ហេតុអ្វី ឈឺពោះ​ពេល​មក​រដូវ ?

សុខភាព
0
49


​ឈឺចាប់​ពេល​ធ្លាក់​រដូវ ជា​រោគ​ស្រាល​មួយ និង​គ្មាន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​សុខភាព​ទេ ជាទូទៅ​។ អាកា​រៈ​នេះ​ច្រើន​កើត​លើ​យុវតី ទើប​មាន​ខែ​ដំបូង​។ ប៉ុន្តែ​ចំពោះ​ស្ត្រី​ពេញវ័យ មានកូន​ហើយ បែរជា​លេច​មាន​ករណី​ឈឺចាប់​ពេល​ធ្លាក់​រដូវ​ទៀត សូម​ប្រុងប្រយ័ត្ន និង​ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ស្វែង​មូលហេតុ​។

ការឈឺចាប់​ពេល​ធ្លាក់​រដូវ​របស់​មនុស្ស​ចាស់​អាច​បណ្តាលមកពី​មាន​ជំងឺ​អ្វីមួយ​។​ពេល​ធ្លាក់​រដូវ ! ៥០​ទៅ​៧០%​នៃ​យុវតី ឈឺ​ជា​អ​ល្ល​ជី​រាល់​ខែ ឬ​ជួន​ឈឺ​ជួន​អត់​។ ៥​ទៅ​១៥% ឈឺចាប់​ខ្លាំង​រហូត​ទ្រាំ​មិនបាន ក្លាយជា​រំខាន​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ទៅធ្វើ​ការមិន​កើត ទៅ​រៀន​មិន​រួច ... បង្ខំចិត្ត​ត្រូវ​ឈប់សម្រាក​នៅផ្ទះ​។​
​រោគសញ្ញា​នៃ​ការឈឺ​ពេល​ធ្លាក់​រដូវ

​ឈឺ​ពេល​ធ្លាក់​រដូវ ជា​អា​ការៈដែល​កើតឡើង​នៅពេល​មុន និង​កំពុង​ធ្លាក់​រដូវ ហើយ​អាច​អូសបន្លាយ​រយៈពេល ពីរ ទៅ​បី​ថ្ងៃ ជា​មធ្យម​។ កំរិត​នៃ​ការ​ចាប់ឈឺ មាន​កាន់តែខ្លាំង នៅ​ថ្ងៃ​ណា​មាន​ឈាម​ធ្លាក់​ច្រើន ! បរិមាណ​នៃ​ឈាមរដូវ​ធ្លាក់​កាន់តែច្រើន ទំហំ​នៃ​ការឈឺ​ចុកចាប់​មាន​កាន់តែខ្លាំង​។ អារម្មណ៍​ឈឺចាប់​អាច​ស្តែងឡើង​តាំងពី​ឈាមរដូវ​មិនទាន់​ធ្លាក់ ហើយ​ជួនកាល​អូសបន្លាយ​យូរ ឈាមរដូវ​លែង​ធ្លាក់​ហើយក៏​មិនទាន់​អស់​ចំហាយ​ឈឺ​ទៀត​។ ដោយហេតុថា​ការធ្លាក់​ឈាមរដូវ​ជាវ​ដ្ត (២៧​ថ្ងៃ​ម្តង​ជា​មធ្យម​) ដូច្នេះ​ការឈឺចាប់​នឹង​វិល​មកជា​ថ្មី​ទៅទៀត ជា​រៀងរាល់ខែ​។​

