វៀតណាម ៖ … អំពើពុករលួយ​ភាគច្រើន​កើតចេញពី​មន្ត្រី​មានអំណាច …

ព័ត៌មានអន្តរជាតិ
0
280
​ លោក Nguyen Phu Trong ដែលជា​ប្រធានាធិបតី និង​ជា​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម បាន​និយាយថា ការដាក់ទោស​ធ្ងន់ៗ​លើ​មន្ត្រីជាន់ខ្ពស់​ទាំងឡាយណា ដែល​ប្រព្រឹត្ត​អំពើពុករលួយ គឺជា​រឿង​ដែល​ត្រូវធ្វើ​ចំបូង​គេ​បង្អស់ ព្រោះថា​អ្នក​ដែល​ប្រព្រឹត្តិ​អំពើពុករលួយ​ភាគច្រើន​គឺជា​មន្ត្រី​ដែល មានអំណាច​បុណ្យស័ក្តិ ។​ ​កាលពីពេល​កន្លងទៅនេះ​ថ្មីៗ​នេះ អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​វៀតណាម ចន្លោះ​ឆ្នាំ​២០១១ ដល់​២០១៦ លោក ង្វៀន បាក សង (Nguyễn Bắc Son) ក៏​ជា​សមាជិក​សំខាន់​និង​ដ៏​មាន​ឥទ្ធិពល​មួយរូប ក្នុង​គណៈកម្មការ​កណ្តា​ល​របស់​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម​។ លោក​អតីត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន​កាលពី​ខែកុម្ភៈ​ឆ្នាំទៅ​មិញ ហើយ​ត្រូវ​អយ្យការ​រដ្ឋអាជ្ញា​វៀតណាម ស្នើសុំ​តុលាការ​ផ្តន្ទាទោស​ប្រហារជីវិត​តែម្តង​។ ក៏ប៉ុន្តែ ក្រោយ​ការចរចា​គ្នា​និង​ការសម្រុះសម្រួល​ផ្តល់​សំណង​ជូន​រដ្ឋ​វិញ ក្នុង​រង្វង់​ទឹកប្រាក់​រាប់លាន​ដុល្លារ​រួចមក នៅ​ទីបំផុត សាលាជម្រះក្តី​ក្រុង​ហាណូយ ក៏បាន​សម្រេច​ផ្តន្ទា​ទោសឧក្រិដ្ឋ ត្រឹម​ជាប់ពន្ធនាគារ​អស់​មួយជីវិត នៅ​ថ្ងៃទី​២៨​ធ្នូ​នេះ​ ជុំវិញបទល្មើសពុករលួយ។​ ​គួរ​បញ្ជាក់ដែរថា ប្រទេស​វៀតណាម​បានអនុម័ត​បទបញ្ញត្តិ​ថ្មី​មួយ​ដែល​ចែង​លម្អិត​អំពី​ការហាមឃាត់​ប្រឆាំងនឹង​ការប្រព្រឹត្ត​អំពើពុករលួយ ចាប់តាំងពី​អាកប្បកិរិយា​របស់​មន្ត្រី​រដ្ឋាភិបាល និង​ការ​សូកប៉ាន់​តាម​ការផ្ដល់ជូន​កន្ត្រក​ផ្លែឈើ​ជាដើម​។​ ​អនុក្រឹត្យ​លេខ​59/2019/ND-CP តម្រូវ​ឲ្យ​មន្ត្រី​រដ្ឋការ​ទាំងអស់​រា​យ​ការណ៍​អំពី​អំណោយ​គ្រប់បែបយ៉ាង​រួមទាំង​អំណោយ​តូចតាច និង​អំពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​អ្នកផ្ដល់​អំណោយ ក៏ដូចជា​តម្រូវ​ឲ្យ​មន្ត្រី​រដ្ឋការ​សាធារណៈ​បដិសេធ​ទទួល «​អំណោយ​មិន​សមរម្យ​» ដែលជា​ពាក្យ​មិនទាន់​ត្រូវបាន​គេ​ឲ្យ​និយមន័យ​នៅឡើយ​ទេ តែ​វា​សំដៅ​ទៅលើ​ការ​សូកប៉ាន់​៕