មេដឹកនាំប្រទេសអ្នកមាននៅពិភពលោក ត្រៀមលុយ៦០០ពាន់លានដុល្លារ បន្សាយឥទ្ធិពលចិន

ព័ត៌មានអន្តរជាតិ
0
114
រដ្ឋធានីប៊ែរឡាំង៖ បណ្ដាមេដឹកនាំ នៃប្រទេសអ្នកបំផុត នៅលើពិភពលោក បានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំកំពូល G7 ស្ថិតក្នុងប្រទេសអាល្លឺម៉ង់ ដោយបានបង្ហាញ អំពីផែនការរបស់មហាអំណាចលោកខាងលិច ជាមួយនឹងទំហំទឹកប្រាក់ ៦០០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងគំនិតផ្ដួចផ្ដើម «ផ្លូវមួយ និង ខ្សែក្រវាត់មួយ» របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ថា បណ្ដាមេដឹកនាំ នៃប្រទេសមានឧស្សាហកម្មរីកចម្រើនបំផុត នៅលើពិភពលោក ហៅកាត់ G7 មានដូចជា កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាមរិក និង ចក្រភពអង់គ្លេស បានព្រមព្រៀងគ្នា ប្រមូលថវិកា រហូតដល់៦០០ពាន់លានដុល្លារ ទុកជាមូលនិធិ សម្រាប់ជួយដល់ប្រទេសកំពុងអភិវឌ្ឍ នៅលើពិភពលោក។ ការព្រមព្រៀងគ្នារបស់មេដឹកនាំ G7 នេះ ត្រូវបានគេមើលឃើញថា ជាការប្រឆាំងនឹងគំនិតផ្ដួចផ្ដើម «ផ្លូវមួយ និង ខ្សែក្រវាត់មួយ» របស់ប្រទេសចិន។

បណ្ដាប្រទេសប្រជាធិបតេយ្យ ដែលមានជាងគេបំផុតរបស់ពិភពលោក កាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា បានប្រកាស អំពីគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធពិភពលោក មានទំហំទឹកប្រាក់ ៦០០ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រឆាំងនឹងប្រទេសចិន នៅក្នុងការបង្កើនឥទ្ធិពលនយោបាយ និង ពាណិជ្ជកម្ម តាមរយៈការវិនិយោគដ៏ធំរបស់ក្រុងប៉េកាំង នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក រួមជាមួយនឹងមេដឹកនាំ G7 ផ្សេងទៀត បានបង្ហាញ អំពីគំនិតប្រឆាំងរបស់ក្រុមនេះ នៅឯកិច្ចប្រជុំកំពូល នៅប្រទេសអាល្លឺម៉ង់។

លោក បៃដិន បានប្រកាសថា « ប្រជាជាតិរបស់យើង និង ពិភពលោកឈរ នៅលើចំណុចបំផ្លិចបំផ្លាញពិតប្រាកដ នៅក្នុងប្រវត្តិសាស្រ្តរបស់យើង»។ ដោយឡែក ជម្រើសត្រូវធ្វើ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ នាពេលបច្ចុប្បន្ននេះ នឹងចងពួកគេ ប្រឆាំងនឹងការប៉ះទង្គិច នាពេលអនាគត ជុំវិញការប្រែប្រួលអាកាសធាតុ និង ជំងឺរាតត្បាត ហើយរៀបចំពួកគេ សម្រាប់យុគសម័យឌីជីថល។

សហរដ្ឋអាមេរិក នឹងមានគោលបំណង ប្រើប្រាស់ទឹកប្រាក់ សរុប ២០០ពាន់លានដុល្លារសម្រាប់កម្មវិធីនេះ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ តាមរយៈការរួមបញ្ចូលគ្នា នៃហិរញ្ញប្បទានសហព័ន្ធន៍ និងការវិនិយោគ ពីវិស័យឯកជន។ សកម្មភាពទាំងនេះ បន្ថែមពីលើទំហំទឹកប្រាក់ ៣០០ពាន់លានអឺរ៉ូ ឬស្មើនឹងប្រហែល ៣១៧,១៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានសហភាពអឺរ៉ុប ប្រកាសរួចមកហើយនោះ។ ជាមួយនឹងការរួមចំណែក ពីសមាជិកផ្សេងៗទៀត ដោយមានគោលដៅរួម គឺបង្កើតគម្រោង មានទំហំទឹកប្រាក់ ៦០០ពាន់លានដុល្លារ។


ថ្វីបើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) មិនប្រើពាក្យ «ចិន» នោះក្ដី ប៉ុន្ដែគូប្រជែងដ៏សំខាន់ រហូតដល់ចុងបញ្ចប់ នៃពិភពលោក ប្រាកដជាច្បាស់ណាស់ទៅហើយ ដោយគាត់ ប្រកាសថា នៅពេល«បណ្ដាប្រទេសប្រជាធិបតេយ្យធ្វើអ្វីៗទាំងអស់ ដែលយើងអាចផ្តល់ជូន» ពួកគេនឹងយកឈ្នះទៅលើប្រទេសប្រកាន់គោលនយោបាយផ្ដាច់ការបាន។

លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា «យើងនឹងផ្ដល់ជម្រើសដ៏ល្អ សម្រាប់ប្រជាពលរដ្ឋ នៅជុំវិញពិភពលោក»។

លោកស្រី អ៊ូស៊ូឡា វ៉ន់ ឌើរ ឡេយ៉ែន (Ursula von der Leyen) ប្រធានគណៈកម្មការសហភាពអឺរ៉ុប បានបញ្ជាក់ថា គោលបំណងនេះ គឺដើម្បីបង្ហាញ ពី«ការជំរុញដល់ការវិនិយោគដ៏មានឥទ្ធិពលជាវិជ្ជមានដល់ពិភពលោក សម្រាប់បង្ហាញដៃគូរបស់យើង នៅក្នុងប្រទេសកំពុងអភិវឌ្ឍថា ពួកគេមានជម្រើសដ៏ល្អៗច្រើន»។

ផែនការនេះ មានគោលបំណងប្រកួតប្រជែងជាមួយគំនិតផ្តួចផ្តើម «ផ្លូវមួយ និង ខ្សែក្រវាត់មួយ» របស់ប្រទេសចិន ដែលបានព្យាយាមពង្រឹងទំនាក់ទំនងជាមួយប្រទេសកំពុងអភិវឌ្ឍ ជាពិសេស នៅក្នុងទ្វីបអាស៊ី និង អាហ្វ្រិក។ ចិន តែងតែផ្តល់ហិរញ្ញប្បទាន សម្រាប់គម្រោងធំៗ មានដូចជា ផ្លូវថ្នល់ ផ្លូវដែក និង កំពង់ផែ។ ដោយឡែកមន្រ្ដីសហរដ្ឋអាមេរិក បានអះអាងថា ប្រជាជាតិ ដែលធ្វើជំនួញជាមួយចិន នឹងបញ្ចប់ ដោយការវណ្ឌកនឹងបំណុល ហើយសកម្មភាពនេះ កំពុងតែបង្ហាញថា ផែនការរបស់លោកខាងលិច ជាជម្រើសដ៏ល្អជំនួសវិញ៕