កម្លាំង​ទាហាន​រុស្ស៊ី លែងមាន​សមត្ថភាព​វាយ​រុលទៅមុខ ប្រឆាំងនឹង​កងទ័ព​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
1


​រដ្ឋធានី​កៀវ​៖ ថ្វីបើ​ផែនការ​វាយបក​រំដោះទឹកដី​រប​ស់​រដ្ឋាភិបាល​ក្រុង​កៀវ មាន​សកម្ម​ភាពយឺតៗ មិន​ដូច​ការគ្រោងទុក ក៏ពិតមែន ប៉ុន្ដែ​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន នៅតែមាន​លទ្ធភាព វាយ​រុញច្រាន​កម្លាំង​ទាហាន​រុស្ស៊ី ជា​បន្ដបន្ទាប់ ខណៈ​ទាហាន​របស់​ក្រុង​មូ​ស្គូ មិនអាច​វាយ​រុលទៅមុខ​បាន នៅលើ​សមរភូមិ​ជាច្រើន ស្ថិតក្នុង​ទីក្រុង​លី​ម៉ាន់​-​គូ​ព្យា​ន​ស្ក៍ (Lyman–Kupyansk)​។​

​គេហទំព័រ​របស់​បណ្ដា​ញ​ទូរទស្សន៍​អារ៉ាប់​អន្ដរជាតិ Alarabiya News បាន​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១ ខែសីហា ឆ្នាំ​២០២៣ ថា ក្រុមមន្ដ្រី​យោធា​អ៊ុយ​ក្រែ​ន បាន​អះអាង ថា គិត​ត្រឹម​វេលា​នេះ កម្លាំង​ទាហាន​រុស្ស៊ី នៅតែ​មិនអាច​វាយ​រុលទៅមុខ ប្រឆាំងនឹង​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន នៅ​សមរភូមិ​ប្រយុទ្ធ​ណាមួយ​នោះឡើយ​។ ប៉ុន្ដែ​ផ្ទុយទៅវិញ អ៊ុយ​ក្រែ​ន បាន​វាយលុក​ទៅលើ​ទាហាន​រុស្ស៊ី ឲ្យ​រង​បរាជ័យ នៅលើ​ទីលានប្រយុទ្ធ​ជាច្រើន ស្ថិតក្នុង​ទីក្រុង​លី​ម៉ាន់​-​គូ​ព្យា​ន​ស្ក៍​។​

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​របស់​អ៊ុយ​ក្រែ​ន Ukrinform បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ថា លោក ស៊ើ​រ​ហ៊ី ឆេ​រេ​វ៉ា​ទី (Serhii Cherevaty) អ្នកនាំពាក្យ កងទ័ព​អ៊ុយ​ក្រែ​ន នៅលើ​សមរភូមិ​តំបន់​បូព៌ា បានបញ្ជាក់ ថា កម្លាំង​ទាហាន​រុស្ស៊ី មិន​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន នៅលើ​សមរភូមិ​លី​ម៉ាន់​-​គូ​ព្យា​ន​ស្ក៍ នោះឡើយ​។ ប៉ុន្ដែ​កម្លាំង​ទាហាន​រុស្ស៊ី មានតែ​លទ្ធផល​អវិជ្ជមាន​តែប៉ុណ្ណោះ​។ បន្ថែម​ពីលើ​នេះ គ្រឿង​សឹក​របស់​សត្រូវ ជាច្រើន ត្រូវបាន​កងទ័ព​អ៊ុយ​ក្រែ​ន វាយប្រហារ កម្ទេចចោល រួមមាន រថក្រោះ ប្រភេទ T-72 (​តេ​-៧២), រថ​ចម្បាំង ប្រភេទ Tyulpan (​ទី​យូ​ល​ប៉ាន់​) បាញ់​គ្រាប់​កាំភ្លើងត្បាល់​ស្វ័យ​ប្រ​វ​ត្ដិ ទំហំ​២៤០​មិល្លីម៉ែត្រ​, ឃ្លាំង​គ្រាប់រំសេវ​, យានយន្ដ និង ដ្រូ​ន​។​
ពាណិជ្ជកម្ម

​អគ្គសេនាធិការ កងទ័ព​អ៊ុយ​ក្រែ​ន បានបញ្ជាក់ ថា នៅលើ​សមរភូមិ​គូ​ព្យា​ន​ស្ក៍ គឺ​កងទ័ព​អ៊ុយ​ក្រែ​ន នៅតែ​បន្ដ​រក្សា​ការការពារ​យ៉ាងរឹងមាំ ហើយ​បន្ដ​វាយលុក ប្រកបដោយ​ជោគជ័យ ទៅលើ​កម្លាំង​របស់​រុស្ស៊ី នៅ​ភាគ​ខាងកើត ទីក្រុង​បេ​រេ​ស្ដូវ (Berestov) ស្ថិតក្នុង​តំបន់​ខា​គី​វ (Kharkiv) និង នៅ​ជិត​ទីក្រុង​ណូ​វ៉ូ​សេ​លីវ​ស្គេ ( Novoselivske) ស្ថិតក្នុង​តំបន់​លូ​ហាន​ស្ក៍ (Luhansk)​។ ជាមួយគ្នានេះដែរ កម្លាំង​ទាហាន​រុស្ស៊ី បាន​វាយប្រហារ​តាម​អាកាស នៅ​ជិត​ទីក្រុង​ឌ្រូ​ហ្សេ​លីវ​ប៊ី​វ​កា (Druzheliubivka) ស្ថិតក្នុង​តំបន់​ដូ​ណែ​ត​ស្ក៍ (Donetsk) ។ កាំភ្លើង​ធំ និង កាំភ្លើងត្បាល់ ត្រូវបាន​បាញ់ប្រហារ ទៅលើ​ទីតាំង​ជាង​១០​កន្លែង រួមមាន អូ​ដ្រា​ដ​ណេ (Odradne), កូ​ឡូ​ឌៀ​ស្នេ (Kolodiazne), កា​មី​យ៉ាន់​កា (Kamyanka), ហ្វី​ហូ​លីវ​កា (Fyholivka), ណូ​វ៉ូម​លី​ស្ក៍ (Novomlynsk) និង ហ្សា​ផាដ​ណេ (Zapadne) ស្ថិតក្នុង​តំបន់​ខា​គី​វ (Kharkiv)​។​


