ចាប់រំលោភ​ហើយ​មិន​អស់ចិត្ត​លក់​ឲ្យ​គេ​ចាប់រំលោភ​ទៀត ធ្វើ​ឲ្យ​ក្មេងស្រី​អាយុ​១៩​ឆ្នាំ​ម្នាក់​ខឹង​ចិត្ត​បាញ់សម្លាប់​ប្រុស​ព្រាន​នោះ​ចោល​

ព័ត៌មានអន្តរជាតិ
0
483
​ក្មេងស្រី​ម្នាក់ បាន​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត​សម្រាប់​ការសម្លាប់​បុរស​ម្នាក់​ដែល​បាន​ចាប់រំលោភ​នាង​ហើយ​មិន​អស់ចិត្ត​លក់​នាង​ឲ្យ​គេ​ចាប់រំលោភ​ថែមទៀត​។​នាង Chrystul Kizer អាយុ​១៩​ឆ្នាំ ត្រូវបាន​គេ​ចាប់រំលោភ​ដោយ​លោក Randy Volar ដែល​បាន​បំពាន​ផ្លូវភេទ​មកលើ​ក្មេងស្រី​ជាច្រើន​នាក់​ទៀតផង​ដែរ ដោយ​លោក​បាន​ថតរូប​អាស់អាភាស​ដោយ​គ្មាន​ការយល់ព្រម​ពី​ពួកនាង​នោះឡើយ​។​ពួកគេ​ទាំង​២ បាន​ជួបគ្នា​នៅក្នុង​ឆ្នាំ​២០១៦ ពេលដែល​នាង Kizer​មាន​អាយុ​១៦​ឆ្នាំ ហើយ​ក្រោយពី​ចោទប្រកាន់ថា គាត់​បាន​ចាប់រំលោភ​នាង និង​លក់ខ្លួន​ឲ្យ​បុរស​ផ្សេង​ចាប់រំលោភ​នាង​ទៀត នាង​ក៏បាន​បាញ់​គាត់​២​គ្រាប់​ចំ​កណ្តាល​ក្បាល កាលពី​ថ្ងៃ​ទិ​៥ ខែមិថុនា ឆ្នាំ​២០១៨ នៅផ្ទះ​របស់គាត់ ស្ថិតនៅក្នុង​ទីក្រុង Kenosha រដ្ឋ Wisconsin សហរដ្ឋអាមេរិក​។ ក្រោយមក នាង​ក៏បាន​ដុត​កម្ទេច​សាកសព​គាត់​ចោល ហើយ​និង​រត់គេច​ចេញពី​កន្លែងកើតហេតុ​តាម​រថយន្ត BMW​របស់គាត់​។ ​នាង Kizer បាន​សារភាព​ចំពោះ​ទោសកំហុស​ដែល​នាង​បានធ្វើ ហើយ​និង​បាន​ច្រានចោល​ថា លោក Volar មិន​ត្រូវបាន​ចាប់ខ្លួន​នោះទេ​កាលពី​រយៈពេល​៤​ខេ​មុន​ថ្ងៃកើតហេតុ ពាក់ព័ន្ធ​នឹង​ករណី​បំពាន​ផ្លូវភេទ​មកលើ​កុមារ​ផ្សេងទៀត​។​ក្រុម​មេធាវី​របស់​នាង ចង់​ប្រើប្រាស់​ច្បាប់​រដ្ឋ​សហព័ន្ធ ដែល​នឹង​អនុញ្ញាត​ឲ្យ​ជនរងគ្រោះ​ពី​ការជួញដូរ​ផ្លូវភេទ រួច​ផុតពី​ការចោទប្រកាន់ បើសិនជា​អាច​បញ្ជាក់បាន​ថា នាង​ធ្វើបែបនេះ ដោយសារតែ​នាង​ការពារ​ខ្លួន​ក្នុងករណី​ជួញដូរ​មនុស្ស​ខុសច្បាប់​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណាក៏ដោយ ចៅក្រម​បានសម្រេច​ថា វា​មិនអាច​ប្រើប្រាស់​ក្នុងករណីនេះ​បានឡើយ ហើយ​នាង​នឹង​ប្រឈម​ការចោទប្រកាន់​ប្រកាន់​ពីបទ​ឃាតកម្ម​។​នាង Kizer បាន​និយាយប្រាប់​កាសែត Washington Post ថា ពួកគេ​បាន​ជួបគ្នា​តាម​វែបសាយ​ពេស្យាចា​រ្យ​ដែល​ក្រោយមក វែបសាយ​មួយ​នេះ​បាន​បិទ​វិញ ដោយ​វា​សម្របសម្រួល​ដល់​ការជួញដូរ​មនុស្ស​ខុសច្បាប់​។ ការទាមទារ​របស់គាត់ កាន់តែ​ច្រើនឡើង ហើយ​នាង​បាន​ព្យាយាម​នៅ​ឆ្ងាយ​ពី​គាត់ ដោយសារតែ​រឿងរ៉ាវ​កាន់តែ​ធ្ងន់ធ្ងរ​ទៅជា​មួយ​មិត្ត​ប្រុស Delane Nelson របស់​នាង​។​នាង​បាន​និយាយថា គាត់​បានចាប់ផ្តើម​និយាយ​គំហក​ដាក់​នាង និង​ប្រើ​ពាក្យអសុរស​មកលើ​រូបនាង ហើយ​ថែមទាំង​បាន​គំរាម​ទៀតថា បើ​នាង​ឈប់​និយាយ​ជាមួយនឹង​គាត់ គាត់​នឹង​សម្លាប់​នាង​ចោល​ភ្លាម​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រោយពេល​ដែលមាន​ទំនាស់​ជាមួយ​គាត់ នាង​ក៏បាន​ទៅលេង​ផ្ទះ​លោក Volar​ជា​កន្លែង​ដែល​ពួកគេ​ទទួលបាន​ភី​ហ្សា និង​ជក់បារី​ជាមួយគ្នា​។ គាត់​ក៏​ឲ្យ​ថ្នាំញៀន​មក​នាង ហើយ​គាត់​ក៏​ចាប់ផ្តើម​ស្ទាប​ភ្លៅ​របស់​នាង ហើយ​នាង​ក៏​ប្រាប់​ទៅ​គាត់​ថា នាង​លែង​ប្រព្រឹត្ត​ទង្វើរ​បែបនេះ​ទៀតហើយ ។ នាង​ក៏បាន​ព្យាយាម​ក្រោក​ឡើង ដើម្បី​ងើប​ចេញពី​គាត់ ប៉ុន្តែ​នាង​មិនអាច​ទៅណា​រួច​នោះទេ នាង​ក៏​ដួល​លើ​ឥដ្ឋ ហើយ​គាត់​ក៏បាន​ពោប​នៅ​ពីលើ​នាង និង​ព្យាយាម​ហែក​ខោខ្លី និង​ខោ​ខូវប៊យ​របស់​នាង តែ​នាង​រើរ​រួច ហើយក៏​បាញ់​គាត់​២​គ្រាប់​ចំ​កណ្តាល​ក្បាល​តែម្តង​។ នាង​បាន​រួច​រត់គេច​ចេញពី​កន្លែងកើតហេតុ​នៅវេលា​ម៉ោង​៥​ព្រឹក ក្រោយពេល​យក​សាកសព​គាត់​ទៅ​ដុតចោល​។​បច្ចុប្បន្ន នាង Kizer កំពុង​រង់ចាំ​ការកាត់ទោស ប៉ុន្តែ​នាង​នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​សាលក្រម​សម្រេច​ផងដែរ​៕