វិទ្យាសាស្ត្រ

ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញទឹកជាលើកដំបូងនៅក្នុងបរិយាកាស

យោងតាមការសិក្សាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញទឹកជាលើកដំបូងនៅក្នុងបរិយាកាសរបស់ភព K2-18b មានសណ្ឋានស្រដៀងគ្នានឹងផែនដី ដែលកំពុងដើរគន្លងជុំវិញតារានៅឆ្ងាយមួយដួង គឺជាភស្តុតាងបញ្ជាក់ពីរូបផ្សំសំខាន់មួយសម្រាប់ជីវិតមាននៅមិនឆ្ងាយប៉ុន្មានពីប្រព័ន្ធព្រះអាទិត្យរបស់ពួកយើង។ គួរឲ្យដឹងថា ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យគ្រប់ប្រភេទ និងគ្រប់ទំហំ ចំនួន៤.០០០ភព ត្រូវបានរកឃើញ។ ការរកឃើញចុងក្រោយនេះដែរ ត្រូវបានរាយការណ៍នៅក្នុងការស្រាវជ្រាវមួយដោយក្រុមអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យក្រុងឡុងដ៍(UCL) និងបានចុះផ្សាយនៅលើទំព័រកាសែត Nature Astronomy ។ លោក Ingo Waldmann គឺជារូបតារាវិទូប្រចំានៅសាកលវិទ្យាល័យ UCL បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា យើងបានរកឃើញទឹកពិតមែន ដែលការរកឃើញនេះ ធ្វើឡើងដោយកែវយឹត Hubble Space Telescope តាមរយៈការវិភាគលើបរិយាកាសរបស់ភព K2-18b ។ លោកនិយាយថា នេះគឺជាលើកដំបូងហើយដែលយើងបានរកឃើញទឹកនៅលើភពមួយដែលអាចរស់នៅបាន ជាទីដែលមានសីតុណ្ហភាពសមស្របល្មមអាចរស់នៅបាន។...