ប្លុក​អាហ្វ្រិក​ខាងលិច អាច​នឹង​ប្រើប្រាស់​កម្លាំងយោធា ស្ដារ​សណ្ដាប់ធ្នាប់​ឡើងវិញ​នៅ​នី​ហ្សេ​

ព័ត៌មានអន្តរជាតិ
0
15


​រដ្ឋធានី​អា​បូ​ចា (Abuja)៖ បណ្ដា​មេដឹកនាំ​សហគមន៍​សេដ្ឋកិច្ច​រដ្ឋ​អាហ្វ្រិក​ខាងលិច ហៅ​កាត់ ECOWAS (​អេកូ​វ៉ាស​) កំពុងតែ​បង្កើន​នូវ​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង ប្រឆាំងនឹង​មេដឹកនាំ​រដ្ឋប្រហារ​យោធា នៅ​ក្នុ​ប្រទេស​នី​ហ្សេ ដោយ​រាប់បញ្ចូល​ទាំង​ការប្រើប្រាស់​កម្លាំងយោធា សម្រាប់​ស្ដារ​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​នេះ​ឡើងវិញ​។​

​សារព័ត៌មាន Aljazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែសីហា ថា បណ្ដា​ប្រមុខរដ្ឋ នៃ​សហគមន៍​សេដ្ឋកិច្ច​រដ្ឋ​អាហ្វ្រិក​ខាងលិច បានបញ្ជាក់ ថា ជម្រើស​ជា​ចំហ នឹងត្រូវ​ប្រើប្រាស់ ដោយ​រាប់បញ្ចូល​ទាំង​កម្លាំងយោធា នៅតែមាន ដើម្បី​ស្តារ​សណ្តាប់ធ្នាប់​ឡើងវិញ ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នី​ហ្សេ ក្រោយ​អំពើ​រដ្ឋប្រហារ​យោធា កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៣​។ បណ្ដា​មេដឹកនាំ​របស់​ប្លុក​អាហ្វ្រិក​ខាងលិច​មួយ​នេះ ក៏បាន​បញ្ជា​ឱ្យធ្វើ​ឱ្យកម្លាំង​ទាហាន​របស់ខ្លួន ត្រៀមខ្លួន​ចូល​អន្ដ​រាមន៍​។​

​ប្លុក​ប្រទេស​អាហ្វ្រិក​ខាងលិច​ទាំងនេះ កំពុងតែ​ដាក់​កម្លាំង​កងទ័ព​ឲ្យ​ប្រចាំការ ដើម្បី​ធ្វើ​អន្ដរាគមន៍ ដែល​នឹង​អាច​កើតឡើង នៅក្នុង​ប្រទេស​នី​ហ្សេ ព្រោះ​ពួកគេ​ចង់​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។ ការធ្វើ​អត្ថាធិប្បាយ​របស់​បណ្ដា​មេដឹកនាំ​ទាំងនេះ បានកើត​ឡើង ស្របពេល​សហគមន៍​សេដ្ឋកិច្ច​រដ្ឋ​អាហ្វ្រិក​ខាងលិច (Economic Community of West African States) ហៅ​កាត់ ECOWAS) ដែលមាន​សមាជិក​ចំនួន​១៥​ប្រទេស បាន​ជួបប្រជុំ នៅ​រដ្ឋធានី​អា​ប៊ូ​ចា (Abuja) ប្រទេស​នី​ហ្សេ​រី​យ៉ា កាលពី​ថ្ងៃ​ព្រហស្បតិ៍ (​ទី​១០ ខែសីហា​)​។ កិច្ចប្រជុំ​កំពូល​បន្ទាន់​នេះ បាន​ពិភាក្សាគ្នា អំពី​ការឆ្លើយតប ប្រឆាំងនឹង​អំពើ​រដ្ឋប្រហារ​យោធា កាលពី​ទី​២៦ ខែកក្កដា នៅក្នុង​ប្រទេស​នី​ហ្សេ ក្រោយពេល​មេដឹកនាំ​រដ្ឋប្រហារ បាន​ប្រឆាំងនឹង​ការ​គំរាម​ប្រើប្រាស់​កម្លាំង​ទ័ព​កាលពីមុន​របស់​ប្លុក​អាហ្វ្រិក​ខាងលិច​មួយ​នេះ សម្រាប់​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។​

