ប្រមុខ​ការពារជាតិ​សហរដ្ឋអាមេរិក ទៅ​ជាន់​ទឹកដី​អតីត​រដ្ឋ ចំណុះ​ឲ្យ​សហភាពសូវៀត​ភ្លាម ព្រមាន​រុស្ស៊ី​ភ្លែត​

ព័ត៌មានអន្តរជាតិ
0
35


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយ​ការ​លុកលុយ​របស់​ទាហាន​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​នោះមក បណ្ដា​ប្រទេស​ជាច្រើន ធ្លាប់ជា​អតីត​រដ្ឋ ចំណុះ​ឲ្យ​សហភាពសូវៀត និង បណ្ដា​ប្រទេស​ទន់ខ្សោយ​ខាង​យោធា​មួយចំនួនទៀត នៅ​តំបន់​អឺរ៉ុប​ខាងកើត មានការ​ព្រួយបារម្ភ អំពី​មហិច្ឆតា​របស់​ក្រុង​មូ​ស្គូ ប៉ុន្ដែ​ឥឡូវនេះ ប្រមុខ​ការពារជាតិ​សហរដ្ឋអាមេរិក បានចេញ​មុខ មក​អះអាង អំពី​ការធានា​ជួយ​ការពារ ដល់​សេរីភាព និង ដែន​អធិបតេយ្យភាព​របស់​ប្រទេស​ទាំងនោះ​។​

​ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញ​ផ្សាយ នៅ​ថ្ងៃ ទី​20 ខែកុម្ភៈ ឆ្នាំ​២០២៣ ថា លោក ឡូយ​ដ៍ អូ​ស្ទី​ន (Lloyd Austin) រដ្ឋមន្ដ្រី ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានបញ្ជាក់ ថា សហរដ្ឋអាមេរិក បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ សម្រាប់​ការពារ​ដល់​បណ្ដា​ប្រទេស នៅក្នុង​តំបន់​សមុទ្រ​បាល់​ទិ​ក រួមមាន អេ​ស្ដូ​នី លី​ទុយ​អា​នី និង ឡា​ត​វី​។ ប្រសិនបើ​មាន​ករណី​ចាំបាច់ សហរដ្ឋអាមេរិក នឹង​បន្ដ​រក្សា​នូវ​ការពង្រាយ​កងទ័ព​រប​ស់​ខ្លួន នៅក្នុង​តំបន់​នោះ​។​
​ប្រមុខ​ការពារជាតិ​សហរដ្ឋអាមេរិក បាន​ថ្លែង​សុន្ទរកថា នៅក្នុង​រដ្ឋធានី​តា​ល់​លីន (Tallinn) ប្រទេស​អេ​ស្ដូ​នី ថា បើតាម​មាត្រា​ទី​៥ នៃ​ធម្មនុញ្ញ​របស់​អង្គការ​ណា​តូ គឺ​ចែង​អំពី​សន្តិសុខ​សមូហភាព ដោយ​តម្រូវឱ្យ​រដ្ឋ ជា​សមាជិក​ទាំងអស់ ជួយ​គ្នា​ទៅវិញទៅមក ប្រសិនបើ​រដ្ឋ​ជា​សមាជិក​ណាមួយ រង​ការគំរាមកំហែង ឬ វាយប្រហារ ពី​ប្រទេស​ជាស​ត្រូវ​។
​លោក​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ ឡយ​ដ៍ អូ​ស្ទី​ន បាន​សង្កត់ធ្ងន់ ថា «​យើង​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ សម្រាប់​មាត្រា​ទី​៥ នៃ​ធម្មនុញ្ញ​របស់​អង្គការ​ណា​តូ ហើយ​អ្នក​ទាំងអស់គ្នា អាច​ជឿ​ទុកចិត្តបាន​។ សម្រាប់​សហរដ្ឋអាមេរិក បាន​ប្ដេជ្ញាចិត្ត ឥតមាន​ការ​ងាករេ នៅក្នុង​កិច្ចការពារ​សេរីភាព និង អធិបតេយ្យ​របស់​រដ្ឋ នៅក្នុង​តំបន់​សមុទ្រ​បាល់​ទិ​ក​»​។​

​សូម​ជម្រាប ថា សហភាពសូវៀត មាន​ផ្ទៃដី ទំហំ ប្រហែល​ជាង ២២,៤​លាន​គីឡូ​ម៉ែត្រការ៉េ ដោយមាន​រដ្ឋ​ជា​ចំណុះ​ចំនួន​១៥ រួមមាន រុស្ស៊ី​, អ៊ុយ​ក្រែ​ន​, បេឡា​រុស​, លី​ទុយ​អា​នី (Lithuania), ឡា​ត​វី (Latvia), អេ​ស្ដូ​នី​, អ៊ូ​ស​ប៊ែ​រ​គី​ស្ថាន​, កា​ហ្សា​ក់​ស្ថាន​, គី​ជិ​ស្ថាន​, តាជី​គី​ស្ថាន​, ធឺ​មេ​នី​ស្ថាន​, អា​សែ​បៃ​ហ្ស​ង់​, ហ្ស​ក​ហ្ស៊ី​, ម៉ូ​ដាវី និង អា​មេ​នី​។ ប៉ុន្ដែ​ក្រោយ​ការដួលរលំ​មហាអំណាច​កុ​ម្មុយ​និ​ស្ដ​កំពូល នៅលើ​ពិភពលោក នៅក្នុង​អំឡុង​ឆ្នាំ​១៩៩១​នោះមក រដ្ឋ​ទាំងអស់ ត្រូវបាន​ប្រកាស​ឯករាជ្យ​រៀងៗ​ខ្លួន​។ ចំណែក​រដ្ឋ​ចំនួន​៣ រួមមាន អេ​ស្ដូ​នី ឡា​ត​វី និង លី​ទុយ​អា​នី ក៏បានរ​ត់ទៅ​ចូល រួមរស់​ជាមួយនឹង​អង្គការ​ណា​តូ រហូតមក​៕


Advertising