ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី សារភាព​ពី​ការលំបាក នៅ​សមរភូមិ​បា​ឃ្មូត​

ព័ត៌មានអន្តរជាតិ
0
24



​រដ្ឋធានី​កៀវ​៖ ស្របពេល​បណ្ដា​ប្រទេស​មហាអំណាច​លោកខាងលិច កំពុងតែ​ខ្នះខ្នែង បញ្ជូន​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់ ទៅ​ជួយ​ដល់​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន វាយ​បណ្ដេញ​ទាហាន​របស់​ក្រុង​មូ​ស្គូ ចេញពី​ប្រទេស​នោះ ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី បាន​ព្រមាន​ធ្ងន់ៗ ដល់​បណ្ដាញ​ប្រទេស​បស្ចិម​លោក​។​

​ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី RT បានចេញ​ផ្សាយ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ថា លោក យ៉េ​វ​ហ្គី​នី ព្រី​ហ្គូ​ហ្ស៉ី​ន (Yevgeny Prigozhin) ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​របស់​រុ​ស្ស៉ី Wagner Group បានផ្ដល់​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន RT កាលពី​ថ្ងៃ​ពុធ ថា កម្លាំង​ទាហាន​របស់​រុស្ស៊ី អាច​ដណ្ដើម​កាន់កាប់​ទីក្រុង​បា​ឃ្មូត (Bakhmut) របស់​អ៊ុយ​ក្រែ​ន នៅក្នុង​ខែមីនា ឬ​ខែមេសា​។ ជាមួយគ្នានេះ ទាហាន​រុស្ស៊ី នឹង​កំណត់​គោលដៅ ដោយ​ស្របច្បាប់ វាយប្រហារ​កម្ទេច​គ្រឿងយុទ្ធោបករណ៍​របស់លោក​ខាងលិច នាំមក​ផ្គត់ផ្គង់​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។​



​ទោះជា​យ៉ាងណា លោក​មហាសេដ្ឋី ជា​ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​របស់​រុ​ស្ស៉ី Wagner Group រូបនេះ បាន​អះអាង ថា ពេលវេលា​ពិតជា​ពិបាក នៅក្នុង​ការ​ព្យាករ អំពី​ស្ថានការណ៍​សង្គ្រាម​នេះ​ខ្លាំងណាស់ ដោយសារតែ​អ៊ុយ​ក្រែ​ន បាន និង កំពុងតែបន្ដ​ទទួលបាន​ជំនួយ​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់ មកពី​បណ្ដា​ប្រទេស​មហាអំណាច​លោកខាងលិច និង សម្ពន្ធមិត្ត​របស់​ពួកគេ ដូចជា រថក្រោះ​ប្រយុទ្ធ​ធុន​ធ្ងន់ Leopard ផលិត​ដោយ​អាល្លឺម៉ង់ និង រថក្រោះ​ប្រយុទ្ធ​ធុន​ធ្ងន់ M1 Abrams ផលិត ដោយ​សហរដ្ឋអាមេរិក ជាដើម​។​

​លោក យ៉េ​វ​ហ្គី​នី ព្រី​ហ្គូ​ហ្ស៉ី​ន (Yevgeny Prigozhin) ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី Wagner Group បានបញ្ជាក់ ថា «​គ្រឿង​សឹក​ទំនើបៗ​របស់លោក​ខាងលិច​ទាំងនោះ នឹង​ក្លាយជា​គោលដៅ​ស្របច្បាប់ សម្រាប់​ទាហាន​រុស្ស៊ី វាយប្រហារ​កម្ទេចចោល ដោយ​មិនអាច​ចៀស​រួច​នោះឡើយ​។ រថក្រោះ និង គ្រឿងយុទ្ធោបករណ៍ ទាំងនោះ នឹងត្រូវ​កម្ទេចចោល​ទាំងអស់​»​។​

​ទាហាន​ស៊ីឈ្នួល​របស់​ក្រុមហ៊ុន Wagner Group ត្រូវបាន​គេ​រាយការណ៍​មក ថា កំពុងតែ​ប្រឹងប្រែង​យ៉ាងខ្លាំង ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុង​មូ​ស្គូ ដណ្តើមយក​ទីក្រុង​បា​ឃ្មូត ស្ថិតក្នុង​តំបន់​ដូ​ណែ​ត​។ នៅ​ទីនោះ​ជា​សមរភូមិ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរឈាម អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ​។​


​ដោយឡែក លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) បានបញ្ជាក់ កាលពី​ថ្ងៃ​ពុធ ថា ស្ថានភាព​សមរភូមិ នៅ​ជិត​ទីក្រុង​បា​ឃ្មូត (Bakhmut) នា​ភាគ​ខាងកើត ប្រទេស​របស់គាត់ គឺមាន​ការលំបាក​បំផុត​។ ប៉ុន្តែ​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន កំពុងតែ​រារាំង​ដល់​ការ​រុលទៅមុខ ពី​កម្លាំង​ទាហាន​រុស្ស៊ី​។​

​ស្របពេល​បណ្ដាញ​ប្រទេស​បស្ចិម​លោក កំពុងតែ​បង្ហូរ​គ្រឿង​សព្វាវុធ​មកជួយ​ដល់​ក្រុង​កៀវ នោះ ក្រុមហ៊ុន​ផលិត​អាវុធ​របស់​រដ្ឋ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បានបញ្ជាក់ កាលពី​ថ្ងៃ​ពុធ ថា ក្រុមហ៊ុន បានចាប់ផ្តើម​ដំណើរ​ការផលិត​គ្រាប់កាំភ្លើង​ធំ​រួមគ្នា ជាមួយ​ប្រទេស​នៅ​អឺរ៉ុប​កណ្តាល ស្ថិតក្នុង​អង្គការ​ណា​តូ​។ ក្រៅពីនេះ ក្រុមហ៊ុន​គ្រោង​នឹង​អភិវឌ្ឍ ហើយ​ផលិត​អាវុធ និង​សម្ភារ​យោធា​ផ្សេងៗ​ទៀត ជាមួយ​សម្ពន្ធមិត្ត​។​

​ទោះជា​យ៉ាងណា ក្រុមហ៊ុន​អ៊ុយ​ក្រូ​បូ​រូ​ន​ប្រូ​ម (Ukroboronprom) មិនបាន​បង្ហាញ​អត្តសញ្ញាណ​របស់​រដ្ឋ ជា​សមាជិក​ណា​តូ​មួយណា​នោះឡើយ​។ ប៉ុន្ដែ​ក្រុមហ៊ុន​មួយ​នេះ បាន​អះអាង ថា ខ្លួន​បានចាប់ផ្តើម​ផលិត​គ្រាប់​កាំភ្លើងត្បាល់ ទំហំ​១២០ មិល្លីម៉ែត្រ ព្រោះ​គ្រាប់រំសេវ​ប្រភេទ​នេះ មាន​តម្រូវការ​ខ្ពស់ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយសារ​កងទ័ព​រប​ស់​ក្រុង​កៀវ កំពុងតែ​ប្រយុទ្ធ​ជាមួយ​ទាហាន​របស់​រុស្ស៊ី ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមក​៕​

Advertising