ទម្លាយ​រឿង​ចុងក្រោយ​នៃ​ការប៉ុនប៉ង​ដកតំណែង​របស់ ដូ​ណា​ល់​ត្រាំ​

ព័ត៌មានអន្តរជាតិ
0
325
​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩ ប្រធានសភា លោកស្រី Nancy Pelosi បាន​ផ្តើម​ឲ្យ​មានការ​ស៊ើបអង្កេត​ករ​ណី​ចោទប្រកាន់​មកលើ​លោក Donald Trump​ថា​បាន​បំពាន​អំណាច​របស់ខ្លួន ក្នុងនាម​ជា​ប្រធានាធិបតី​កាន់អំណាច​របស់​សហរ​ដ្ឋ​អាមេរិក ពាក់ព័ន្ធ​នឹង​ការជជែក​គ្នា​តាម​ទូរស័ព្ទ​របស់លោក​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ជាមួយនឹង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​Volodymyr Zelensky ដើម្បី​ដាក់​ដាក់​សំពាធ​មកលើ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ឲ្យ​បើក​ការស៊ើបអង្កេត​មកលើ​ក​រ​ណី​របស់​គូប្រជែង​បោះឆ្នោត​ឆ្នាំ​២០២០ មកពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក Joe Baiden​និង​កូនប្រុស Joe Hunter​របស់លោក បើ​ពុំ​ដូច្នោះ​ទេ លោក Trump​នឹង​ផ្អឹប​ចោល​ជំនួយ​យោ​ធាន​ដល់​អ៊ុយ​ក្រែ​ន​ចំនួន​៤០០​លាន​ដុល្លារ ដែល​ជំនួយ​មួយ​នេះ ត្រូវបាន​ច្រានចោល​ទៅហើយ​ដោយ​សេត​វិមាន​។ លោក Joe Baiden បាន​រង​ការចោទប្រកាន់ថា ធ្លាប់បាន​គំរាម​ដល់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ដូចគ្នា ឲ្យ​ដកចេញ​តំណែង​រដ្ឋអាជ្ញា​កំពូល​មួយរូប កាលពី​អំឡុង​ឆ្នាំ​២០១៦ ពេលដែល​រូបលោក​នៅ​ជា​អនុ​ប្រធានាធិបតី​ក្រោម​រដ្ឋបាល​របស់លោក Barack Obama រឿង​ពាក់ព័ន្ធ​នឹង​ក្តី​ក្តាំង​កូនប្រុស Hunter​របស់លោក​ដែលជា​ប្រធាន​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​មួយ​នៅ​ទីនោះ បើ​ពុំ​ដូច្នោះ​ទេ​លោក​នឹង​ផ្អឹប​ចោល​ជំនួយ​ដូចគ្នា​ទៅដល់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ករណី​មួយ​នេះ គេ​រកឃើញថា លោក Joe Baiden​គ្មាន​ទោសកំហុស​នោះទេ​។​ ​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ សភា​បាន​បោះឆ្នោត​២៣២-១៩៦​សំឡេង ដើម្បី​បង្កើត​និតិ​វិធី​នៃ​ការចោទប្រកាន់​មកលើ​លោក Trump​ក៏ដូចជា​បើកសវនាកា​សាធារណៈ ។ សភា បានធ្វើ​ការកោះហៅ​លោក Trump​និង​មន្ត្រីក្រោមឱវាទ​របស់លោក​ឲ្យ​ឡើង​មុខ​សភា ដើម្បី​សាកសួរ​ជុំវិញ​ករណី​របស់លោក តែ​លោក Trump​មិនបាន​ចូលរួម​នោះឡើយ ហើយ​មន្ត្រី​របស់លោក​ក៏​មិនបាន​សហការ​ណ៍​នោះដែរ សូម្បីតែ​ខ្សែអាត់​សំឡេង​នៃ​ការជជែក​គ្នា​រយៈពេល​ជាង​១​ម៉ោង​រវាង​លោក Trump និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ក៏ត្រូវ​បាន​លប់ចោល​ចេញពី​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​សេត​វិមាន​ដែរ​។​ ​ជាការ​ឆ្លើយតប​នឹង​ករណី​ចោទប្រកាន់​មក​រូបលោក​នេះ លោក​ត្រាំ Trump​បាន​អះអាងថា លោក​គ្មាន​ទោសកំហុស​អ្វី​ទាំងអស់ ហើយ​វា​គ្រាន់តែ​ជា “​ការ​ប្រ​ម៉ាញ់​របស់​មេ​ធ្មប់​”​ប៉ុណ្ណោះ ហើយ​លោក​ថែមទាំង​បាន​ជះ​កំហឹង​ខ្លាំងៗ​មក​លោកស្រី Nancy Pelosi​ដោយ​ចោទប្រកាន់ថា វា​គឺជា​យុទ្ធនា​ការធ្វើ​ឲ្យ​អាប់ឱន​កេរ្តិ៍ឈ្មោះ​របស់លោក​ដើម្បី​ចំណេញ​រឿង​នយោបាយ​មុន​ការបោះឆ្នោត​សម្រាប់​អាណត្តិ​ទី​២​របស់លោក នៅ​ចុងឆ្នាំ​២០២០​ខាងមុខ ហើយ​លោក​បាន​បញ្ជាក់ថា ទង្វើរ​បែបនេះ រឹតតែ​ជំរុញ​ឲ្យ​លោក​ឈ្នះឆ្នោត​ថែម​មួយកម្រិត​ទៀត​ប៉ុណ្ណោះ​។​ ​នៅ​ថ្ងៃទី​១៨ ខែធ្នូ សភា បាន​បោះឆ្នោត​ម្តងទៀត​២៣០-១៩៨​លំ​ឡេង ដើម្បី​ចោទប្រកាន់​លោក Trump​លើ​២​ករណី ទី​១​ពាក់ព័ន្ធ​នឹង​ការបំពាន​អំណាច ហើយ​ទី​២​ពាក់ព័ន្ធ​នឹង​ការរារាំង​សភា​។​ ​ដោយ​ផ្អែកលើ​ច្បាប់រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​១៧៨៧ នៅពេលដែល​ប្រធានាធិបតី​ត្រូវបាន​គេ​រកឃើញថា​មានទោស​ក្បត់ជាតិ ពុករលួយ​ស៊ីសំណូកសូកប៉ាន់ ឬ​បទឧក្រិដ្ឋ​ផ្សេងទៀត នោះ​សភា​មាន​សិទ្ធិ​ក្នុងការ​ចាប់ផ្តើម​និតិ​វិធី​នៃ​ការចោទប្រកាន់​ពីបទ​បំពាន​អំណាច ដើម្បី​ទម្លាក់​តំណែង​ប្រធានាធិបតី តែ​សភា​គ្មាន​សិទ្ធិ​ក្នុងការ​ចោទប្រកាន់​នោះទេ ពោលគឺ​មានតែ​ព្រឹទ្ធសភា​មួយគត់ ដែល​អាច​ចោទប្រកាន់​ប្រធានាធិបតី​បំពាន​អំណាច​បាន​។ ក្នុងករណី​ដែល​ព្រឹទ្ធសភា ធ្វើការ​ចោទប្រកាន់​ទម្លាក់​តំណែង​ប្រធានាធិបតី​រួចហើយ នោះ​តំណែង​ប្រធានាធិបតី​នឹង​ធ្លាក់​ទៅលើ​អនុ​ប្រធានាធិបតី សម្រាប់​អាណត្តិ​ដែល​នៅ​សេសសល់​។​ ​ជាក់ស្តែង​សម្រាប់​ករណី​របស់លោក​ត្រាំ គឺ​ដូចគ្នា សភា​គ្រាន់តែ​ជា​អ្នក​បង្គាប់បញ្ជា​ចាត់ចែង​សំណុំរឿង​បញ្ជូន​ទៅកាន់​ព្រឹទ្ធសភា​ប៉ុណ្ណោះ ដើម្បី​ទម្លាក់​តំណែង​ប្រធានាធិបតី​របស់លោក​ត្រាំ ដែល​ករណីនេះ ព្រឹទ្ធសភា ទំនងជា​បើកសវនាការ​នៅ​ខែមករា​ឆ្នាំ​២០២០​ខាងមុខ តែ​គេ​មិន​រំពឹងថា នឹង​អាច​ទម្លាក់​តំណែង​លោក Trump​បានឡើយ ដោយសារតែ​នៅក្នុង​ព្រឹទ្ធសភា គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​សំឡេង​ភាគច្រើន​៥៣​សំឡេង​នៅក្នុង​ចំណោម​១០០​សំឡេង ខណៈដែល​គណបក្ស​ប្រជាធិបតេយ្យ​មានតែ​៤៥​សំឡេង​ប៉ុណ្ណោះ ក្នុងនោះ​២​សំឡេង​ឯករាជ្យ ដែល​នេះ​មានន័យថា ចង់​ទម្លាក់​តំណែង​លោក Trump​លុះត្រា​តែមាន​រដ្ឋប្រហារ​បក្ស​។​ ​បើសិនជា​លោក Trump ត្រូវបាន​ព្រឹទ្ធសភា​ចោទប្រកាន់​ពិតមែន​នោះ លោក​នឹង​ក្លាយជា​ប្រធានាធិបតី​លើក​ទី​៣​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក ដែល​ត្រូវបាន​គេ​ចោទប្រកាន់ បន្ទាប់ពី​លោក Andrew Johnson​កាលពី​ឆ្នាំ​១៨៦៨ និង​លោក Bill Clinton​កាលពី​ឆ្នាំ​១៩៩៨ ប៉ុន្តែ​ប្រធានាធិបតី ២​នាក់​នេះ មិន​ត្រូវបាន​ទម្លាក់​ចេញពី​តំណែង​ប្រធានាធិបតី​នោះឡើយ ដោយសារតែ​ព្រឹទ្ធសភា បាន​បោះឆ្នោត​ប្រឆាំង​ករណី​ចោទប្រកាន់​៕