
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការលុកលុយរបស់ទាហានរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះមក បណ្ដាប្រទេសជាច្រើន ធ្លាប់ជាអតីតរដ្ឋ ចំណុះឲ្យសហភាពសូវៀត និង បណ្ដាប្រទេសទន់ខ្សោយខាងយោធាមួយចំនួនទៀត នៅតំបន់អឺរ៉ុបខាងកើត មានការព្រួយបារម្ភ អំពីមហិច្ឆតារបស់ក្រុងមូស្គូ ប៉ុន្ដែឥឡូវនេះ ប្រមុខការពារជាតិសហរដ្ឋអាមេរិក បានចេញមុខ មកអះអាង អំពីការធានាជួយការពារ ដល់សេរីភាព និង ដែនអធិបតេយ្យភាពរបស់ប្រទេសទាំងនោះ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ នៅថ្ងៃ ទី20 ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក ឡូយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្ដ្រី ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានបញ្ជាក់ ថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការពារដល់បណ្ដាប្រទេស នៅក្នុងតំបន់សមុទ្របាល់ទិក រួមមាន អេស្ដូនី លីទុយអានី និង ឡាតវី។ ប្រសិនបើមានករណីចាំបាច់ សហរដ្ឋអាមេរិក នឹងបន្ដរក្សានូវការពង្រាយកងទ័ពរបស់ខ្លួន នៅក្នុងតំបន់នោះ។
ប្រមុខការពារជាតិសហរដ្ឋអាមេរិក បានថ្លែងសុន្ទរកថា នៅក្នុងរដ្ឋធានីតាល់លីន (Tallinn) ប្រទេសអេស្ដូនី ថា បើតាមមាត្រាទី៥ នៃធម្មនុញ្ញរបស់អង្គការណាតូ គឺចែងអំពីសន្តិសុខសមូហភាព ដោយតម្រូវឱ្យរដ្ឋ ជាសមាជិកទាំងអស់ ជួយគ្នាទៅវិញទៅមក ប្រសិនបើរដ្ឋជាសមាជិកណាមួយ រងការគំរាមកំហែង ឬ វាយប្រហារ ពីប្រទេសជាសត្រូវ។
លោករដ្ឋមន្ដ្រីក្រសួងការពារជាតិ ឡយដ៍ អូស្ទីន បានសង្កត់ធ្ងន់ ថា «យើងប្ដេជ្ញាចិត្តយ៉ាងមុតមាំ សម្រាប់មាត្រាទី៥ នៃធម្មនុញ្ញរបស់អង្គការណាតូ ហើយអ្នកទាំងអស់គ្នា អាចជឿទុកចិត្តបាន។ សម្រាប់សហរដ្ឋអាមេរិក បានប្ដេជ្ញាចិត្ត ឥតមានការងាករេ នៅក្នុងកិច្ចការពារសេរីភាព និង អធិបតេយ្យរបស់រដ្ឋ នៅក្នុងតំបន់សមុទ្របាល់ទិក»។
សូមជម្រាប ថា សហភាពសូវៀត មានផ្ទៃដី ទំហំ ប្រហែលជាង ២២,៤លានគីឡូម៉ែត្រការ៉េ ដោយមានរដ្ឋជាចំណុះចំនួន១៥ រួមមាន រុស្ស៊ី, អ៊ុយក្រែន, បេឡារុស, លីទុយអានី (Lithuania), ឡាតវី (Latvia), អេស្ដូនី, អ៊ូសប៊ែរគីស្ថាន, កាហ្សាក់ស្ថាន, គីជិស្ថាន, តាជីគីស្ថាន, ធឺមេនីស្ថាន, អាសែបៃហ្សង់, ហ្សកហ្ស៊ី, ម៉ូដាវី និង អាមេនី។ ប៉ុន្ដែក្រោយការដួលរលំមហាអំណាចកុម្មុយនិស្ដកំពូល នៅលើពិភពលោក នៅក្នុងអំឡុងឆ្នាំ១៩៩១នោះមក រដ្ឋទាំងអស់ ត្រូវបានប្រកាសឯករាជ្យរៀងៗខ្លួន។ ចំណែករដ្ឋចំនួន៣ រួមមាន អេស្ដូនី ឡាតវី និង លីទុយអានី ក៏បានរត់ទៅចូល រួមរស់ជាមួយនឹងអង្គការណាតូ រហូតមក៕
Advertising
