យោធាចិនបានបញ្ជូននាវាចម្បាំងនិងយន្តហោះ ដើម្បីព្រមានអាមេរិក

ព័ត៌មានអន្តរជាតិ
0
340
លោកលីហួរមិន(LiHuamin)អ្នកនាំពាក្យកងទ័ពចិនបាននិយាយកាលពីថ្ងៃសុក្រទី១៣កញ្ញានៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចិនបានបញ្ជូននាវា និងយន្តហោះយោធាជាច្រើនដើម្បីតាមឃ្លាំមើលនាវាចម្បាំងអាមេរិកWayneE.Meyer និងបានធ្វើការព្រមានហើយទាមទារឱ្យនាវានេះចាកចេញពីតំបន់នោះបន្ទាប់ពីការរំលោភចូលក្នុងដែនទឹករបស់ចិននៅឯនាយប្រជុំកោះXisha(ប៉ារ៉ាសែល)កាលពីថ្ងៃសុក្រដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។ លោកបានកត់សម្គាល់ថា ចិនជាម្ចាស់អធិបតេយ្យភាពដែលមិនអាចប្រកែកបានលើប្រជុំកោះXisha និងដែនទឹកនៅជាប់គ្នានោះ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកជាយូរមកហើយបានគំរាមកំហែងអធិបតេយ្យភាពរបស់ចិននៅសមុទ្រចិនខាងត្បូងក្រោមឈ្មោះ”សេរីភាពនៃការធ្វើនាវាចរណ៍”ដោយបង្ហាញកង្វះភាពស្មោះត្រង់ក្នុងការថែរក្សាសន្តិភាពអន្តរជាតិនិងស្ថិរភាពសន្តិសុខក្នុងតំបន់។ លោកLiHuaminក៏បានបញ្ជាក់ជាថ្មីទៀតថា កងទ័ពរំដោះប្រជាជនចិននឹងរក្សាការប្រុងប្រយ័ត្នខ្ពស់ និងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិនិងការពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។ នាវាពិឃាតWayneE.Meyerបើកជិតប្រជុំកោះប៉ារ៉ាសែលក្នុងសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំងនឹងការអះអាងអធិបតេយ្យភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅតំបន់ផ្លូវទឹកដ៏មមាញឹកនេះ។ យោងតាមអ្នកនាំពាក្យកងនាវាទី៧អាមេរិក លោកស្រីរីនម៉ុមសេន(ReannMommsen)នាវានៃកងទ័ពជើងទឹកអាមេរិកនេះប្រឆាំងនឹងអ្វីដែលលោកស្រីហៅថាការអះអាងកម្មសិទ្ធិធំធេងពេករបស់ចិនលើបណ្តាប្រជុំកោះដែលក៏អះអាងជាកម្មសិទ្ធិដោយវៀតណាមផងដែរ។ ទោះជាចិនប្រឆាំងជំទាស់ក៏អាមេរិកដែលមានកិច្ចសហការយោធាជាមួយកោះតៃវ៉ាន់បានបន្តធ្វើប្រតិបត្តិការយោធាហើយចោទប្រកាន់ចិនថាពង្រីកសកម្មភាពយោធានៅក្នុងតំបន់រួមទាំងការសង់បណ្តាកោះសិប្បនិម្មិតតែចិនបានតបវិញថាការដាក់ទីតាំងយោធានៅសមុទ្រចិនខាងត្បូងដើម្បីការពារខ្លួននិងសំរាប់ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រព្រមទាំងកម្មវិធី ៕