បុរស​មហា​សំណាង​រើស​បាន​កំណប់​សមុទ្រ​ដែលជា​កម្អួត​ត្រី​បា​ឡែ​ន​តម្លៃ​រហូតដល់​ទៅ​៣២​ម៉ឺន​ដុល្លារ​

ព័ត៌មានអន្តរជាតិ
0
276
​អ្នកនេសាទ​ថៃ​ម្នាក់ បាន​ជួប​លាភ​ដោយ​ចៃដន្យ​បាន​ប្រទះឃើញ​កំណប់​សមុទ្រ​ដែលជា​ដុំ​កម្អួត​ត្រី​បា​ឡែ​ន​ដ៏​ធំ​មួយ​ដែលមាន​តម្លៃ​ប្រមាណ​ជា​៣២​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​។​ ​លោក Jumrus Thiachot មាន​អាយុ ៥៥​ឆ្នាំ បាន​ប្រទះឃើញ​ដុំ​កម្អួត​ត្រី​បា​ឡែ​ន ដែលមាន​ទម្ងន់​ប្រហែល ១៤​ផោន​(​ស្មើនឹង​៦,៣៥​គ​.​ក​) ខណៈពេលដែល​រូបលោក​បាន​ដើរ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​លើ​កោះ Samui កាលពីដើម​ឆ្នាំនេះ​។​ ​អ្នកនេសាទ​ម្នាក់នេះ​ពុំបាន​ដឹង​ប្រាកដ​ទេ​ថា វា​គឺជា​អ្វី​នោះទេ ហើយ​លោក​ក៏បាន​យក​វា​ទៅ​ទុក​នៅក្នុង​ផ្ទះ ហើយក៏​បន្ត​ទៅធ្វើ​ការងារ​នេសាទ​របស់លោក ដែល​អាច​រកចំណូលបាន​ប្រហែល ៤០០​បាត (​ឬ​ប្រហែល ១៣​ដុល្លារ​អាមេរិក​) ក្នុង​មួយថ្ងៃ​ផងដែរ​។​ ​ប្រភព​ដដែល​បន្តថា ក្រោយមក លោក Jumrus ក៏​តែង​បាន​លួច​សួរ​អ្នកជិតខាង​របស់លោក ដើម្បី​ឲ្យ​ពួកគេ​ជួយ​ពិនិត្យ​មើលថា​តើ​ដុំ​នេះ​មាន​ផ្ទុក​នូវ​សារធាតុ​អ្វី​។ ប៉ុន្តែ​ជា​លទ្ធផល​នៅតែ​មិន​កើតការ​។​ ​នេះ​ពិតជា​សំណាង​ពី​ជាតិ​មុន​របស់លោក Jumrus​ពិតមែន ដោយសារ​កាលពី​ថ្ងៃ​ថ្ងៃ​អង្គារ​កន្លងទៅនេះ មន្ត្រី​មកពី​រដ្ឋាភិបាល​ក្នុងស្រុក ក៏បាន​ចុះមក​ដល់ផ្ទះ​របស់លោក​ផ្ទាល់​តែម្តង ដើម្បី​ជួយ​ពិនិត្យ​ទៅលើ​ដុំ​ក្រមួន​នោះ ហើយ​នៅ​ទីបំផុត​ពួកគេ​បាន​អះអាងថា វា​គឺជា​កម្អួត​ត្រី​បា​ឡែ​ន​ដែលជា​របស់​ដ៏​មានតម្លៃ​បំផុត ដែលជា​សារធាតុ​មួយ​ត្រូវបាន​គេ​យកទៅ​ផ្សំ​ធ្វើជា​ទឹកអប់​។​ ​ដុំ​កម្អួត​ត្រី​បា​ឡែ​ន​ដែល​លោក Jumrus រកឃើញ​នេះដែរ ត្រូវបាន​ក្រុមមន្ត្រី​ធ្វើការ​ប៉ាន់ប្រមាណ​ប​ថា វា​អាច​លក់បាន​ក្នុងតម្លៃ​រហូតដល់​ទៅ ៣២​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​។​ ​លោក Jumrus បាន​និយាយថា លោក​បាន​រង់ចាំ​ពេលវេលា​នេះ អស់​រយៈពេល​ជិត​មួយឆ្នាំ​ទៅហើយ ទម្រាំ​តែ​ត្រូវបាន​ខាង​មន្ត្រី​អាជ្ញាធរ​ទាក់ទង​មកកាន់​រូបលោក​។​ ​លោក​បាន​និយាយថា អ្នកជិតខាង​របស់លោក​៣​នាក់ បានមក​ផ្ទះ​លោក ក្រោយ​ក្មួយប្រុស​របស់លោក​បាន​និយាយប្រាប់​អ្នកភូមិ​ថា លោក​រើស​បាន​កម្អួត​ត្រី​បា​ឡែ​ន​។ ពួកគេ​ក៏បាន​សុំ​ប៉ុន្មាន​ចំណិត​ដើម្បី​ពិនិត្យ​មើលថា​តើ​វា​ជា​កម្អួត​ត្រី​បា​ឡែ​ន​ពិត​មែនឬ​យ៉ាងណា ប៉ុន្តែ​ពួកគេ បាន​និយាយថា ការធ្វើ​តេស្ត​មិនបាន​បង្ហាញ​ពីអ្វី​នោះទេ​។​ ​លោក​បន្តថា លោក​ត្រូវ​ការដឹក​ការពិត ហេតុដូច្នេះ​ហើយ​លោក​ក៏បាន​ទាក់ទង​ទៅកាន់​ក្រុម​អាជ្ញាធរ ហើយ​ឥឡូវ​លោក​ដឹង​ការពិតហើយ​ថា វា​គឺជា​កម្អួត​ត្រី​បា​ឡែ​ន​ពិតមែន ហើយ​លោក​នឹង​លក់​វា​ចេញ​។​ ​សូមបញ្ជាក់ថា កម្អួត​ត្រី​បា​ឡែ​ន ត្រូវបាន​គេ​ស្គាល់​ម្យ៉ាង​ទៀតថា «Ambergris» គឺជា​សារធាតុ​កាកសំណល់​ចេញពី​កោសិកា​សរីរាង្គ ដែលមាន​នៅក្នុង​ក្រពះ​របស់​ត្រី​បា​ឡែ​ន​រយៈពេល​យូរ​។ អ្វីដែល​ពិសេស និង​ជា​គុណប្រយោជន៍​របស់​វា​នោះ គឺ​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់ ឬ​ធ្វើជា​គ្រឿងផ្សំ​ផលិត​ទឹកអប់​ឲ្យ​មាន​ក្លិនក្រអូប ក្នុង​ចំណីអាហារ គ្រឿងសម្អាង និង​ថ្នាំពេទ្យ​ជាដើម​។​ ​កម្អួត​ត្រី​បា​ឡែ​ន ត្រូវបាន​គេ​ដឹងថា វា​ពិតជា​អាច​លក់បាន​ក្នុងតម្លៃ​ខ្ពស់​ខ្លាំងណាស់ ហើយ​វា​ក៏ត្រូវ​បាន​គេ​យកទៅ​ប្រើប្រាស់​ធ្វើជា​គ្រឿងផ្សំ​បែបនេះ តាំងតែ​ពី​ក្នុង​កំឡុង​សតវត្សរ៍​ទី​១៣​មកម្ល៉េះ​៕​