តៃវ៉ាន់ ភ័យខ្លាច​ចិន​ឈ្លានពាន ចាប់យក​សហរដ្ឋអាមេរិក​ជា​ខ្នងបង្អែក​

ព័ត៌មានអន្តរជាតិ
0
23


​ទីក្រុង​តៃប៉ិ​៖ ស្របពេល​ក្រុង​ប៉េកាំង កំពុងតែ​បង្កើន​សកម្មភាព​យោធា នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ដោយមាន​ទាំង​យន្ដហោះ​យោធា និង នាវាចម្បាំង ហោះហើរ និង ធ្វើ​នាវាចរណ៍ ចូលមកក្នុង​ដែនអាកាស និង ដែនទឹក​របស់ខ្លួន​ជា​ញឹកញាប់ ធ្វើ​ឲ្យ​ក្រុង​តៃប៉ិ កាន់តែ​មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង ហើយ​ងាក​ទៅ​បង្កើន​ចំណង​ទំនាក់ទំនង​យោធា ជាមួយ​សហរដ្ឋអាមេរិក និង បណ្ដា​ប្រទេស​សម្ពន្ធមិត្ត ដោយ​ថែមទាំង​ទិញ​គ្រឿង​សឹក​ទំនើបៗ យកមក​ត្រៀម​រៀបចំខ្លួន ទុកជាមុន សម្រាប់​ការធ្វើ​សឹកសង្គ្រាម​ជាមួយនឹង​ចិន ដែល​អាច​នឹង​កើតមានឡើង ជាយថាហេតុ ខណៈ​ការគំរាមកំហែង កាន់តែ​កើនឡើង​ខ្លាំង​។​

​សារព័ត៌មាន Taipei Times បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣ ថា ក្រុមតំណាងរាស្ដ្រ​របស់​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ដំណើរ​បំពេញ​ទស្សនកិច្ច មកកាន់​កោះ​តៃវ៉ាន់ នាពេលនេះ មិនមែន​សំដៅ​ទៅលើ​ការបង្ក​ហេតុ ជាមួយនឹង​ប្រទេស​ចិន នោះឡើយ​។ ប៉ុន្ដែ​វា​ជាការ​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ ផ្ដោតទៅលើ​វិស័យសេដ្ឋកិច្ច និង នយោបាយ ឱ្យ​កាន់តែ​ស៊ីជម្រៅ ខណៈ​កិច្ចពិភាក្សា​របស់​ភាគី​ទាំង​២ ត្រូវបាន​ធ្វើឡើង តាម​ការគ្រោងទុក​។​

​លោក រ៉ូ ខាន់​ណា (Ro Khanna) ជា​អ្នកដឹកនាំ​គណៈប្រតិភូ​មួយក្រុម មកពី​សភា​របស់​សហ​រដ្ឋ​អាមេរិក បាន​ថ្លែង ក្រោយ​ជំនួប កាលពី​ថ្ងៃ​ចន្ទ ជាមួយនឹង​លោក ម័​រ​រី​ស ចាង ( Morris Chan) ស្ថាបនិក ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​តៃវ៉ាន់ ហៅ​កាត់ TSMC ថា «​សហរដ្ឋអាមេរិក និង តៃវ៉ាន់ នឹង​បង្កើន​នូវ​កិច្ចសហប្រតិបត្ដិការ នៅក្នុង​ផលិត និង រុករក​ផលប្រយោជន៍​របស់​ពិភពលោក​»​។​

​គណៈប្រតិភូ មកពី​សភា​សហរដ្ឋអាមេរិក រួមមាន លោក រ៉ូ ខាន់​ណា​(Ro Khanna), លោក ជេ​ក អូ​ជិន​ក្លូ​ស (Jake Auchincloss), លោក ចូ​ណា​ថា​ន់ ជេ​ក​សុន (Jonathan Jackson) និង តូ​នី​ហ្គូ​ន​ហ្សា​ឡេស (Tony Gonzales) បានមក​ដល់​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃអាទិត្យ ហើយ​គ្រោង​នឹងធ្វើ​ដំណើរ​ត្រឡប់​ទៅវិញ នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​លោកស្រី កូ​ឡាស យ៉ូ​តា​កា (Kolas Yotaka) អ្នកនាំពាក្យ ការិយាល័យ​របស់​ប្រធានាធិបតី​តៃវ៉ាន់ បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ចន្ទ ថា លោកស្រី សៃ អ៊ីង​វិ​ន (Tsai Ing-wen) ប្រធានាធិបតី​តៃវ៉ាន់ និង លោក រ៉ូ ខាន់​ណា​(Ro Khanna) នឹង​ចែករំលែក​នូវ​ទស្សនៈ​គ្នា​ជាច្រើន ទៅលើ​ទំនាក់ទំនង​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម សន្ដិសុខ​ក្នុង​តំបន់ ការអភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល និង សន្ដិសុខ​ព័ត៌មាន​។​

