ការឆ្លង​រាលដាល​កូ​វីដ​នៅ​ឥណ្ឌា​បាន​ដើរ​ដល់​ចំនុច​ទប់​លែង​ជាប់​ហើយ​

ព័ត៌មានអន្តរជាតិ
0
318
[wai id="9"]


​ប្រទេស​ឥណ្ឌា​ដែលមាន​ប្រជាជន​ច្រើនជាងគេ​លំដាប់​លេខ ២ នៅលើ​ពិភពលោក កំពុង​ប្រឈម​នឹង​ការឆ្លង​នៅ​រលក​ទី ២ ដែល​បាន​ជំរុញ​ប្រព័ន្ធ​ថែរក្សា​សុខភាព​របស់​ប្រទេស​នេះ ហៀបនឹង​ដួលរលំ ដោយ​មន្ទីរពេទ្យ​ប្រឹង​អស់​សមត្ថភាព ហើយ​ខ្វះ​អុកស៊ីសែន​។ កង្វះ​អុកស៊ីសែន​មាន​សភាព​ធ្ងន់ធ្ងរ ដែល​នាំ​ឲ្យ​តុលាការ​ជាន់ខ្ពស់​នៅ​រដ្ឋធានី​ញូវដែលី បញ្ជា​ឲ្យ​រដ្ឋាភិបាល​បង្វែរ​អុកស៊ីសែន​ពី​រោងចក្រ​ទៅប្រើ​នៅ​មន្ទីរពេទ្យ​។​
ពាណិជ្ជកម្ម

​រលក​ចម្លង​កូ​វីដ​នៅក្នុង​ប្រទេស​ឥណ្ឌា​សព្វថ្ងៃនេះ មាន​កម្លាំង​ខ្លាំង រហូត​ធ្វើ​ឲ្យ​អត្រា​ឆ្លង​កូ​វីដ​ថ្មី​ប្រចាំថ្ងៃ​របស់​ឥណ្ឌា មាន​ចំនួន​ច្រើនជាងគេ​បំផុត​ក្នុង​កំណត់ត្រា​ពិភពលោក​។​
​ចំនួន​ឆ្លង​កូ​វីដ​ថ្មី​រហូតដល់​ទៅជិត ១ លាន ៦ សែន​ករណី​ត្រូវបាន​ចុះបញ្ជី​នៅ​ទូទាំងប្រទេស​ឥណ្ឌា​ក្នុង​រយៈ ពេល​ត្រឹម​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​។ ចំណែក​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ អាជ្ញាធរ​សុខាភិបាល​ឥណ្ឌា បាន​រាយការណ៍​ថា​អត្រា​ឆ្លង​កូ​វីដ​ថ្មី​កើន​ដល់ ៣៣២ ៣៤៨ ករណី ក្នុង​រយៈពេល ២៤ ម៉ោង​។ ចំនួន​ជាង ៣៣ ម៉ឺន​ករណី ក្នុង​រយៈពេល​ត្រឹម​តែមួយ​ថ្ងៃនេះ គឺជា​ចំនួន​ដ៏​ច្រើន​សម្បើម​ណាស់ គឺ​លើស​ប្រទេស​ណាៗ​ទាំងអស់​លើ​ពិភពលោក​ចាប់តាំងពី​ផ្ទុះ​មាន​ជំងឺ​រាតត្បាត​កូ​វីដ​នេះ​មក​។​
​ចំណែក ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​ដោ​យារ​ជំងឺ​កូ​វីដ នៅក្នុង​ប្រទេស​ឥណ្ឌា ក៏បាន​កើន​ខ្លាំង​ណាស់ដែរ​។ អត្រា​អ្នក​ស្លាប់មាន​ជិត ២ ២៥០ នាក់ ត្រូវបាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ។​

​ករណី​ឆ្លង​កូ​វីដ​នៅក្នុង​ប្រទេស​ឥណ្ឌា ផ្ទុះ​កើន​មកវិញ​ខ្លាំង​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​មួយខែ​កន្លងមកនេះ​។ មូលហេតុ​ចំបង​នៅ​ពីក្រោយ​រលក​ឆ្លង​ដ៏​ធំ​នេះ ទី​១ គឺ​ដោយសារ​វិធា​នា​ការ​សុវត្ថិភាព​ធូររលុង​របស់​អាជ្ញាធ​រ​ឥណ្ឌា ដែល​បានអនុញ្ញាត​ឲ្យ​មនុស្សម្នា​ណែនណាន់តាន់តាប់​រាប់លាន​នាក់ ចូលរួម​ក្នុង​ពិធីបុណ្យ​សាសនា​ហិណ្ឌូ​មួយ​នៅឯ​ទន្លេ​គង្គារ កាលពី​ថ្ងៃទី​១២ មេសា ២០២១​។ ចំណែក មូលហេតុ​ទី​២ គឺ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ដែលមាន​ចំនួន​ច្រើន យ៉ាងហោច ៦ នៅក្នុង​ប្រទេស​ឥណ្ឌា​។​
​ចំពោះ ការអនុញ្ញាត​ឲ្យ​ប្រជាជន​ចំនួន​ដល់​រាប់លាន​នាក់ ប្រជ្រៀត​គ្នា​ណែន​ចង្អៀត ចូលរួម​ក្នុង​ពិធីបុណ្យ​សាសនា រដ្ឋាភិបាល​ឥណ្ឌា​ទទួលរង​នូវ​ការរិះគន់​ខ្លាំង​ថា​បាន​ព្រងើយកន្តើយ គ្មាន​ដាក់​ការប្រុងប្រយ័ត្ន​ខ្ពស់ រក្សា​គម្លាត​ទាល់តែសោះ រហូត​បណ្តាល​ឲ្យ​ផ្ទុះ​ករណី​ឆ្លង​ខ្លាំង​៕