​ការឈឺចាប់​ព្រោះ​រដូវ ភាគច្រើន​តែង​ផ្តុំ​នៅ​ភាគ​ខាងក្រោម​នៃ​ពោះ នៅលើ​ថ្ងាស​ប្រដាប់ភេទ​។ ប៉ុន្តែ​ការឈឺ​នេះ ជួន​អាច​រាលដាល​ដល់​ខ្នង ចង្កេះ និង​ភ្លៅ​។ មិន​ត្រឹមតែ ឈឺពោះ ចុក​ខ្នង​ចុក​ចង្កេះ ស្រ​យ៉ង់​ដៃ​ស្រ​យ៉ង់​ជើង ស្ត្រី​ខ្លះទៀត មាន​អារម្មណ៍​និង​អាកា​រៈ មិន​ស្រួលខ្លួន នឿយហត់ អស់កម្លាំង ចង់​ក្អួត ចង់​ចង្អោរ រាគ ងងឹតមុខ ឈឺក្បាល បន្ថែមទៀត​។​

​បុគ្គល​ងាយ​ជួប​គ្រោះ​ឈឺចាប់​
​ស្ត្រី​គ្រប់រូប​សុទ្ធ​មាន​គ្រោះ​ឈឺចាប់​ពេល​ធ្លាក់​រដូវ​គ្រប់គ្នា ប៉ុន្តែ​មាន​កត្តា​មួយចំនួន​ខាងក្រោម ដែល​អាច​បង្កើន​ហានិភ័យ​ឱ្យ​កាន់​ខ្ពស់ ៖
​មាន​ម្តាយ ឬ​បងស្រី មាន​អា​ការៈឈឺចាប់​ពេល​មក​រដូវ​
​ចាប់​មាន​រដូវ​នៅ​អាយុ​ក្មេង​ខ្លាំង ក្រោម​១១​ឆ្នាំ​

ធាត់​លើស​ទម្ងន់​
​មាន​លក្ខខណ្ឌ​ជីវិត​រស់នៅក្នុង​លំបាក ក្នុងសង្គម និង​វិ​ប​ត្ត​ផ្លូវចិត្ត​
​ជក់បារី កង្វះ​កីឡា និង​លំ​ហាត់ប្រាណ ទទួលទាន​សុរា ពេល​មាន​រដូវ មាន​កង្វល់ មាន​ស្ត្រេ​ស​ខ្លាំង មាន​ដាក់​កង​ក្នុង​ស្បូន (​កង​ស្ពាន់​) សុទ្ធ​ជា​កត្តា​ក្រៅ​ខ្លួន ដែល​ទំនងជា​បាន​ចូល​ចំណែក​ធ្វើការ​មានការ​ឈឺចាប់​កាន់​ខ្លាំង​បន្ថែមទៀត​នៅពេល​មាន​រដូវ​។​

