លោក​ត្រាំ​អះអាងថា​គ្មាន​អាយុជីវិត​ទាហាន​អាមេរិក ឬ​អ៊ីរ៉ាក់​ណា​ម្នាក់​បាត់បង់​ដោយសារតែ​មី​ស៊ី​ល អ៊ីរ៉ង់​នោះឡើយ​

ព័ត៌មានអន្តរជាតិ
0
309
​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​និយាយថា អ៊ីរ៉ង់ ទំនងជា​ត្រូវ​អង្គុយ​ចុះ​នៅ​ឲ្យ​ស្ងៀម ក្រោយ​ពួកគេ​បាញ់​មី​ស៊ី​លម​កលើ​មូលដ្ឋាន​កងទ័ពអាកាស​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។​អំឡុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​ចេញពី​សេត​វិមាន លោក​ត្រាំ បាន​អះអាងថា គ្មាន​អាយុជីវិត​ទាហាន​អាមេរិក ឬ​អ៊ីរ៉ាក់​ណា​ម្នាក់ បាត់បង់​នោះឡើយ នៅក្នុង​ការវាយប្រហារ​ទាំងនេះ ហើយ​មូលដ្ឋាន​ទ័ពអាកាស​ពួកគេ រង​ការខូចខាត​ក្នុង​ទំហំ​តិចតួច​បំផុត​តែប៉ុណ្ណោះ​។​គួរ​ឲ្យ​ដឹងថា មូលដ្ឋាន​កងទ័ពអាកាស​អ៊ី​រ៉ា​ប៊ី​ល និង​អាល់ អាសាដ បាន​រង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​កាលពី​ព្រឹក​ថ្ងៃ​ពុធ ម៉ោង​ក្នុងស្រុក​។​ ​អ៊ីរ៉ង់ បាន​និយាយថា ការវាយប្រហារ​នេះ គឺ​ដើម្បី​សងសឹក​ក្រោយ​ការសម្លាប់​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​អ៊ីរ៉ង់ គឺ​លោក កា​សេម សូ​ឡេ​ម៉ា​នី កាលពី​សប្តាហ៍​មុន​។​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​សហរដ្ឋអាមេរិក មាន​គោលដៅ​មកលើ​លោក​កា​សេម នៅក្នុង​រដ្ឋធានី​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់ បានក្លាយ​ជាការ​ឡើងក​ម្តៅ​ភាព​តានតឹង​យ៉ាងខ្លាំង ដែល​អាច​ក្លាយជា​សង្គ្រាម ស្របពេល​ដែលមាន​ទំនាក់ទំនង​ដ៏​អាក្រក់​រួចទៅហើយ​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​។​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក អា​លី ខា​មេ​ណេ បា​ចាប់​ទុក​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​នេះ ថា​ជាការ​ទះ​កំ​ប្លៀ​ង​សហរដ្ឋអាមេរិក និង​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​វត្តមាន​ទាហាន​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។​កាលពី​ល្ងាច​ថ្ងៃ​ពុធ យ៉ាងហោច​រ៉ុក្កែត​២​គ្រាប់​បាន​ធ្លាក់​នៅក្នុង​តំបន់​សុវត្ថិភាព​បៃតង ដែលជា​តំបន់​ដែលមាន​ការ​យាមកាម​យ៉ាង​តឹងរឹង​នៅក្នុង​ទីក្រុង​បា​ដា​ដ និង​ជា​កន្លែង​ដែល​ស្ថានទូត​សហរដ្ឋអាមេរិក​ស្ថិតនៅ​។ គ្មាន​សេចក្តីរាយការណ៍​ពី​គ្រោះថ្នាក់ ឬ​ផល​ខូចខាត​នោះទេ​។​ការវាយប្រហារ​របស់​សហរដ្ឋអាមេរិក​មក​លើ​លោក​សូ​ឡេ​ម៉ា​នី បានសម្លាប់​សមាជិក​ក្រុម​ជីវពល​អ៊ីរ៉ាក់​គាំទ្រ​អ៊ីរ៉ង់​ផងដែរ ដែល​ពួកគេ​បាន​អះអាងថា ពួកគេ​នឹង​សងសឹក​ដូចគ្នា​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ម៉ៃ ផេ​ន បាន​និយាយប្រាប់ CBS News​ថា របាយការណ៍​ចារកិច្ច​បានបង្ហាញ​ថា អ៊ីរ៉ង់ បាន​សុំ​ឲ្យ​ក្រុម​សម្ព័ន្ធមិត្ត​ជីវពល​របស់ខ្លួន មិនចាំបាច់​វាយប្រហារ​មកលើ​សហរដ្ឋអាមេរិក​នោះទេ​។​លោក ផេ​ន បាន​និយាយថា យើង​ទទួលបាន​ព័ត៌មាន​ចារកិច្ច​ជាច្រើន​បង្ហាញថា អ៊ីរ៉ង់ បាន​ផ្ញើ​សារ​ទៅកាន់​ក្រុម​ជីវពល​ទាំងអស់នោះ ឲ្យ​ដកចេញ​គោលដៅ​វាយប្រហារ​មកលើ​អាមេរិក ឬ​ជន​ស៊ីវិល ៕