អបអរសាទរ​…​អ្នកវិទ្យាសាស្ត្រ​អាមេរិក​ពិសោធន៍​ទៅលើ​សត្វ​កណ្តុរ​ទទួលបាន​ជោគជ័យ​ក្នុងការ​ព្យាបាល​ជម្ងឺ​ទឹកនោមផ្អែម​

ព័ត៌មានអន្តរជាតិ
0
933
[wai id="5"]

[wai id="7"]
…​ពីមុនៗ​មក​បញ្ហា​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ប្រទេសមួយ​ចំនួន​បាន​ប្រឹងប្រែង​រិះរក​នូវ​ការធ្វើ​ពិសោធន៍​ផ្សេងៗ​សំដៅ​រក​វិធី​ព្យាបាល​ឲ្យ​បាន​ជោគជ័យ​នូវ​ជម្ងឺ ទឹកនោមផ្អែម​។ ប៉ុន្តែ​រាល់​ការប្រឹងប្រែង​ទាំងអស់នោះ​ពុំទាន់​ចេញ​ជា​លទ្ធផល​គួរ​ឲ្យ​រំភើប​អ្វី​នោះឡើយ​។ ប៉ុន្តែ​ថ្មីៗ​នេះ​អ្នក​កើត​ជម្ងឺ​ទឹកនោមផ្អែម​បានទទួល​នូវ​ដំណឹង យ៉ាង​រីករាយ​ក្រៃលែង​ជុំវិញ​ការស្រាវជ្រាវ​ពិសោធន៍​ទាំងអស់នោះ​។​Daily Mail បានចេញ​ផ្សាយ​ថា អ្នកវិទ្យាសាស្ត្រ​ក្នុង​ក្រុង St Louis នៃ​រដ្ឋ Missouri សហរដ្ឋអាមេរិក បាន​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​លើ​សត្វ​កណ្តុរ​ជា​លើកដំបូង​បំផុត​ដោយ​ជោគជ័យ ដោយ​ប្រើ​កោសិកា​បំប្លែង​របស់​មនុស្ស​ដើម្បី​សម្លាប់​ជំងឺ​ទឹកនោមផ្អែម​។ របកគំហើញ​នេះ​អាច​ផ្ដល់​ក្ដីសង្ឃឹម​ថ្មី​ដល់​មនុស្ស​ជាង ៤២០​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក ដែល​កំពុងតែ​កើតមាន​ជំងឺ​ទឹកនោមផ្អែម​។ បច្ចេកទេស​កោសិកា​នេះ ត្រូវបាន​រកឃើញ​ដោយ​អ្នកវិទ្យាសាស្ត្រ នៅឯ​សាលា​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន ដោយ​ពួកគេ​បានទទួល​ជោគជ័យ​ក្នុងការ​ព្យាបាល​ជំងឺ​នៅក្នុង​សត្វ​កណ្តុរ​បាន​យ៉ាងតិច ៩​ខែ ហើយ​ក្នុង​ករណីខ្លះ​រហូតដល់​មួយឆ្នាំ​។​
ពាណិជ្ជកម្ម

