
រដ្ឋធានីប៉េកាំង៖ ម្ចាស់ធនាគារវិនិយោគដ៏ល្បីល្បាញម្នាក់ នៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុន China Renaissance Holdings Ltd របស់គាត់ រាយការណ៍ ថា ក្រុមហ៊ុន មិនអាចទាក់ទងទៅកាន់លោកប្រធាន និងនាយកប្រតិបត្តិរបស់ខ្លួន អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ ហើយនេះជាការបាត់ខ្លួនចុងក្រោយរបស់ នាយកប្រតិបត្តិអាជីវកម្មកំពូលម្នាក់ នៅក្នុងប្រទេសចិន។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃ ទី20 ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្រុមហ៊ុន បានបញ្ជាក់ នៅក្នុងការធ្វើបច្ចុប្បន្នភាពទីផ្សារ កាលពីថ្ងៃព្រហស្បតិ៍ ថា លោក បាវ ហ្វាន់ (Bao Fan) ប្រធាន និង នាយកប្រតិបត្ដិក្រុមហ៊ុន China Renaissance Holdings (ឆាយណា រេណាសសានស៍) មិនអាចទាក់ទង បាន អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ។
លោក Bao ជាឈ្មួញកណ្តាលចែកចាយឈានមុខគេ នៅក្នុងប្រទេសចិន ដោយមានអតិថិជនរបស់គេ រួមមាន ក្រុមហ៊ុនបច្ចេកវិទ្យាកំពូល Didi (ឌីឌី) និង Meituan (មេធួន) ជាដើម។ ការប្រកាសរបស់ក្រុមហ៊ុនរបស់គាត់ បានធ្វើឱ្យមានការព្រួយបារម្ភជាថ្មី អំពីការបង្ក្រាបដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលក្រុងប៉េកាំង ប្រឆាំងនឹងប្រធានក្រុមហ៊ុន អាជីវកម្ម និង បច្ចេកវិទ្យា។
ភាគហ៊ុន នៅក្នុងក្រុមហ៊ុន ឆាយណា រេណាសសានស៍ (China Renaissance) បានធ្លាក់ចុះនៅក្នុងការជួញដូរ នៅហុងកុង កាលពីថ្ងៃសុក្រ ក្រោយការជូនដំណឹងរបស់ក្រុមហ៊ុន ទៅកាន់ទីផ្សារភាគហ៊ុន ដោយបានអះអាង ថា ក្រុមហ៊ុន មិនអាចទាក់ទងលោក Bao Fan ប្រធានក្រុមហ៊ុន អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ។
សេចក្ដីប្រកាសនោះ បានបន្ថែម ថា ក្រុមហ៊ុនមិនបានបញ្ជាក់ ថា តើលោក Bao បានបាត់ខ្លួន ចាប់តាំងពីពេល ណាមកនោះដែរ។ ប៉ុន្ដែបើតាមសារព័ត៌មានពាណិជ្ជកម្មចិន Caixin (កៃស៊ី) បានដកស្រង់ប្រភព ដែលអះអាង ថា បុគ្គលិក មិនអាចទាក់ទងទៅនាយកប្រតិបត្ដិ លោក Bao Fan អស់រយៈពេល២ថ្ងៃមកហើយ។
លោក បាវ ហ្វាន់ ( Bao Fan) ជាប្រធាន និង ជានាយកប្រតិបត្ដិ បានបង្កើនក្រុមហ៊ុន China Renaissance នៅក្នុងឆ្នាំ២០០៥ ដែលជាក្រុមហ៊ុនប្រឹក្សាវិនិយោគ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនមួយនេះ បានរីកចម្រើនយ៉ាង ខ្លាំង រហូតក្លាយទៅជាស្ថាប័នហិរញ្ញវត្ថុកំពូលមួយ នៅក្នុងប្រទេសចិន ដោយបានអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម និង ការរួមបញ្ចូលគ្នា រវាងក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនរបស់ប្រទេសចិន៕
Advertising