​នៅក្នុង​សុន្ទរកថា​បិទ​កិច្ចប្រជុំ​បន្ទាន់​នោះ ប្លុក​អាហ្វ្រិក​ខាងលិច​មួយ​នេះ បាន​សន្យា​ដាក់ទណ្ឌកម្ម ប្រឆាំងនឹង​ពួកយោធា នៅក្នុង​ប្រទេស​នី​ហ្សេ ហើយ​ដាក់​បម្រាម​ដល់​ការធ្វើដំណើរ ប្រឆាំងនឹង​អ្នក​រារាំង ដល់​ការវិលត្រឡប់​ទៅកាន់​អំណាច​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ លោក ម៉ូ​ហា​មេ​ដ បា​ហ្ស៊ូ​ម (Mohamed Bazoum)​។​

​ស្របគ្នា​នេះ ប្រធាន​ប្លុក​អេកូ​វ៉ាស លោក ប៉ូ​ឡា ទី​នូ​ប៊ូ (Bola Tinubu) ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា បានបញ្ជាក់ នៅ​ចុងបញ្ចប់​កិច្ចប្រជុំ​កំពូល​របស់ ECOWAS ថា «​មិនមាន​ជម្រើស​ណាមួយ ត្រូវ​ដកចេញ​ពីលើ​តុ​នោះឡើយ ដោយ​រាប់ទាំង​ការប្រើប្រាស់​កម្លាំងយោធា ហើយ​វា​ជា​ជម្រើស​ចុងក្រោយបង្អស់​ផងដែរ​។ យើង​នៅតែ​ប្រកាន់ខ្ជាប់ ចំពោះ​ការប្តេជ្ញាចិត្ត​របស់​យើង នៅក្នុង​ការគាំទ្រ​ប្រទេស​នី​ហ្សេ ធ្វើដំណើរ​ឆ្ពោះទៅរក​ស្ថិរភាព តាមបែប​ប្រជាធិបតេយ្យ ប្រកបដោយ​សន្តិភាព​។ ខ្ញុំ​សង្ឃឹម ថា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​យើង យើង​នឹង​អាច​នាំមក​នូវ​ដំណោះស្រាយ ដោយ​សន្តិវិធី ព្រោះ​វា​ជា​ផែនទី​បង្ហាញផ្លូវ ឆ្ពោះទៅរក​ការ​ស្តារឡើងវិញ សម្រាប់​ស្ថិរភាព និង លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​នី​ហ្សេ​។ អ្វីៗ​ទាំងអស់ នៅ​មិនទាន់​បាត់បង់ ឬ ខូចខាត​នៅឡើយ​»​។​

​ក្រោយ​ការផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​នី​ហ្សេ កាលពី​ថ្ងៃទី​២៦ ខែកក្កដា នោះមក ក្រុម​មេដឹកនាំ​ធ្វើ​រដ្ឋប្រហារ បាន​បដិសេធ​ប្រគល់​អំណាច និង ដោះលែង​លោក​ប្រធានាធិបតី បា​ហ្ស៊ូ​ម (Bazoum) ដែល​ត្រូវបាន​ពួកគេ ចាប់ឃុំខ្លួន ដោយ​មិន​អើពើ​នឹង​ឱសានវាទ​របស់​បណ្ដា​មេដឹកនាំ ECOWAS ដោយបាន​កំណត់ នៅត្រឹម​ថ្ងៃទី​៦ ខែសីហា ដើម្បី​ប្រគល់​អំណាច​ជូនទៅ​លើ​លោក​ប្រធានាធិបតី បា​ហ្ស៊ូ​ម វិញ​។​

​កិច្ចប្រជុំ​បន្ទាន់​របស់​ប្លុក​អាហ្វ្រិក​ខាងលិច នៅ​រដ្ឋធានី​អា​ប៊ូ​ចា ប្រទេស​នី​ហ្សេ​រី​យ៉ា បានកើត​ឡើង ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយពេល​មេដឹកនាំ​រដ្ឋប្រហារ​រប​ស់​ប្រទេស​នី​ហ្សេ បានតែងតាំង​រដ្ឋាភិបាល​បណ្តោះអាសន្ន​ថ្មី​មួយ​។ ជាមួយគ្នានេះ លោក ម៉ា​ហា​ម៉ា​ណេ រូ​ហ្វៃ ឡាវ​អ៊ួ​លី (Mahamane Roufai Laouali) ក៏​ត្រូវបាន​ពួកយោធា​តែងតាំង ជា​អគ្គលេខាធិការ នៃ​រដ្ឋាភិបាល​ថ្មី​របស់​ពួកគេ​» ដោយ​ថែមទាំង​បានដាក់​ឈ្មោះ​រដ្ឋមន្ត្រី ចំនួន​២១​នាក់ ហើយក៏​មិនបាន​បញ្ជាក់បន្ថែម អំពី​ផែនការ​របស់​រដ្ឋាភិបាល​របស់​ពួកគេ នោះឡើយ​៕​