យន្តការ​នៃ​ការធ្លាក់​រដូវ​
​ការឈឺចាប់​ពេល​មក​រដូវ​អាចជា​រឿង​ធម្មតា​របស់​ស្ត្រី ! ពេល​មក​រដូវ​ម្តងៗ សាច់ដុំ​របស់​ស្បូន​នឹងត្រូវ​កន្ត្រាក់​លាៗ​ដើម្បី​ជម្រុះ​ភ្នាស់​របស់​វា​ចេញ​។ ដោយ​គ្មាន​ការបង្ក​ជីវិត សរីរាង្គ​នៃ​ស្បូន បាន​បញ្ឈប់​ងក់​ការផលិត​អ័​រមូ​ន Oestrogènes និង Progestérone​។ តួ​ស្បូន​ចាប់​រីក​ឡើង និង​ចា​ប់ក​ន្ទ្រា​ក់ ដើម្បី​ធាក់​បញ្ចេញ​រដូវ ជា​ឈាម និង​ជា​ភ្នាស​ស្បែក​ស្តើងៗ​លើ​ជញ្ជាំង​ស្បូន ឱ្យ​ធ្លាក់​ចេញមកក្រៅ ។ ស្បួ​នក​ន្ទ្រា​ក់​ព្រោះតែ​សម្ពាធ​ខ្ពស់​រវាង​ឈាម​ដែល​ហូរ​ចេញទៅ​ក្នុង​ស្បូន និង​ប៉ះ​ជាមួយ​ជញ្ជាំង​ស្បូន ធាក់​ខ្ទប់ គ្នា​ទៅវិញទៅមក​ផង​។ ជញ្ជាំង​ស្បូន​ខ្លួនឯង​ក៏ត្រូវ​ដាច់ចេញ​ផង ហើយ​ការ​ដាច់ចេញ​នៃ​ភ្នាស​នៅ​ជញ្ជាំង​ស្បូន​នេះ​ក៏​ជា​កត្តា​ធ្វើឱ្យ​ស្បូន​ក​ន្ទ្រា​ក់​ដែរ និង​អាចមាន​ឥទ្ធិពល​លើ​សាច់ដុំ​ផ្សេងទៀត ក្រៅ​អំពី​ស្បូន ហេតុ​ដូច្នេះហើយ បានជា​ពេលខ្លះ​ស្ត្រី​មាន​អា​ការៈឈឺ​ក្បាល ចង់​ក្អួត ចង្អោរ​។ និយាយ​ជារួម ការធ្លាក់​រដូវ មាន​ដំណើរការ​ដូចគ្នា​នឹង​ឆ្លងទន្លេ​យ៉ាង​ដូច្នោះ គឺ​ស្បូន​ត្រូវ​ក​ន្ទ្រា​ក់​ដើម្បី​មាន​សម្ពាធ​ធាក់​បញ្ចេញ​ទារក​ឱ្យ​ចេញមក​ចាប់កំណើត​។
​ការឈឺចាប់​ពេល​មក​រដូវ​របស់​ស្ដ្រី​អាច​តិច​ឬ​ខ្លាំង​ខុសៗ​គ្នា​ពី មនុស្ស​ស្រី​ម្នាក់​ទៅ​មនុស្ស​ស្រី​ម្នាក់ទៀត​។ បើតាម​ចំណាំ ការឈឺចាប់​មាន​កាន់តែខ្លាំង នៅពេល​មាន​ឈាមរដូវ​ធ្លាក់​ច្រើន ព្រោះ​ស្បួ​ន​ត្រូវ​ក​ន្ទ្រា​ក់​ខ្លាំង ដើម្បី​អាច​បញ្ចេញ​ឈាមរដូវ​នោះ​អស់ពី​ស្បូន​។​