​អគ្គសេនាធិការ កងទ័ព​អ៊ុយ​ក្រែ​ន បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ចន្ទ ទី​៣១ ខែកក្កដា ថា បើ​គិត​ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​មុនដំបូង នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ កងទ័ព​អ៊ុយ​ក្រែ​ន បានសម្លាប់​ទាហាន​រុស្ស៊ី នៅលើ​សមរភូមិ ចំនួន ២៤៦ ១៩០​នាក់ ដោយ​រាប់បញ្ចូល​ទាំង​ការសម្លាប់ កាលពី​២៤​ម៉ោង​មុន ចំនួន​៤៩០​នាក់​។

​ប្រភព​ដដែល បាន​បន្ដ ថា ក្រៅពីនេះ អ៊ុយ​ក្រែ​ន ក៏បាន​បាញ់​កម្ទេច​គ្រឿង​សឹក​របស់​រុស្ស៊ី យ៉ាងច្រើន​ផងដែរ រួមមាន យន្ដហោះ​ចម្បាំង ចំនួន ៣១៥​គ្រឿង​, ឧទ្ធម្ភាគចក្រ ចំនួន​៣១១​គ្រឿង​, នាវាចម្បាំង​តូចធំ​ចំនួន​១៨​គ្រឿង​, រថក្រោះ​ចំនួន​៤ ២១១​គ្រឿង​, រថពាសដែក ចំនួន ៨ ១៨៨​គ្រឿង​, ប្រព័ន្ធ​កាំភ្លើង​ធំ ចំនួន ៤ ៨១៦​គ្រឿង​, ប្រព័ន្ធ​រ៉ុក្កែត​ចម្រុះ ចំនួន​៦៨៨​គ្រឿង​, ប្រព័ន្ធ​ការពារ​ដែនអាកាស ចំនួន​៤៦០​គ្រឿង​, មី​ស៊ី​ល​គ្រូ​ស ចំនួន ១៣៤៧​គ្រឿង​, ដ្រូ​ន ចំនួន ៤០១៧​គ្រឿង​, រថយន្ដ​ដឹក​ប្រេង និង យានយន្ដ ចំនួន​៧២៩២​គ្រឿង និង គ្រឿងចក្រ​ពិសេស ចំនួន ៧១៥​គ្រឿង​។​
​ដោយឡែក រុស្ស៊ី វិញ បាន​អះអាង កាលពី​ថ្ងៃ​ចន្ទ ថា ទាហាន​របស់ខ្លួន បាន​បាញ់​ទម្លាក់​យន្ដហោះ​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន ប្រភេទ Su-25 ចំនួន​១​គ្រឿង​, កម្ទេច​ដ្រូ​ន ចំនួន​២៣​គ្រឿង និង បាញ់​ស្ទាក់​គ្រាប់​រ៉ុក្កែត​ហា​ម៉ាស (HIMARS) ផលិត​ដោយ​អាមេរិក ចំនួន​១២​គ្រាប់​។​

​បើតាម​ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី Tass បាន​ឲ្យ​ដឹង ថា លោក អ៊ី​ហ្គ័​រ កូ​ណា​សែន​កូវ (Igor Konashenkov) អ្នកនាំពាក្យ ក្រសួងការពារជាតិ​រុស្ស៊ី បាន​អះអាង ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ខ្លួន បាន​បាញ់​ទម្លាក់​យន្ដហោះ​របស់​អ៊ុយ​ក្រែ​ន ប្រភេទ Su-25 (​ស៊ូ​-២៥) ចំនួន​១​គ្រឿង នៅ​តំបន់​ដូ​ណែ​ស្ក៍​។ ក្រៅពីនេះ កម្លាំង​ទាហាន​រុស្ស៊ី ក៏បាន​កម្ទេច​ដ្រូ​ន​របស់​សត្រូវ ចំនួន​២៣​គ្រឿង​បន្ថែមទៀត​។​

​បើទោះជា​យ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍​ទាំងនេះ គ្រាន់តែ​ជាការ​អះអាង​របស់​ភាគី​ជម្លោះ​ទាំង​២ រវាង​អ៊ុយ​ក្រែ​ន និង រុស្ស៊ី តែប៉ុណ្ណោះ ប៉ុន្ដែ​គេ​មិនទាន់​ឃើញ មាន​ប្រភព​ឯករាជ្យ​ណាមួយ បញ្ជាក់​នោះដែរ​។ មិន​តែ​អ៊ុយ​ក្រែ​ន នោះឡើយ សូម្បីតែ​រុស្ស៊ី ជា​មហាអំណាច​យោធា​កំពូល​លំដាប់​លេខ​២ នៅលើ​ពិភពលោក តែងតែ​លាក់បាំង ចំនួន​ទាហាន​របស់ខ្លួន រងគ្រោះថ្នាក់ ស្លាប់ និង រងរបួស ក្រោម​ហេតុផល វា​ជា​កិច្ចការ​សន្ដិសុខ​ជាតិ​៕​