ក្រោយជំនួបចរចាកូរ៉េខាងជើង-អាមេរិក បរាជ័យមកចិនបានអំពាវនាវឲ្យមានការចរចាឡើងវិញ

ព័ត៌មានអន្តរជាតិ
0
349
ដោយសារតែជំនួបចរចាមិនត្រូវគ្នា រវាងអាមេរិចនិង កូរ៉េខាងជើងនោះ ពេលនេះចិនបានអំពាវនាវ ឱ្យមានជំនួបចរចា និងការពិគ្រោះយោបល់ឡើងវិញផ្នែកនយោបាយដោយសង្កត់ធ្ងន់ថាវា គឺជាដំណោះស្រាយដែលអាចធ្វើបានតែមួយគត់ចំពោះបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែរ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកបានបរាជ័យនៅប្រទេស ស៊ុយអែត កាលពីថ្ងៃសៅរ៍ ។ លោក ហ្គេង សួង អ្នកនាំពាក្យ ក្រសួងការបរទេសចិនបានធ្វើការអំពាវនាវនេះនៅ សន្និសីទកាសែត មួយ កាលពីថ្ងៃអង្គារ ។ ដោយបានអំពាវនាវដល់ភាគីទាំង ២ ឱ្យធ្វើជំនួបចរចាជាថ្មីនោះ លោក ហ្គេង សួង បាននិយាយថា ចិន សង្ឃឹមថា កូរ៉េខាងជើង និងសហរដ្ឋអាមេរិករក្សាការប្រាស្រ័យទាក់ទង  និងរក្សាការប្តេជ្ញាចិត្តក្នុងការជំរុញឱ្យមានការចរចាជាថ្មីអំពីការំលាយចោលអាវុធនុយក្លេអ៊ែរនេះ ។ ចិនសង្ឃឹមថា គ្រប់ ភាគីទាំងអស់ចូលរួមការពារសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់​ និងកាត់បន្ថយភាពតានតឹងតាមរយៈការចរចា ។ កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានបាញ់មីស៊ីលផ្លោងកាំជ្រួច Pukguksong-3 ចេញ ពី ក្រោមទឹកសមុទ្រ ។  អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា ចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្ត ដើរតួនាទីស្ថាបនាលើបញ្ហាទាំងនេះ ។  ការថ្លែងកត់សម្គាល់នេះ ធ្វើឡើងបន្ទាប់ពីអ្នកចរចាកំពូលកូរ៉េខាងជើង និយាយ កាលពីថ្ងៃសៅរ៍ថា ប្រទេសនេះ ( កូរ៉េខាងជើង ) គ្មានបំណងចង់បន្តការចរចា នុយក្លេអ៊ែរ ទេ  ដរាបណាសហរដ្ឋអាមេរិកមិនចាត់វិធានការ ជាក់ស្តែង ដើម្បីដកគោលនយោបាយ អរិភាពរបស់ខ្លួន ចេញនោះ ៕