​ប្រ​ធា​ធិបតី​បៃ​ដិ​ន ទៅកាន់​អ៊ុយ​ក្រែ​ន ទទួលបាន​ទាំង​ការរិះគន់​និង​កោត​សរសេរ​ពី​ព្រឹទ្ធសភា​អាមេរិក​

ព័ត៌មានអន្តរជាតិ
0
18



រដ្ឋធានី​វ៉ាស៊ីនតោន​៖ ស្របពេល​ប្រធានាធិបតី​សហរដ្ឋអាមេរិក កំពុងតែ​បង្ហាញ​វត្ដ​មាន​របស់គាត់ នៅក្នុង​រដ្ឋធានី​កៀវ ដើម្បី​បញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន គាំទ្រ​យ៉ាង​ពេញទំហឹង ជួយ​ដល់​អ៊ុយ​ក្រែ​ន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពិភពលោក​នោះ ក៏មាន​ក្រុមតំណាងរាស្ដ្រ​មួយចំនួន​របស់​ប្រទេស​មហាអំណាច​កំពូល​មួយ​នេះ បាន​បញ្ចេញ​នូវ​ទស្សនៈ​រិះគន់​យ៉ាងខ្លាំង​ផងដែរ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣ ថា ក្រុម​សាធារណរដ្ឋ​ស្ដាំនិយម​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក កំពុងតែ​រិះគន់ ដល់​ដំណើរ​ទស្សនកិច្ច​មិនបាន​ប្រកាស​ជាមុន​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន (Joe Biden) ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ព្រោះ​វា​អាច​នឹង​បង្កឱ្យមាន​វិបត្តិ នៅក្នុង​ប្រទេស ដោយសារតែ​ពួកគេ ចោទប្រកាន់ ដល់​លោក​ប្រធានាធិបតី ថា មិន​អើពើ ខណៈ​គាត់​បាន​សន្យា ថា ក្រុង​វ៉ាស៊ីនតោន នៅតែ​បន្ដ​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ (Kyiv)​។​

​ការប្រឆាំង​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន កាលពី​ថ្ងៃ​ចន្ទ បាន​គូសបញ្ជាក់ អំពី​ទស្សនៈ​របស់​ក្រុម​តូច​មួយ ប៉ុន្តែ​វា​ជា​សំឡេង​របស់​សមាជិកសភា​អភិរក្ស​ជ្រុលនិយម​មួយក្រុម​របស់​សហរដ្ឋ​អាមេរិក មានការ​សង្ស័យ ចំពោះ​ការគាំទ្រ​របស់​ក្រុង​វ៉ាស៊ីនតោន ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។​



​លោក អេ​ន​ឌី អូ​ហ្លេ​ស (Andy Ogles) សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ និង ជា​ពាណិជ្ជករ​មួយរូប បាន​ចោទប្រកាន់ ដល់​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ថា បានផ្តល់​អាទិភាព ដល់​«​ដំណើរ​ទស្សនកិច្ច​នយោបាយ​» កាលពី​ថ្ងៃ​ចន្ទ​។​

​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក រូបនេះ បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធើរ ដោយ​សំដៅ​ទៅលើ​ការ​ធ្លាយ​សារធាតុ​គីមី​ពុល បន្ទាប់ពី​រថភ្លើង​បាន​ធ្លាក់​ពីលើ​ផ្លូវ នៅក្នុង​រដ្ឋ​អូ​ហា​យ៉ូ Ohio កាលពី​ដើមខែ​នេះ ថា «​លោក បៃ​ដិ​ន ជា​អាមេរិកាំង​ចុងក្រោយ បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន មុនពេល​ទៅសួរសុខទុក្ខ​ដល់​ប្រជាជន រស់នៅ​ដោយ​វិបត្តិ​បរិស្ថាន នៅ​ភូមិ​ប៉ា​ឡេ​ស្ទី​ន ភាគ​ខាងកើត រដ្ឋ​អូ​ហា​យ៉ូ (Ohio) ។​

​បើទោះជា​យ៉ាងណាក៏ដោយ ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ក៏​ទទួលបាន​ការសរសើរ ពី​គណបក្ស​ប្រជាធិបតេយ្យ ដោយ​ចាត់ទុក «​ភាពជា​អ្នកដឹកនាំ​»​របស់លោក​ប្រធានាធិបតី នៅក្នុង​ការគាំទ្រ ជួយ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​ក្រុម​អ្នក​រិះគន់​ជាច្រើន មកពី​គណបក្ស​សាធារណរដ្ឋ បានកត់សម្គាល់ ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន បាន​ចាក​ចេញពី​ប្រទេស ចំ​ទិវា​របស់​ប្រធានាធិបតី ជា​ថ្ងៃ​ឈប់សម្រាក​របស់​ប្រជាជន​អាមេរិកាំង ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់លោក​ប្រធានាធិបតី​ទី​១​របស់​ប្រទេស គឺ​លោក ច​ច វ៉ាស៊ីនតោន (George Washington)​។ ទន្ទឹមគ្នានេះ ក្រុម​អ្នក​រិះគន់​ទាំងនោះ ក៏បាន​លើកឡើង​ផងដែរ អំពី​អ្វីដែល​ពួកគេ ហៅថា «​វិបត្តិ​» នៅតាម​ព្រំដែន នា​ភាគខាងត្បូង​របស់​សហ​រដ្ឋ​អាមេរិក ដោយសារតែ​ចំនួន​កំណត់ត្រា នៃ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន បានមក​ដល់ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ​ថ្មីៗ​នេះ ក្នុងការ​ស្វែងរក​កិច្ចការពារ ជួយ​ដល់​ពួកគេ​។​

