
រដ្ឋធានីកៀវ៖ ស្របពេលក្រុងប៉េកាំង កំពុងតែខឹងសម្បាយ៉ាងខ្លាំង ជុំវិញការចោទប្រកាន់របស់មន្ដ្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក អំពីការផ្គត់ផ្គង់គ្រឿងសព្វាវុធ ជួយដល់ប្រទេសរុស្ស៊ី នោះ ស្រាប់តែប្រធានាធិបតីអ៊ុយក្រែន បែរជាងាកមកព្រមានបន្ថែមទៀត រឹតតែធ្វើឲ្យចិន កាន់តែពុះកញ្ជ្រោលឡើង។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានព្រមានដល់ប្រទេសចិន ប្រឆាំងនឹងការគាំទ្រដល់រុស្ស៉ី នៅក្នុងសង្គ្រាមឈ្លានពាន នៅលើទឹកដីរបស់អ៊ុយក្រែន។ សកម្មភាពបែបនេះ អាចនឹងបង្កឱ្យសង្គ្រាមលោកលើកទី៣ អាចនឹងផ្ទុះឡើង។
លោកប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃចន្ទ បានផ្ដល់នូវការអត្ថាធិប្បាយ នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត ឌី វែល (Die Welt) របស់អាល្លឺម៉ង់ ក្រោយពេលប្រមុខការទូតសហរដ្ឋអាមេរិក បានព្រមានដល់ប្រទេសចិន អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើក្រុងប៉េកាំង ផ្ដល់អាវុធ ជួយដល់ប្រទេសរុស្ស៉ី។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានបញ្ជាក់ថា « វាពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសរបស់យើង ខណៈចិនមិនផ្ដល់នូវការគាំទ្រ ជួយផ្គត់ផ្គង់គ្រឿងសព្វាវុធដល់ប្រទេសរុស្ស៊ី នៅក្នុងសង្គ្រាមនេះ...ប៉ុន្ដែវាជាការពិតណាស់ ខ្ញុំចង់ឱ្យចិនឈរនៅខាងយើង។ ប៉ុន្ដែបច្ចុប្បន្ន ខ្ញុំគិត ថា រឿងបែបនេះ មិនអាចទៅរួចនោះឡើយ។ បើទោះជាយ៉ាងណា ខ្ញុំមើលឃើញឱកាសជាក់ស្ដែង សម្រាប់ចិន អំពីអ្វីដែលកំពុងតែកើតឡើងនៅអ៊ុយក្រែន ព្រោះប្រសិនបើ ចិនរួមដៃជាមួយរុស្ស៉ី គឺពិតណាស់សង្គ្រាមលោកលើកទី៣ អាចនឹងផ្ទុះឡើង ហើយខ្ញុំគិត ថា ចិនក៏ដឹង អំពីរឿងនេះដែរ»។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក អេនតូនី ប៊ីលនខែន (Antony Blinken) រដ្ឋមន្ដ្រីក្រសួងការបរទេស សហរដ្ឋអាមេរិក បានចោទប្រកាន់ ថា ចិន កំពុងតែពិចារណា លើការផ្ដល់គ្រឿងយុទ្ធោបករណ៍របស់ខ្លួន ជួយដល់រុស្ស៊ី។ ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី បានព្រមានដល់ក្រុងប៉េកាំង ថា ការផ្គត់ផ្គង់នូវគ្រឿងសឹកណាមួយ ជួយដល់ក្រុងមូស្គូ សម្រាប់ការធ្វើសង្គ្រាមឈ្លានពាន នៅលើទឹកដីរបស់អ៊ុយក្រែន នឹងបណ្ដាលឲ្យមានបញ្ហាធ្ងន់ធ្ងរ។
លោក លីនសេ ហ្ក្រាហាំ (Linsey Graham) សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក បានបញ្ជាក់ ថា សមាជិកសភាអាមេរិក គាំទ្រយ៉ាងទូលំទូលាយ ដល់ការបណ្តុះបណ្តាលដល់កងទ័ពអាកាសរបស់អ៊ុយក្រែន ឲ្យចេះប្រើប្រាស់យន្ដហោះចម្បាំង F-16 ហើយគាត់ជឿ ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នឹងយល់ព្រម នៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។
សមាជិក ព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ រូបនេះ បានថ្លែងទៅកាន់បណ្ដាញទូរទស្សន៍ ABC News ថា រូបគាត់ផ្ទាល់ មិនបានព្រួយបារម្ភ ថា យន្ដហោះចម្បាំង F-16 នឹងបង្កើនជម្លោះ ឲ្យកាន់តែរីករាលដាលធំឡើងនោះឡើយ។ ដូច្នេះ កុំខ្វល់ អំពីរឿងបង្កហេតុជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ហើយក៏កុំខ្វល់ពីរឿងវាយពូទីន។
បន្ថែមពីលើនេះ លោក លីនសេ ហ្ក្រាហាំ (Linsey Graham) សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា ពិភពលោកគួរតែ«គាបសង្កត់ចិន» ប្រសិនបើចិនផ្តល់អាវុធ ជួយដល់រុស្ស៊ី។ ជាមួយគ្នានេះ គាត់ថែមទាំងបានណែនាំ ដល់មេដឹកនាំចិនកុំឱ្យធ្វើអ្វីផ្តេសផ្តាស ព្រោះបើសិនជាមេដឹកនាំចិន ឡើងជិះរថភ្លើងរបស់លោក ពូទីន ឥឡូវនេះ នឹងក្លាយជាអ្នកល្ងង់បំផុត។ វាដូចជាការទិញសំបុត្រ ជិះកប៉ាល់ទីតានិក ក្រោយពេលអ្នកបានមើលភាពយន្តអ៊ីចឹងដែរ។ ចូរកុំធ្វើបែបនេះ ព្រោះវានឹងក្លាយជារឿងមហន្តរាយបំផុត អាចនឹងកើតឡើង ចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។ … នោះនឹងផ្លាស់ប្តូរអ្វីៗជារៀងរហូត »។
ការចោទប្រកាន់របស់សហរដ្ឋអាមេរិក បានធ្វើឲ្យចិន ខឹងសម្បាយ៉ាងខ្លាំង ហើយថែមទាំងបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការលើកឡើង ដោយគ្មានមូលដ្ឋានច្បាស់លាស់។ ជាមួយគ្នានេះ លោក វ៉ាំង វ៉ែនប៊ីន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានបញ្ជាក់ ថា ចិន នឹងមិនដែលទទួលយកនូវការចង្អុលបង្ហាញ អំពីទំនាក់ទំនង រវាងចិន និង រុស្ស៊ី ឬ សូម្បីតែការបង្ខិតបង្ខំយើងយ៉ាងណាក៏ដោយ ហើយមានតែសហរដ្ឋអាមេរិកនោះទេ កំពុងតែដឹកជញ្ជូនគ្រឿងសព្វាវុធ ចូលទៅក្នុងសង្គ្រាម។ ចំណែកប្រទេសចិនវិញ នឹងមិនធ្វើដូច្នេះឡើយ ហើយចិន ចង់ឲ្យសហរដ្ឋអាមេរិក លើកកម្ពស់ដល់តម្លៃសន្ដិភាព និង ការសន្ទនាគ្នា រវាងភាគីជម្លោះ ប្រសើរជាងការបញ្ជូនអាវុធ៕
Advertising