​ផលវិបាក​ជាយថាហេតុ​នៃ​ការឈឺចាប់​ពេល​មក​រដូវ​
​ការឈឺចាប់​នេះ​ជាទូទៅ គ្មាន​លាក់​សញ្ញា​រោគ​អ្វី​គួរឱ្យ​ព្រួយបារម្ភ និង​ប៉ះពាល់​ដល់​សុខភាព​ទេ មិន​ថា​ជា​សុខភាព​ក្នុងន័យ​ទូទៅ ឬ​សុខភាព​ផ្លូវភេទ​ឡើយ​។ ការឈឺចាប់​ពេល​ធ្លាក់​រដូវ​ច្រើន​កើតឡើង ចំពោះ​ក្មេង ទើប​មាន​រដូវ​ឆ្នាំៗ​ដំបូង នៅក្នុង​វ័យ​ជំទង់​ជិត​ពេញ​រូបរាង​មែនទែន និង​នៅពេល​ក្នុង​ឆ្នាំ​ពេល​ជិត​អស់​រដូវ ព្រោះ​រយៈកាល​នេះ សរីរាង្គកាយ​មនុស្ស​ស្រី​មាន​អ័​រមូ​ន​ចុះឡើង​ខ្លាំង​។ ចំពោះ​យុវតី អា​ការៈឈឺ​ចុកចាប់​ពេល​ធ្លាក់​រដូវ នឹង​ចុះថយ​ទៅៗ ទៅ​ពេល​ពេលវេលា​ចាស់​ឆ្នាំ និង​បាត់​ទាំងស្រុង​តែម្តង​ផង នៅពេល​ចាប់​មានគភ៌​ជា​លើកទីមួយ​។
​ប៉ុន្តែ​សូមកុំ​ភ្លេច​រូតរះ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស ប្រសិនបើ​ការឈឺចាប់​ពេល​ធ្លាក់​រដូវ មានកំ​រិត​ខ្លាំង​ហួសហេតុ​ទ្រាំលែងបាន​។ ស្ត្រី​មាន​រដូវ​យូរហើយ ស្រាប់​ស្ងៀមៗ​មាន​លេច​អា​ការៈឈឺចាប់​ឡើង ពេល​ធ្លាក់​រដូវ ហើយ​បរិ​មាណនៃ​ឈាមរដូវ​មាន​កំរិត​ច្រើន​ហួស​ពី​ធម្មតា រដូវ​លែង​ទៀង មក​មួយខែ​ពីរដង​ជាដើម​។​ល​។ ធ្លាក់​រដូវ​ចុក​រមួល​ពោះ​ហើយ អមដោយ​អាកា​រៈ​ក្តៅខ្លួន​។
​គ្មាន​បង្ក​ផលវិបាក​អ្វី​ផ្សេង ក្រៅ​អំពី​ការឈឺ​ប្រចាំខែ​មែន ប៉ុន្តែ​បើ​ការឈឺចាប់ នេះ​មាន​សភាព​កាន់តែខ្លាំង​ទៅ ៗ គ្មាន​ការ​ធូរ​ស្វាង​សោះ វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ស្ត្រី និង​នាំឱ្យមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ផង​។ ផលវិបាក​ដ៏​ធ្ងន់ធ្ងរ និង​ដ៏​កម្រ​មួយ​គឺ​ការឈឺចាប់​ខ្លាំង​នេះ អាចជា​សញ្ញា​ប្រាប់ថា​អ្នក​អាចមាន​ជំងឺ​មួយ​ឈ្មោះថា endométrioses ដែលមាន​កើត​លើ​ស្ត្រី ម្នាក់​ក្នុងចំណោម​១០​នាក់​។

តើ​អ្វី​ទៅជា​ជំងឺ​អង់​ដូ​មេ​ឌ្រី​យូ​ស្ស ? ជាធម្មតា ឈាមរដូវ​ត្រូវ​ហូរ​ធ្លាក់​ចេញមកក្រៅ តែ​ក្នុងករណី​មាន​អង់​ដូ​មេ​ទ្រី​យូ​ស្ស​នេះ កោសិកា​ភ្នាស​ស្បួ​ន​ចេញ​ខុសផ្លូវ (​មិន​ហូរ​ធ្លាក់​មក​ក្រៅ​តាម​ទ្វារ​ធម្មតា​ទេ​) និង​មិន​ត្រូវបាន​សម្អាត​រំលាយ​អស់​ទេ បែរជា​ទៅ​តោងក​កលើ​សរីរាង្គ​ផ្សេងទៀត ដូចជា​ផ្លោក​នោម ស្បែក​ពោះ ពោះវៀនធំ ហើយ​រីក​ធំ​លូតលាស់​ទៅតាម​ចង្វាក់​និង​វដ្ត​នៃ​អ័​រមូ​ន រាល់​ខែ ជាហេតុ​បង្កឱ្យមាន​ការឈឺចាប់​ខ្លាំង ពិបាក​មានកូន ឬ​ត្រូវ​កាត់​ស្បូន​ចេញ​តែម្តង​ទើបបាន​។ ការឈឺចាប់​ពេល​មក​រដូវ​ខ្លះ បង្កឡើង​ដោយសារ​មាន​ជំងឺ​រោគ​ស្ត្រី មានការ​ដុះ​សាច់ គីស នៅ​ស្បូន ឬ​នៅ​ដៃ​ស្បូន ឬ​នៅ​ប្រដាប់ភេទ ដែល​អាកា​រៈទាំង​នេះ​ទាមទារ​ឱ្យមាន​ការព្យាបាល​ជា​ចាំបាច់​។​

