ប្រធានាធិបតី​ហ្សេ​ឡែ​ន​ស្គី ព្រមាន​ចិន ក្រោយ​ប្រមុខ​ការទូត​អាមេរិក​អុជ​ចិន​ឲ្យ​ឆេះ​

ព័ត៌មានអន្តរជាតិ
0
108



​រដ្ឋធានី​កៀវ​៖ ស្របពេល​ក្រុង​ប៉េកាំង កំពុងតែ​ខឹងសម្បា​យ៉ាងខ្លាំង ជុំវិញ​ការចោទប្រកាន់​របស់​ម​ន្ដ្រី​ជាន់ខ្ពស់​របស់​សហ​រដ្ឋ​អាមេរិក អំពី​ការផ្គត់ផ្គង់​គ្រឿង​សព្វាវុធ ជួយ​ដល់​ប្រទេស​រុស្ស៊ី នោះ ស្រាប់តែ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បែរជា​ងាក​មក​ព្រមាន​បន្ថែមទៀត រឹតតែ​ធ្វើ​ឲ្យ​ចិន កាន់តែ​ពុះកញ្ជ្រោល​ឡើង​។​

​ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣ ថា លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ព្រមាន​ដល់​ប្រទេស​ចិន ប្រឆាំងនឹង​ការគាំទ្រ​ដល់​រុ​ស្ស៉ី នៅក្នុង​សង្គ្រាម​ឈ្លានពាន នៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។ សកម្មភាព​បែបនេះ អាច​នឹង​បង្ក​ឱ្យ​សង្គ្រាមលោកលើកទី​៣ អាច​នឹង​ផ្ទុះឡើង​។​

​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ចន្ទ បានផ្ដល់​នូវ​ការអត្ថាធិប្បាយ នៅក្នុង​បទសម្ភាសន៍​មួយ ជាមួយ​កាសែត ឌី វែ​ល (Die Welt) របស់​អាល្លឺម៉ង់ ក្រោយពេល​ប្រមុខ​ការទូត​សហរដ្ឋអាមេរិក បាន​ព្រមាន​ដល់​ប្រទេស​ចិន អំពី​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​ក្រុង​ប៉េកាំង ផ្ដល់​អាវុធ ជួយ​ដល់​ប្រទេស​រុ​ស្ស៉ី​។​

​លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​បញ្ជាក់ថា « វា​ពិតជា​សំខាន់​ខ្លាំងណាស់ សម្រាប់​ប្រទេស​របស់​យើង ខណៈ​ចិន​មិន​ផ្ដល់នូវ​ការគាំទ្រ ជួយ​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ដល់​ប្រទេស​រុស្ស៊ី នៅក្នុង​សង្គ្រាម​នេះ​...​ប៉ុន្ដែ​វា​ជាការ​ពិតណាស់ ខ្ញុំ​ចង់ឱ្យ​ចិន​ឈរ​នៅ​ខាងយើង​។ ប៉ុន្ដែ​បច្ចុប្បន្ន ខ្ញុំ​គិត ថា រឿង​បែបនេះ មិនអាច​ទៅរួច​នោះឡើយ​។ បើទោះជា​យ៉ាងណា ខ្ញុំ​មើលឃើញ​ឱកាស​ជាក់ស្ដែង សម្រាប់​ចិន អំពី​អ្វីដែល​កំពុងតែ​កើតឡើង​នៅ​អ៊ុយ​ក្រែ​ន ព្រោះ​ប្រសិនបើ ចិន​រួម​ដៃ​ជាមួយ​រុ​ស្ស៉ី គឺ​ពិតណាស់​សង្គ្រាមលោកលើកទី​៣ អាច​នឹង​ផ្ទុះឡើង ហើយ​ខ្ញុំ​គិត ថា ចិន​ក៏​ដឹង អំពី​រឿង​នេះដែរ​»​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ថា លោក អេ​ន​តូ​នី ប៊ី​លន​ខែ​ន (Antony Blinken) រដ្ឋមន្ដ្រី​ក្រសួងការបរទេស សហរដ្ឋអាមេរិក បាន​ចោទប្រកាន់ ថា ចិន កំពុងតែ​ពិចារណា លើ​ការផ្ដល់​គ្រឿងយុទ្ធោបករណ៍​របស់ខ្លួន ជួយ​ដល់​រុស្ស៊ី​។ ជាមួយគ្នានេះ លោក​រដ្ឋមន្ដ្រី បាន​ព្រមាន​ដល់​ក្រុង​ប៉េកាំង ថា ការផ្គត់ផ្គង់​នូវ​គ្រឿង​សឹក​ណាមួយ ជួយ​ដល់​ក្រុង​មូ​ស្គូ សម្រាប់​ការធ្វើ​សង្គ្រាម​ឈ្លានពាន នៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​។​

