ចិននៅតែជាមហាអំណាចសេដ្ឋកិច្ទទី២ ទោះជារង​ឥទ្ធិពល​កូវីដ-១៩

ព័ត៌មានអន្តរជាតិ
0
1090
 លោក Liu Xiaoming ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅចក្រភពអង់គ្លេស បានថ្លែង កាលពីដើមសប្ដាហ៍នេះថា ថ្វី​ត្បិត​តែពេលនេះ ប្រទេសចិនបានរងនូវឥទ្ធិពល នៃការរីករាលដាលវីរុសកូវីដ-១៩ក្ដី ប៉ុន្ដែសេដ្ឋកិច្ចរបស់ប្រទេស​ចិន នៅតែរឹងមាំដដែល។ រីឯឥទ្ធិពលអវិជ្ជមាន នៃការផ្ទុះឡើងនូវវីរុសកូរ៉ូណា ឬកូវីដ-១៩នេះ គឺគ្រាន់តែមាន​រយៈ​​ពេល​ខ្លី និងបណ្ដោះអាសន្នតែប៉ុណ្ណោះ។
លោកឯកអគ្គរដ្ឋទូត បានបន្ដថា មូលដ្ឋានគ្រឹះ នៃសេដ្ឋកិច្ចរបស់ចិន មានភាពរឹងមាំ មិនមានការប្រែប្រួល ហើយ​​វានឹងមិនមានការថមថយនោះឡើយ។ លោកមានជំនឿថា សក្ដានុពលដ៏រឹងមាំ និងកម្លាំងខ្លាំងក្លា នៃ​សេដ្ឋកិច្ចចិន នឹងមិនអន់ថយ ដោយសារការរាតត្បាត នៃជំងឺនេះឡើយ។

លោកឯកអគ្គរដ្ឋទូត បានបសង្កត់ធ្ងន់ថា ប្រទេសចិននឹងមានសិ្ថរភាព និងមានថាមពលរឹងមាំ សម្រាប់​ការរីក​ចម្រើន នៃសេដ្ឋកិច្ចរបស់ពិភពលោក។ រហូតមកដល់ពេលនេះ ទាំងរដ្ឋាភិបាលចិន និងប្រជាជនចិន កំពុង​ប្រយុទ្ធ​ប្រឆាំងនឹងការផ្ទុះនូវជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ។
លោកឯកអគ្គរដ្ឋទូត បានបន្ដថា ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ប្រជាជន​ចិន​កំពុង​រួបរួមគ្នា ចាត់វិធានការការពារ និងគ្រប់គ្រងនូវជំងឺឆ្លងនេះ។ យើងទាំងអស់គ្នា កំពុងតែធ្វើ​សង្រ្គាម​ប្រឆាំង​នឹងវីរុសនេះ។

លោកឯកអគ្គរដ្ឋទូត បានថ្លែងអត្ថាធិប្បាយជាដដែលថា ទោះជាយ៉ាងណាក៏ដោយ ចិននៅតែបើកចំហ ក្នុងកិច្ច​សហ​ប្រតិបត្ដិការជាមួយអន្ដរជាតិ ដោយតម្លាភាព និងឆ្លើយតប ដើម្បីគ្រប់គ្រងនូវវីរុស៕