វិធី​ការពារ​
​ពេល​កំពុងមាន​រដូវ​និង​ឈឺចាប់ អ្នក​អាច​យក​ទឹក​ក្តៅ​មក​ស្អំ នៅលើ​ពោះ ឬ​នៅ​ចង្កេះ មុជទឹក​សម្អាតខ្លួន​ដោយ​ទឹក​ក្តៅ ធ្វើ​លំ​ហាត់ប្រាណ​ស្រាលៗ​ដូចជា ហាត់ប្រាណ​ទាញ​ដៃ​ទាញ​ជើង ដើរ សម្រាកលំហែ​ពេល​ដឹងថា​ជិត​ដល់​ថ្ងៃ​មក​រដូវ​
​ទទួលទាន​ថ្នាំ​ពពួក​ប៉ា​រ៉ា​សេ​តា​មុ​ល ដើម្បី​កាត់បន្ថយ​ការឈឺចាប់​។ ប្រើ​ថ្នាំ​ពពួក​អង់​ទី​អាំង​ផ្លា​ម៉ា​ទ័​រ​ក៏បាន ប៉ុន្តែ​ពពួក​ថ្នាំ​នេះ អាច​ផល​លំបាក​ច្រើន​ទៅ​ថ្ងៃមុខ​។
​កាត់បន្ថយ​ស្ត្រេ​ស តាមរយៈ​ការធ្វើ​មាស្សា សមាធិ និង​គាស់​ឬ​សកា​ត់នៃ​មូលហេតុ​បង្ក​ស្ត្រេ​ស​
​រក្សា​អនាម័យ​ក្នុង​ជីវិត​ដោយ​កាត់បន្ថយ​ការ​ទទួលទាន​សារធាតុ​ស្ករ សាច់ កាហ្វេ តែ​បង្កើន​ការទទួល​ទាន​អាហារ​ជា​ត្រី​។ ផ្ទៀងផ្ទាត់​ថា​អ្នក​គ្មាន​កង្វះ​វីតាមីន​សេ បេ ឬ​ម៉ាញេស្យូម​។​
​ដើម្បី​កាត់បន្ថយ​និង​បញ្ចៀស​ការឈឺចាប់​ពេល​ធ្លាក់​រដូវ ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​ជាងគេ គឺ​ការប្រើប្រាស់​ថ្នាំ​ពន្យារកំណើត ជា​ថ្នាំ​គ្រាប់​លេប​ប្រចាំថ្ងៃ ឬ​ជា​ថ្នាំ​ចាក់ ឬ​ជាការ​ដាក់​កង ក្នុង​ស្បូន ជំនាន់​ក្រោយ គឺ​កង​មាន​អ័​រមូ​ន Mirena ដែល​មិន​ត្រឹមតែ​កាត់បន្ថយ​ការឈឺចាប់​ទេ ថែមទាំង​កាត់បន្ថយ​បរិមាណ​នៃ​ការ​ធ្លាក់ឈាម ឬ​សឹង​ថា​លែងមាន​រដូវ​ធ្លាក់​តែម្តង​ផង​។
​ប៉ុន្តែ​សូម​ចងចាំ​រាល់​ការរៀបរាប់​ខាងលើនេះ ជា​ដំបូន្មាន​ចំពោះ​យុវតី​និង​ស្ត្រី​ជិត​អស់​រដូវ ដែល​ការឈឺចាប់​គ្មាន​លាក់​បញ្ហា​សុខភាព​។ តែបើ​ជាការ​ឈឺចាប់​ខ្លាំង និង​លេចឡើង​ខុស​ប្រក្រតី ត្រូវ​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​រោគ​ស្ត្រី​៕