​លោក លីន​សេ ហ្ក្រា​ហាំ (Linsey Graham) សមាជិក​ព្រឹទ្ធសភា សហរដ្ឋអាមេរិក បានបញ្ជាក់ ថា សមាជិកសភា​អាមេរិក គាំទ្រ​យ៉ាង​ទូលំទូលាយ ដល់​ការបណ្តុះបណ្តាល​ដល់​កង​ទ័ពអាកាស​របស់​អ៊ុយ​ក្រែ​ន ឲ្យ​ចេះ​ប្រើប្រាស់​យន្ដហោះ​ចម្បាំង F-16 ហើយ​គាត់​ជឿ ថា រដ្ឋបាល​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន (Joe Biden) នឹង​យល់ព្រម នៅក្នុងពេល​ដ៏​ឆាប់ៗ​ខាងមុខនេះ​។​

​សមាជិក ព្រឹទ្ធសភា មកពី​គណបក្ស​សាធារណរដ្ឋ រូបនេះ បាន​ថ្លែង​ទៅកាន់​បណ្ដាញ​ទូរទស្សន៍ ABC News ថា រូបគាត់​ផ្ទាល់ មិនបាន​ព្រួយបារម្ភ ថា យន្ដហោះ​ចម្បាំង F-16 នឹង​បង្កើន​ជម្លោះ ឲ្យ​កាន់តែ​រីក​រាលដាល​ធំ​ឡើង​នោះឡើយ​។ ដូច្នេះ កុំ​ខ្វល់ អំពី​រឿង​បង្កហេតុ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ហើយក៏​កុំ​ខ្វល់​ពី​រឿង​វាយ​ពូ​ទីន​។​

​បន្ថែម​ពីលើ​នេះ លោក លីន​សេ ហ្ក្រា​ហាំ (Linsey Graham) សមាជិក​ព្រឹទ្ធសភា សហរដ្ឋអាមេរិក បាន​សង្កត់ធ្ងន់ ថា ពិភពលោក​គួរតែ​«​គាបសង្កត់​ចិន​» ប្រសិនបើ​ចិន​ផ្តល់​អាវុធ ជួយ​ដល់​រុស្ស៊ី​។ ជាមួយគ្នានេះ គាត់​ថែមទាំង​បាន​ណែនាំ ដល់​មេដឹកនាំ​ចិន​កុំ​ឱ្យធ្វើ​អ្វី​ផ្តេសផ្តាស ព្រោះ​បើសិនជា​មេដឹកនាំ​ចិន ឡើង​ជិះ​រថភ្លើង​របស់លោក ពូ​ទីន ឥឡូវនេះ នឹង​ក្លាយជា​អ្នក​ល្ងង់​បំផុត​។ វា​ដូចជា​ការទិញ​សំបុត្រ ជិះ​កប៉ាល់​ទី​តា​និក ក្រោយពេល​អ្នក​បាន​មើល​ភាពយន្ត​អ៊ីចឹង​ដែរ​។ ចូរ​កុំ​ធ្វើបែបនេះ ព្រោះ​វា​នឹង​ក្លាយជា​រឿង​មហន្តរាយ​បំផុត អាច​នឹង​កើតឡើង ចំពោះ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន​។ … នោះ​នឹង​ផ្លាស់ប្តូរ​អ្វីៗ​ជា​រៀងរហូត »​។​

​ការចោទប្រកាន់​របស់​សហរដ្ឋអាមេរិក បានធ្វើ​ឲ្យ​ចិន ខឹងសម្បា​យ៉ាងខ្លាំង ហើយ​ថែមទាំង​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ការលើកឡើង ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ ជាមួយគ្នានេះ លោក វ៉ាំ​ង វ៉ែន​ប៊ី​ន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេស​ចិន បានបញ្ជាក់ ថា ចិន នឹង​មិនដែល​ទទួលយក​នូវ​ការចង្អុលបង្ហាញ អំពី​ទំនាក់ទំនង រវាង​ចិន និង រុស្ស៊ី ឬ សូម្បីតែ​ការបង្ខិតបង្ខំ​យើង​យ៉ាងណាក៏ដោយ ហើយ​មានតែ​សហរដ្ឋអាមេរិក​នោះទេ កំពុងតែ​ដឹកជញ្ជូន​គ្រឿង​សព្វាវុធ ចូលទៅក្នុង​សង្គ្រាម​។ ចំណែក​ប្រទេស​ចិន​វិញ នឹងមិន​ធ្វើ​ដូច្នេះ​ឡើយ ហើយ​ចិន ចង់​ឲ្យ​សហរដ្ឋអាមេរិក លើកកម្ពស់​ដល់​តម្លៃ​សន្ដិភាព និង ការសន្ទនា​គ្នា រវាង​ភាគី​ជម្លោះ ប្រសើរ​ជាង​ការបញ្ជូន​អាវុធ​៕​

Advertising