មក​ដឹង​ពី​បេ​ឧបសគ្គ​របស់​មេគណបក្ស​ឈ្នះឆ្នោត សម្រាប់​តំណែង​នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ថៃ​

ព័ត៌មានអន្តរជាតិ
0
0


​រាជធានី​បាងកក​៖ ស្របពេល​សម្ពន្ធភាព​គ​ណ​បក្សប្រឆាំង​ចំនួន​៨ ដឹកនាំ​ដោយ​គណបក្ស​ឆ្ពោះទៅមុខ នៅតែ​មិនទាន់មាន​អាសនៈ​គ្រប់គ្រាន់ យ៉ាងតិច​ចំនួន ៣៧៦​នាក់ ពី​ក្នុងចំណោម​សមាជិកសភា ចំនួន​៥០០​នាក់ និង សមាជិក​ព្រឹទ្ធសភា ចំនួន​២៥០​នាក់​នោះ បេក្ខជន​ជាច្រើន​ទៀត អាច​នឹងត្រូវ​តែងតាំង សម្រាប់​តំណែង​នាយករដ្ឋមន្ដ្រី​ថ្មី នៅក្នុង​ប្រទេស​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​២៦ ខែមិថុនា ថា លោក អាកា​នី​ត មួន​សាវ៉ាដ (Akanit Muensawad) សមាជិក​ព្រឹទ្ធសភា បាន​អះអាង ថា ឈ្មោះ​ជាច្រើន​ទៀត អាច​នឹង​តែងតាំង សម្រាប់​សម័យប្រជុំ​សភា ជ្រើសរើស​នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ប្រទេស​ថៃ ក្រៅពី​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party ហៅ​កាត់ MFP)​។​

​លោក​ឧត្ដមសេនីយ៍ អាកា​នី​ត បានបញ្ជាក់ ថា គាត់​កំពុងតែ​ឆ្លើយតប​ទៅនឹង​សម្ពាធ កាន់តែខ្លាំង​ឡើង ពី​អ្នកគាំទ្រ​របស់​គណបក្ស​ឆ្ពោះទៅមុខ ដើម្បី​ជំរុញ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត​គាំទ្រ​ដល់​លោក ភី​ថា ជា​នាយករដ្ឋមន្ត្រី​ថ្មី​។ ប៉ុន្ដែ​បេក្ខភាព​ជាច្រើន អាច​នឹងត្រូវ​តែងតាំង ហើយ​សមាជិក​ព្រឹទ្ធសភា មាន​សិទ្ធិ​បោះឆ្នោត គាំទ្រ​ដល់​អ្នកណាម្នាក់ ដែល​ពួកគេ​ចាត់ទុក ថា ជា​ជម្រើស​ដ៏​សមស្រប​បំផុត ទាំង​មាត្រដ្ឋាន​សីលធម៌ និង សមត្ថភាព​។​

​សមាជិក​ព្រឹទ្ធសភា រូបនេះ បាន​បន្ថែម ថា «​ជា​ការពិតហើយ បេក្ខភាព​ទាំងនោះ គួរតែ​ប្រមូល​សំឡេងគាំទ្រ​ឲ្យ​បាន យ៉ាងតិច ចំនួន​៣៧៦ ពី​សមាជិកសភា​។ បើ​ធ្វើដូច្នេះបាន គឺ​មិនចាំបាច់​ពឹង​ទៅលើ​ព្រឹទ្ធសភា បោះឆ្នោត​ជ្រើសរើស​ឲ្យ​ក្លាយ​នាយ​រដ្ឋមន្ដ្រី​នោះដែរ​។ ប៉ុន្ដែ​នេះ​ក៏​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរំពឹងទុក​លើ​ព្រឹទ្ធសភា អាច​នឹងត្រូវ​ស្តីបន្ទោស ពី​អ្នកគាំទ្រ​របស់​គណបក្ស​ឆ្ពោះទៅមុខ (MFP) នៅក្នុង​ព្រឹត្តិការណ៍ លោក ភី​ថា ប្រធាន​គណបក្ស MFP ទទួលបាន​សំឡេង​តិចជាង ៣៧៦​។​

​លោក​ឧត្ដមសេនីយ៍ អាកា​នី​ត បាន​បន្ថែម ថា «​អ្នកនឹង​អាចបង្កើត​រដ្ឋាភិបាល​ថ្មី​បាន ប្រសិនបើ​អ្នកទទួលបាន​អាសនៈ​ចំនួន​៣៧៦​សំឡេង ចាប់តាំងពី​ដំបូង​។ តើ​អ្នក​អាចធ្វើ​បានទេ ហើយ​វា​ជា​កំហុស​របស់​ព្រឹទ្ធសភា​ដែរឬទេ​?»​។​

​លោក ចា​ត ស៊ីរ៉ា​ថា​រ៉ា​ណុន (Jate Siratharanont) សមាជិក​ព្រឹទ្ធសភា បាន​អះអាង ថា​សមាជិក​ព្រឹទ្ធសភា​មួយចំនួន បាន​បិទទ្វារ លើ​កិច្ចពិភាក្សា អាចធ្វើ​ជាមួយ​គណបក្ស​ឆ្ពោះទៅមុខ ស្របពេល​គណបក្ស​ឈ្នះឆ្នោត​មួយ​នេះ កំពុងតែ​ស្វែងរក​នូវ​ការគាំទ្រ​ពី​ព្រឹទ្ធសភា សម្រាប់​លោក ភី​ថា ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​។ ចំណែក​បញ្ហា​ឧបសគ្គ នៅត្រង់ ថា គណបក្ស​ឆ្ពោះទៅមុខ នៅតែមាន​ចេតនា ចង់​ធ្វើ​វិសោធនកម្ម លើ​មាត្រា​១១២ ពាក់ព័ន្ធ​នឹង​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ទើប​មិន​ទទួលបាន​ការគាំទ្រ មកពី​សមាជិក​ព្រឹទ្ធសភា ដែលជា​អ្នក​អភិរក្សនិយម​។​

​ស្របគ្នា​ជាមួយនឹង​សំណួរ ចោទសួរ​អំពី​គោលនយោបាយ​កំណែទម្រង់ លើ​កងកម្លាំងប្រដាប់អាវុធ​របស់​គណបក្ស​ឆ្ពោះទៅមុខ នោះ លោក​ឧ​ត្ត​ម​សេនីយ៍ អាកា​នី​ត បាន​បង្ហើប ថា គាត់​គាំទ្រ​ដល់​កំណែទម្រង់​របស់​ក​ង​កម្លាំងប្រដាប់អាវុធ ដោយ​តម្រូវ​ឲ្យ​អនុវត្ត តាម​កងកម្លាំងប្រដាប់អាវុធ​ខ្លួនឯង មិនមែនជា​កំណែទម្រង់ ត្រូវបាន​ស្នើឡើង ពី​គណបក្ស​ឆ្ពោះទៅមុខ នោះឡើយ​។ បន្ថែម​ពីលើ​នេះ លោក​ឧត្ដមសេនីយ៍ បាន​ចោទប្រកាន់ ដល់​គណបក្ស​ឆ្ពោះទៅមុខ ថា កំពុងតែ​ចម្លង​រចនាសម្ព័ន្ធ​អង្គភាព​របស់​យោធា​អាមេរិក មក​ធ្វើជា​គំរូ សម្រាប់​កំណែទម្រង់ ដែល​បាន​ស្នើឡើង ដោយ​ខ្លួនឯង សម្រាប់​កងកម្លាំងប្រដាប់អាវុធ​ថៃ​៕​