​លោកស្រី ម៉ា​ចូ​រី ថៃ​ល័​រ ហ្គ្រី​ន (Marjorie Taylor Greene) សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ បានបញ្ជាក់ នៅក្នុង​បណ្ដាញ​សង្គម ថា «​ថ្ងៃនេះ ជា​ទិវា​របស់​ប្រធានាធិបតី​យើង ប៉ុន្ដែ​លោក ចូ​បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក បែរជា​ជ្រើសរើស​នូវ​ការធ្វើដំណើរ ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ជាជាង​សហរដ្ឋអាមេរិក ខណៈ​បង្ខំ​ប្រជាជន​អាមេរិក ឱ្យ​បង់ប្រាក់ សម្រាប់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង សង្គ្រាម​ទៅវិញ​»​។​

​ស្របគ្នា​នេះដែរ លោក ម៉ា​ត ហ្គេ​ត​ហ្ស៍ (Matt Gaetz) តំណាងរាស្ដ្រ​ស្ដាំនិយម ក៏បាន​ឆ្លើយតប ថា ប្រជាជន​អ៊ុយ​ក្រែ​ន «​អាច​រក្សា​» ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​។ ប៉ុន្ដែ​នៅពេល​ព្រំដែន​របស់​ប្រទេស​យើង មាន​វិបត្ដិ លោក​ប្រ​ធានា​ធា​ធិបតី ចូ បៃ​ដិ​ន ត្រូវ​ត្រឡប់មក​ប្រទេស​វិញ​។​

​នៅក្នុង​ដំណើរ​ទៅកាន់​រដ្ឋធានី​កៀវ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដល់​ពិភពលោក កាលពី​ថ្ងៃ​ចន្ទ នោះ លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក បានប្រកាស អំពី​ជំនួយ​យោធា​បន្ថែម មាន​ទំហំ​ទឹកប្រាក់ ៥០០​លាន​ដុល្លារ​។ នេះ​ជា​ផ្នែក​មួយ នៃ​ជំនួយ​មាន​ទឹកប្រាក់ រាប់ពាន់​លាន​ដុល្លារ ដែល​ក្រុង​វ៉ាស៊ីនតោន បានផ្ដល់​ឲ្យ​ក្រុង​កៀវ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមកដល់​ពេលនេះ​។​

​ទោះជា​យ៉ាងណាក៏ដោយ សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ ភាគច្រើនបំផុត នៅតែ​បន្ដ​គាំទ្រ ដល់​គោលជំហរ​របស់​ក្រុង​វ៉ាស៊ីនតោន សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ដដែល​។ ប៉ុន្ដែ​សមាជិក​ព្រឹទ្ធសភា​ទាំងនោះ ក៏បាន​ស្ដីបន្ទោស​ដល់​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន មិនបាន​បង្កើន​នូវ​ការរារាំង​ឲ្យ​បាន​ខ្លាំងក្លា ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​ទន្ទឹមគ្នា​នេះដែរ ក្រុមមន្ដ្រី​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ជំនួយ​យោធា​របស់​សហរដ្ឋអាមេរិក គឺជា​ការចាំបាច់​បំផុត មិន​ត្រឹមតែ សម្រាប់​ជា​ផលប្រយោជន៍ ដល់​សម្ពន្ធមិត្ត​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ​ការពារ​ច្បាប់ ប្រឆាំងនឹង​សង្គ្រាម​ដែល​មិនបាន​បង្កហេតុ និង ការពារ​ដល់​សណ្តាប់ធ្នាប់​អន្តរជាតិ​បន្ថែម​ទៀតផង​។​

​លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ថ្លែង នៅក្នុង​រដ្ឋធានី​កៀវ ខណៈ​ជួប​ជាមួយនឹង​សម​ភាគី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ថា «​ការឈ្លានពាន​របស់​រុស្ស៊ី ជា​អំពើ​ដ៏​ឃោរឃៅ និង អ​យុត្ដិធម៌​បំផុត​។ ដូច្នេះ សហរដ្ឋអាមេរិក នៅតែ​ឈរ​ជាមួយនឹង​អ៊ុយ​ក្រែ​ន ពិភពលោក​នៅតែ​បន្ដ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន រហូតដល់​បញ្ចប់សង្គ្រាម​នេះ​»៕​