
ទីក្រុងតៃប៉ិ៖ ស្របពេលក្រុងប៉េកាំង កំពុងតែបង្កើនសកម្មភាពយោធា នៅជុំវិញកោះតៃវ៉ាន់ ដោយមានទាំងយន្ដហោះយោធា និង នាវាចម្បាំង ហោះហើរ និង ធ្វើនាវាចរណ៍ ចូលមកក្នុងដែនអាកាស និង ដែនទឹករបស់ខ្លួនជាញឹកញាប់ ធ្វើឲ្យក្រុងតៃប៉ិ កាន់តែមានការព្រួយបារម្ភខ្លាំងឡើង ហើយងាកទៅបង្កើនចំណងទំនាក់ទំនងយោធា ជាមួយសហរដ្ឋអាមេរិក និង បណ្ដាប្រទេសសម្ពន្ធមិត្ត ដោយថែមទាំងទិញគ្រឿងសឹកទំនើបៗ យកមកត្រៀមរៀបចំខ្លួន ទុកជាមុន សម្រាប់ការធ្វើសឹកសង្គ្រាមជាមួយនឹងចិន ដែលអាចនឹងកើតមានឡើង ជាយថាហេតុ ខណៈការគំរាមកំហែង កាន់តែកើនឡើងខ្លាំង។
សារព័ត៌មាន Taipei Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្រុមតំណាងរាស្ដ្ររបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ដំណើរបំពេញទស្សនកិច្ច មកកាន់កោះតៃវ៉ាន់ នាពេលនេះ មិនមែនសំដៅទៅលើការបង្កហេតុ ជាមួយនឹងប្រទេសចិន នោះឡើយ។ ប៉ុន្ដែវាជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ផ្ដោតទៅលើវិស័យសេដ្ឋកិច្ច និង នយោបាយ ឱ្យកាន់តែស៊ីជម្រៅ ខណៈកិច្ចពិភាក្សារបស់ភាគីទាំង២ ត្រូវបានធ្វើឡើង តាមការគ្រោងទុក។
លោក រ៉ូ ខាន់ណា (Ro Khanna) ជាអ្នកដឹកនាំគណៈប្រតិភូមួយក្រុម មកពីសភារបស់សហរដ្ឋអាមេរិក បានថ្លែង ក្រោយជំនួប កាលពីថ្ងៃចន្ទ ជាមួយនឹងលោក ម័ររីស ចាង ( Morris Chan) ស្ថាបនិក ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ ហៅកាត់ TSMC ថា «សហរដ្ឋអាមេរិក និង តៃវ៉ាន់ នឹងបង្កើននូវកិច្ចសហប្រតិបត្ដិការ នៅក្នុងផលិត និង រុករកផលប្រយោជន៍របស់ពិភពលោក»។
គណៈប្រតិភូ មកពីសភាសហរដ្ឋអាមេរិក រួមមាន លោក រ៉ូ ខាន់ណា(Ro Khanna), លោក ជេក អូជិនក្លូស (Jake Auchincloss), លោក ចូណាថាន់ ជេកសុន (Jonathan Jackson) និង តូនីហ្គូនហ្សាឡេស (Tony Gonzales) បានមកដល់កោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ហើយគ្រោងនឹងធ្វើដំណើរត្រឡប់ទៅវិញ នៅថ្ងៃព្រហស្បតិ៍។
លោកស្រី កូឡាស យ៉ូតាកា (Kolas Yotaka) អ្នកនាំពាក្យ ការិយាល័យរបស់ប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ថា លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ និង លោក រ៉ូ ខាន់ណា(Ro Khanna) នឹងចែករំលែកនូវទស្សនៈគ្នាជាច្រើន ទៅលើទំនាក់ទំនងសេដ្ឋកិច្ច និង ពាណិជ្ជកម្ម សន្ដិសុខក្នុងតំបន់ ការអភិវឌ្ឍប្រព័ន្ធឌីជីថល និង សន្ដិសុខព័ត៌មាន។
លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា តៃវ៉ាន់ នឹងពង្រឹងនូវចំណងទាក់ទងផ្នែកយោធារបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ហើយនឹងបង្កើននូវកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រុងវ៉ាស៊ីនតោន ក៏ដូចជា ប្រទេសជាមិត្តដទៃទៀត។
លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានថ្លែងទៅកាន់សមាជិកសភាមួយក្រុមរបស់សហរដ្ឋអាមេរិក ដែលកំពុងតែបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិ ថា «តៃវ៉ាន់ និង សហរដ្ឋអាមេរិក នឹងបន្តពង្រឹងនូវទំនាក់ទំនងយោធា ហើយទៅថ្ងៃអនាគត តៃវ៉ាន់ នឹងបង្កើននូវកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ និង មានភាពសកម្មបន្ថែមទៀត ជាមួយអាមេរិក និង ប្រទេសជាដៃគូផ្សេងៗទៀត ដើម្បីប្រឈមមុខនឹងបញ្ហាសកលជាច្រើនទៀត»។
ទោះជាយ៉ាងណា លោកស្រី ប្រធានាធិបតីតៃវ៉ាន់ មិនបានបញ្ជាក់លម្អិត អំពីខ្លឹមសារ នៃទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅជាមួយនឹងសហរដ្ឋអាមេរិក ជុំវិញលោក មីឈែល ឆេស (Michael Chase) មន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការចិន បានមកបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់ ដោយពុំបានប្រកាសឱ្យដឹងជាផ្លូវការនោះឡើយ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក និង បណ្ដាប្រទេសជាសម្ពន្ធមិត្តផ្សេងៗទៀត នៅតែពុំទាន់មានទំនាក់ទំនងការទូតជាផ្លូវការ ជាមួយតៃវ៉ាន់ នោះទេ។ ប៉ុន្ដែសហរដ្ឋអាមេរិក ក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធទំនើបៗដ៏សំខាន់បំផុត និង ជាខ្នងបង្អែកដ៏រឹងមាំរបស់តៃវ៉ាន់ ខណៈក្រុងប៉េកាំង នៅតែទាមទារឲ្យក្រុងតៃប៉ិ ព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ចិន ចំពេលក្រុងប៉េកាំង មិនបដិសេធប្រើប្រាស់កម្លាំងយោធា។ ប៉ុន្ដែតៃវ៉ាន់ បានប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការអះអាងរបស់ចិន។
ការផ្គត់ផ្គង់គ្រឿងសព្វាវុធទំនើបៗ មកឲ្យតៃវ៉ាន់ បាន និង កំពុងតែជំរុញឲ្យក្រុងប៉េកាំង ផ្ទុះការខឹងសម្បាយ៉ាងខ្លាំង រហូតធ្វើឲ្យទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និង ចិន ធ្លាក់ចុះជាលំដាប់ ចាប់តាំងពីលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ខណៈនៅជាប្រធានសភា បានមកបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិ ចន្លោះពីថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២២។ លើសពីនេះទៅទៀត កាលពីចុងឆ្នាំ២០២២ សភាទាំង២របស់សហរដ្ឋអាមេរិក បានអនុម័តនូវកញ្ចប់ជំនួយយោធា ជួយដល់តៃវ៉ាន់ មានទំហំទឹកប្រាក់១០ពាន់លានដុល្លារ នៅក្នុងរយៈពេល៥ឆ្នាំ បន្ថែមពីលើការទិញគ្រឿងយុទ្ធោបករណ៍របស់ក្រុងតៃប៉ិ។ សកម្មភាពបែបនេះ ក៏ដោយសារតែក្រុមមន្ដ្រីជាន់ខ្ពស់ មន្ទីរបញ្ចកោណ បានប្រមើលមើល អំពីការបង្កើនសមត្ថភាពយោធារបស់ចិន អាចនឹងវាយលុក ទៅលើតៃវ៉ាន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