​កោសិកា​ដើម​របស់​មនុស្ស​ដែល​ត្រូវបាន​គេ​បំប្លែង បានអនុញ្ញាត​ឱ្យ​សត្វ​ផលិត​អាំង​ស៊ុយ​លីន​ដែល​បំបែក​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​។ ការពិសោធន៍​បាន​មើលឃើញថា កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ពួកគេ​វិលត្រឡប់​មករក​កម្រិត​ធម្មតា​វិញ​ក្នុង​រយៈពេល​ត្រឹមតែ ២​សប្តាហ៍ ខណៈពេលដែល​ជំងឺ​ទឹកនោមផ្អែម​អាច​ត្រូវបាន​គ្រប់គ្រង​តាមរយៈ​របប​អាហារ ការប្រើ​ថ្នាំ និង​របៀប​រស់នៅ ដោយ​មិនមាន​ការព្យាបាល​ជាក់លាក់​សម្រាប់​ជំងឺ​នេះ​ទេ​។ ដូច្នេះ​អ្នកវិទ្យាសាស្ត្រ​បាន​ផ្លាស់ប្តូរ​កោសិកា​ដើម​របស់​មនុស្ស​ទៅជា​កោសិកា​ផលិត​អាំង​ស៊ុយ​លីន ដែល​បន្ទាប់មក​កោសិកា​នោះ​អាចជួយ​ឱ្យ​សត្វ​កណ្តុរ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម​នេះ​បាន​។ វេជ្ជបណ្ឌិត Jeffrey R. Millman ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ និង​វិស្វកម្ម​ជីវវិទ្យា បាន​សរសេរ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖“​សត្វ​កណ្តុរ​ទាំងនេះ​មាន​ជំងឺ​ទឹកនោមផ្អែម​ធ្ងន់ធ្ងរ ជាមួយនឹង​ការ​វាស់​ជាតិ​ស្ករ​ក្នុង​ឈាម​លើសពី ៥០០​មី​លី​ក្រាម​/​ដេ​ស៊ី​លីត្រ នៃ​ឈាម​។ កម្រិត​ដែល​អាច​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ ហើយ​នៅពេល​យើង​ឱ្យ​កោសិកា​បំប្លែង​នេះ​ទៅក្នុង​ខ្លួន​កណ្ដុរ​នៅក្នុង​រយៈពេល ២​សប្តាហ៍ កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​របស់​ពួកគេ​បាន​វិល​មករក​ភាព​ធម្មតា​វិញ ហើយ​នៅ​ដដែល​អស់​រយៈពេល​ជាច្រើន​ខែ​។ បន្ទាប់ពី​ពួកគេ​បាន​រកឃើញ​វិធី​ផ្លាស់ប្តូរ​កោសិកា​កាលពី​ប៉ុន្មាន​ឆ្នាំមុន ពួកគេ​បាន​ចំណាយពេល​តាំងពី​ពេល​នោះមក​ដើម្បី​ធានាថា កោសិកា​ដែល​បាន​បំប្លែង​គឺជា​កោសិកា​ដែល​ពិត​ជាមាន​ប្រយោជន៍​សម្រាប់​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​។​វេជ្ជបណ្ឌិត Jeffrey R. Millman បាន​ពន្យល់​ទៀតថា​៖“​បញ្ហា​ទូទៅ​មួយ​នៅពេល​អ្នក​ព្យាយាម​បំប្លែង​កោសិកា​ដើម​របស់​មនុស្ស​ទៅជា​កោសិកា​បេ​តា​ផលិត​អាំង​ស៊ុយ​លីន ឬ​ណឺរ៉ូន ឬ​កោសិកា​បេះដូង គឺ​អ្នក​បាន​ផលិត​កោសិកា​ផ្សេងទៀត​ដែល​អ្នក​មិនចាំបាច់​”​។​​ក្នុងករណី​កោសិកា​បែ​តា យើង​អាច​ទទួលបាន​កោសិកា​លំពែង ឬ​កោសិកា​ថ្លើម​ប្រភេទ​ផ្សេងទៀត​។ កោសិកា​ឥតប្រយោជន៍​កើនឡើង​ច្រើន​ប៉ុណ្ណា អ្នកនឹង​ទទួលបាន​កោសិកា​ចាំបាច់​កាន់តែ​តិច​ទៅតាម​ហ្នឹង​។ ហើយ​អ្នកត្រូវការ​កោសិកា​បេ​តា​ចំនួន​មួយ​ពាន់​លាន ដើម្បី​ព្យាបាល​អ្នកជំងឺ​ទឹកនោមផ្អែម​។

ប៉ុន្តែ​ប្រសិនបើ​កោសិកា​មួយ​ភាគ​បួន​នៃ​កោសិកា​ដែល​អ្នក​បាន​បង្កើត គឺ​កោសិកា​ថ្លើម ឬ​កោសិកា​លំពែង​ដទៃទៀត ជំនួស​ឱ្យ​តម្រូវការ​កោសិកា​ជាក់លាក់​ចំនួន​មួយ​ពាន់​លាន់ អ្នកនឹង​ត្រូវការ ១.២៥ ពាន់​លាន​កោសិកា​។ ដូច្នេះ​វា​ធ្វើឱ្យ​ការព្យាបាល​ជំងឺ​មានការ​លំបាក​ជាង​មុន ២៥%​។​យ៉ាងណាក៏ដោយ​ខណៈពេល​ដែល​របកគំហើញ​នេះ​ពិតជា​ដំណឹង​ល្អ ប៉ុន្តែ​យើង​នៅ​ត្រូវការ​ពេលវេលា​ដើម្បី​អាច​ប្រើប្រាស់​វិធី​ព្យាបាល​បែបនេះ​លើ​មនុស្ស​។ មានការ​សាកល្បង​ជាច្រើន​ដែល​ត្រូវធ្វើ ដើម្បី​ធានាថា​ការព្យាបាល​មាន​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​។ ការព្យាបាល​ក៏ត្រូវ​ធ្វើ​ស្វ័យប្រវត្តិកម្ម ដើម្បី​បញ្ចប់​ការចាក់​អាំង​ស៊ុយ​លីន​ទៀងទាត់​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវការ​។ ជំហាន​បន្ទាប់​សម្រាប់​អ្នកវិទ្យាសាស្ត្រ​គឺ​សាកល្បង​វា​លើ​សត្វ​ធំៗ និង​ជោគជ័យ​រយៈពេល​យូរ​។ ទោះជា​យ៉ាងណាក៏ដោយ​នេះ​នៅតែ​ជា​លើកទីមួយ​ហើយ ដែល​សត្វ​កណ្ដុរ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​ទឹកនោមផ្អែម ដែល​ពីមុនមក​ជំងឺ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​មិនអាច​ព្យាបាល​បាន​នោះទេ​៕




[wai id="6"]