះ​។ ខ្ញុំ​នឹង​បញ្ចុះបញ្ចូល​ប្រធានាធិបតី​រុស្ស៊ី ឱ្យមក​ទីនេះ​ដែរ​។ ខ្ញុំ​អញ្ជើញ​គាត់​មក​ទីក្រុង Minsk ក៏ដូចជា លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ផងដែរ​។ យើង​នឹង​អង្គុយ​ចុះ ហើយ​វា​អាច​នឹង​ឈានដល់​កិច្ចព្រមព្រៀង​ណាមួយ​»​។​

​ការលើកឡើង​របស់​មេ​ដឹកនាំ​បេឡា​រុស ចំពោះ​ការ​អញ្ជើញលោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ទំនងជា​នឹងត្រូវ​បដិសេធ​។ នៅក្នុង​សង្គ្រាម​របស់​ក្រុង​មូ​ស្គូ នៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន គឺ លោក Lukashenko មិនត្រូវ​បាន​គេ​មើលឃើញ ថា ជា​អាជ្ញាកណ្តាល ប្រកបដោយ​ភាពស្មោះត្រង់​នោះឡើយ​៕

Advertisning