
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៉ីន ស៉ីណាវ៉ាត់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយរបស់ប៉ូលិសកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីមានបញ្ហាសុខភាពនៅថ្ងៃដំបូងនៃការឃុំខ្លួនរូបលោក ក្រោយត្រឡប់ចូលប្រទេសវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅថ្ងៃទី២២ ខែសីហា ត្រូវបានឃុំខ្លួន នៅពន្ធនាគារ Bangkok Remand Prison ក្រោយតុលាការកំពូល បានសម្រេចឱ្យលោកជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ។ យ៉ាងណាមិញ ក្រោយឃុំខ្លួន បានប៉ុន្មានម៉ោង អតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ូលិស Police General Hospital ដោយសារស្ថានភាពសុខភាព។
តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានឃុំឃាំង លោក Ayuth Sintoppant លោក ថាក់ស៊ីន ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យនៅវេលាម៉ោង ១២ និង២០យប់ ក្នុងថ្ងៃទី២៣ ខែសីហា ដោយសារលោកឈឺដើមទ្រូង, ឡើងឈាម និងមានកម្រិតអុកស៊ីហ្សែនទាបនៅក្នុងឈាម រួមទាំងមិនអាចសម្រាកបាន។
ពាណិជ្ជកម្ម
ទន្ទឹមនេះ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ក៏បានពិនិត្យលើស្ថានភាពសុខភាពរបស់លោកថាក់ស៊ីន រួមទាំងមើលពី ឯកសារសុខភាពរបស់អតីតមេដឹកនាំថៃរូបនេះ ដែលធ្លាប់ពិនិត្យនៅបរទេសផង។ ឯកសារសុខភាពនោះ បានបញ្ជាក់ថា លោកថាក់ស៊ីន មានជំងឺមួយចំនួន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
សេចក្តីថ្លែងការណ៍បាននិយាយទៀតថា គ្រូពេទ្យបានរកឃើញថាសម្ពាធឈាមរបស់លោកថាក់ស៊ីនឡើងខ្ពស់ ហើយលោកមានកម្រិតអុកស៊ីហ្សែនក្នុងឈាមទាប ដោយបន្ថែមថាមន្ត្រីកែប្រែនឹងតាមដានគាត់យ៉ាងដិត ដល់ក្នុងអំឡុងពេលព្យាបាល។
នាយកដ្ឋានកាលពីថ្ងៃអង្គារ បានដាក់លោកថាក់ស៊ីន ឱ្យនៅដាច់ដោយឡែកពីគេក្នុងមន្ទីរពេទ្យរបស់ពន្ធនាគារ បន្ទាប់ពីគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថាគាត់មានជំងឺរួមគ្នាចំនួនបួនគឺ រួមមាន Ischemia, ការឆ្លងមេរោគសួតធ្ងន់ធ្ងរ, ជំងឺលើសឈាម និងឈឺ ឆ្អឹងខ្នង និង ក្លនលូនថាសស្នៀតកងខ្នង៕