ប្រធានរដ្ឋសភាម្នាក់ត្រូវបានជាប់ខ្នោះ ព្រោះតែតណ្ហាដឹកមុខ

ព័ត៌មានអន្តរជាតិ
0
444
ក្រុមប៉ូលិសបានចាប់ខ្លួនអតីតប្រធានរដ្ឋសភានៃប្រទេសនេប៉ាល់ម្នាក់  បន្ទាប់ពីស្ត្រីម្នាក់ជាបុគ្គលិកបម្រើការ នៅក្នុងរដ្ឋសភាបានចោទប្រកាន់គាត់ ពីបទរំលោភសេពសន្ថវៈ ។ រថយន្តទ្រុងរបស់ប៉ូលិសមួយគ្រឿង  បានមកដល់ភូមិគ្រឹះរបស់លោក Krishna Bahadur Mahara កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ហើយបានដឹករូបគាត់ ទៅកាន់កន្លែងឃុំខ្លួន ក្រោយពីតុលាការបានចេញបញ្ជាឲ្យចាប់ខ្លួន។ លោក Shyam Lal Gyawali អ្នកនាំពាក្យប៉ូលិសក្រុង Kathmandu បានថ្លែងប្រាប់ប្រភពព័ត៌មាន AFP កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ថា «គាត់ត្រូវបញ្ជូនខ្លួនចូលក្នុងមន្ទីរឃុំឃាំង  កាលពីថ្ងៃម្សិលមិញ (ថ្ងៃអាទិត្យ) ដើម្បីស៊ើបអង្កេតករណីនេះ» ។ សូមបញ្ជាក់ថា លោក Mahara ជាសមាជិកជាន់ខ្ពស់របស់គណបក្សកុម្មុយនីស្តនេប៉ាល់ ដែលកំពុងគ្រប់គ្រងអំណាច និងអតីតជាឧទ្ទាមម៉ៅនិយមនោះ បានច្រានចោលការចោទប្រកាន់ពីបទរំលោភសេពសន្ធវៈ   ។ ប៉ុន្តែលោកបានលាលែង ពីតំណែងជាប្រធានរដ្ឋសភា កាលពីសប្តាហ៍មុនក្រោយពីស្ត្រីរងគ្រោះ  បានផ្តល់ព័ត៌មានលម្អិតស្តីអំពីការរំលោភបំពានផ្លូវភេទនោះទៅកាន់បណ្តាញផ្សព្វផ្សាយ ។ រដ្ឋាភិបាលកុម្មុយនីស្តនេប៉ាល់ បានប្រឈមនឹងសម្ពាធដ៏ខ្លាំងក្លាពីសំណាក់មហាជនពាក់ព័ន្ធករណីមួយនេះ ។ វីដេអូមួយផ្សាយនៅលើបណ្តាញព័ត៌មាន hamrakura.com កាលពីខែកញ្ញា ឆ្នាំ២០១៩ ឲ្យឃើញថាស្ត្រីរងគ្រោះម្នាក់បាននិយាយថា លោក Mahara ស្រវឹងស្រា ពេលគាត់ទៅដល់ផ្ទះរបស់នាង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ។ លោក Mahara ត្រូវបានចោទប្រកាន់ថា បានបង្ខិតបង្ខំនាងឲ្យផឹកស្រាមុនពេលគាត់ធ្វើសកម្មភាព រំលោភបំពានទៅលើរូបនាង ។ ក្នុងបទសម្ភាសន៍ ស្ត្រីរងគ្រោះ បាននិយាយថា «ខ្ញុំមិនគិតស្មានដល់ថា វាបានកើតឡើងដល់ថ្នាក់នេះ។ គាត់បង្ខំខ្លួនឯង មកលើខ្ញុំ... គាត់បានចាត់ចេញ  ក្រោយពីខ្ញុំនិយាយថា ខ្ញុំនឹងប្តឹងប៉ូលិស» ។ ស្ត្រីរូបនោះ ក៏បានបង្ហាញស្លាកស្នាមជាំនៅលើដៃ និងជើងផងដែរ ។ ប៉ូលិសបាននិយាយថា ទៅដល់ផ្ទះស្ត្រីរងគ្រោះ នៅយប់ថ្ងៃកើតហេតុខាងលើនោះ ប៉ុន្តែនាងមិនបានដាក់ពាក្យប្តឹងភ្លាមៗទេ ។ ប៉ូលិសបានថ្លែងទៀតថា ក្រុមប៉ូលិសស៊ើបអង្កេតបានប្រមូលវត្ថុតាង រួមមាន  ដបស្រាវីស្គីមួយដប និងវែនតាបាក់បែក ២ ដែលជារបស់លោក Mahara ៕