​លោកស្រី សៃ អ៊ីង​វិ​ន (Tsai Ing-wen) ប្រធានាធិបតី​តៃវ៉ាន់ បានបញ្ជាក់ កាលពី​ថ្ងៃ​អង្គារ ថា តៃវ៉ាន់ នឹង​ពង្រឹង​នូវ​ចំណងទាក់ទង​ផ្នែក​យោធា​របស់ខ្លួន ជាមួយ​សហរដ្ឋអាមេរិក ហើយនឹង​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ជាមួយ​ក្រុង​វ៉ាស៊ីនតោន ក៏ដូចជា ប្រទេស​ជា​មិត្ត​ដទៃទៀត​។​

​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ បាន​ថ្លែង​ទៅកាន់​សមាជិកសភា​មួយក្រុម​របស់​សហរដ្ឋ​អាមេរិក ដែល​កំពុងតែ​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​តៃប៉ិ ថា «​តៃវ៉ាន់ និង សហរដ្ឋអាមេរិក នឹង​បន្ត​ពង្រឹង​នូវ​ទំនាក់ទំនង​យោធា ហើយ​ទៅ​ថ្ងៃ​អនាគត តៃវ៉ាន់ នឹង​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ជិតស្និទ្ធ និង មាន​ភាព​សកម្ម​បន្ថែមទៀត ជាមួយ​អាមេរិក និង ប្រទេស​ជា​ដៃគូ​ផ្សេងៗ​ទៀត ដើម្បី​ប្រឈមមុខ​នឹង​បញ្ហា​សកល​ជាច្រើន​ទៀត​»​។

​ទោះជា​យ៉ាងណា លោកស្រី ប្រធានាធិបតី​តៃវ៉ាន់ មិនបាន​បញ្ជាក់​លម្អិត អំពី​ខ្លឹមសារ នៃ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយនឹង​សហរដ្ឋអាមេរិក ជុំវិញ​លោក មី​ឈែល ឆេស (Michael Chase) មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក ទទួលបន្ទុក​កិច្ចការ​ចិន បានមក​បំពេញ​ទស្សនកិច្ច នៅ​កោះ​តៃវ៉ាន់ ដោយ​ពុំបាន​ប្រកាស​ឱ្យដឹង​ជា​ផ្លូវការ​នោះឡើយ​។​

​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ សហរដ្ឋអាមេរិក និង បណ្ដា​ប្រទេស​ជា​សម្ពន្ធមិត្ត​ផ្សេងៗ​ទៀត នៅតែ​ពុំទាន់​មាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ ជាមួយ​តៃវ៉ាន់ នោះទេ​។ ប៉ុន្ដែ​សហរដ្ឋអាមេរិក ក្លាយជា​អ្នកផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ទំនើបៗ​ដ៏​សំខាន់បំផុត និង ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​តៃវ៉ាន់ ខណៈ​ក្រុង​ប៉េកាំង នៅតែ​ទាមទារ​ឲ្យ​ក្រុង​តៃប៉ិ ព្រម​ទទួលយក​នូវ​ដែន​អធិបតេយ្យភាព​របស់​ចិន ចំពេល​ក្រុង​ប៉េកាំង មិន​បដិសេធ​ប្រើប្រាស់​កម្លាំងយោធា​។ ប៉ុន្ដែ​តៃវ៉ាន់ បាន​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ចំពោះ​ការអះអាង​របស់​ចិន​។​

​ការផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ទំនើបៗ មក​ឲ្យ​តៃវ៉ាន់ បាន និង កំពុងតែ​ជំរុញ​ឲ្យ​ក្រុង​ប៉េកាំង ផ្ទុះ​ការខឹង​សម្បា​យ៉ាងខ្លាំង រហូត​ធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត រវាង​សហរដ្ឋអាមេរិក និង ចិន ធ្លាក់ចុះ​ជា​លំដាប់ ចាប់តាំងពី​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ខណៈ​នៅ​ជា​ប្រធានសភា បានមក​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​តៃប៉ិ ចន្លោះ​ពីថ្ងៃ​ទី​២-៣ ខែសីហា ឆ្នាំ​២០២២​។ លើសពីនេះទៅទៀត កាលពី​ចុងឆ្នាំ​២០២២ សភា​ទាំង​២​របស់​សហរដ្ឋអាមេរិក បានអនុម័ត​នូវ​កញ្ចប់​ជំនួយ​យោធា ជួយ​ដល់​តៃវ៉ាន់ មាន​ទំហំ​ទឹកប្រាក់​១០​ពាន់​លាន​ដុល្លារ នៅក្នុង​រយៈពេល​៥​ឆ្នាំ បន្ថែម​ពីលើ​ការទិញ​គ្រឿងយុទ្ធោបករណ៍​របស់​ក្រុង​តៃប៉ិ​។ សកម្មភាព​បែបនេះ ក៏​ដោយសារតែ​ក្រុម​មន្ដ្រីជាន់ខ្ពស់ មន្ទីរ​បញ្ច​កោណ បាន​ប្រមើលមើល អំពី​ការបង្កើន​សមត្ថភាព​យោធា​របស់​ចិន អាច​នឹង​វាយលុក ទៅលើ​តៃវ៉ាន់ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​៕