ថៅកែលក់គ្រឿងបន្លាស់រថយន្ដចិត្ដខ្មៅ វាយធ្វើបាបអ្នកបម្រើ៨ឆ្នាំ

ព័ត៌មានអន្តរជាតិ
0
998

ថៅកែលក់គ្រឿងបន្លាស់រថយន្ដ២នាក់ប្ដីប្រពន្ធ បានធ្វើបាបនារីជាជនជាតិឡាវម្នាក់ ប្រៀបបីដូចទាសី អស់រយ:​ពេល​៨ឆ្នាំ ទើបបែកការដឹងដល់អាជ្ញាធរថៃ និងប៉ូលិស ចុះទៅចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ នៅ​ក្នុងហាងរបស់ពូកគេ ស្ថិតក្នុងតំបន់អូមណយ (Om Noi) ស្រុកក្រាធុម បែន (Kratum Baen) ខេត្ដសមុទ្រ​សាខន ប្រទេសថៃ។

មន្រ្ដីប្រឆាំងការជួញដូរមនុស្ស និងប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា ជនសង័្សយ ដែលត្រូវ ចាប់ ខ្លួន ឈ្មោះ សុចិន វីភូស៊ីតធីគុល (Suchin Wiphusitthikul) អាយុ៦០ឆ្នាំ និងប្រពន្ធរបស់គាត់ឈ្មោះ ជីរ៉ាវ៉ឌី វីភូស៊ីទធីគុល (Jirawadee Wiphusitthikul) ។ រីឯនារីរងគ្រោះ អាយុ២១ឆ្នាំ ជនជាតិឡាវ។

ប៉ូលិសថៃ បានបញ្ជាក់ថា ជនសង័្សយទាំង២នាក់ប្ដីប្រពន្ធខាងលើនេះ ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោមការចោទ​ប្រកាន់ពីបទ «ឃុំឃាំងបុគ្គលិកដោយខុសច្បាប់ និងធ្វើទារុណកម្មនាងដូចជាទាសី អស់រយ:ពេល៨ឆ្នាំ»។ ជន​សង័្សយទាំង២នាក់ប្តីប្រពន្ធនេះ ក៏អាចនឹងត្រូវចោទប្រកាន់ពីបទជួញដូរមនុស្ស​ដោយប្រមូលប្រាក់​ចំណេញ​ពីមនុស្សម្នាក់​ទៀត តាមរយៈការកេងប្រវ័ញ្ច និងបង្ខំឱ្យជួលពលករចំណាកស្រុកដែលមិនបានចុះឈ្មោះ និងការដកហូតសិទ្ធិសេរីភាពរបស់កម្មករ។

លោកវរសេនីយ៍ Apisan Chaiyarat អនុប្រធានប៉ូលិសប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា ការចាប់​ខ្លួន​ជនសង័្សយខាងលើនេះ ក្រោយពេលប៉ូលិសទទួលបានព័ត៌មាន​ពីករណីធ្វើអាជីវកម្មលើកម្លាំងពលកម្ម​របស់​កម្មការិនីជនជាតិឡាវម្នាក់ អស់រយ:ពេលជាច្រើនឆ្នាំ។ ប៉ុន្ដែបើតាមការសាកសួរទៅលើជនរងគ្រោះខាងលើ គឺនាងបានមកធ្វើការឲ្យថៅកែខាងលើ ចាប់តាំងពីនាង មានអាយុ១៣ឆ្នាំមកម៉្លេះ។

លោកវរសេនីយ៍ បានឲ្យដឹងតាមសម្ដីរបស់ជនរងគ្រោះថា ថៅកែខាងលើ ធ្លាប់ឃុំឃាំងនាងនៅក្នុងបន្ទប់ និងមិនឲ្យប្រាក់ឈ្នួលដល់នាង ដោយធ្វើបាបនាងដូចជាទាសី។ នារីរងគ្រោះក៏បានចោទប្រកាន់ថៅកែ​របស់នាង ពីការធ្វើទារុណកម្មមកលើរូបនាងយ៉ាងខ្លាំង ដូចជា ការរំលោភបំពាន វាយនាងនឹងអម្បោស ឬខ្សែភ្លើងជាដើម។

នារីរងគ្រោះ បានប្រាប់ប៉ូលិសថា ដោយសាររងនូវការធ្វើទារុណកម្មខ្លាំងពេក មានថ្ងៃមួយ នាងបាន​លួចរត់ចេញពីក្នុងហាងរបស់ថៅកែរបស់នាង តែត្រូវគេចាប់បាន ហើយនាំត្រឡប់មកហាងវិញ។ បន្ទាប់​មកថៅកែរបស់នាងបានប្រាប់អ្នកជិតខាងថា នាងកើតជំងឺសរសៃប្រសាទ ហើយមានពេលខ្លះ ថៅកែ​របស់នាងបានលើកជើងធាក់ចំមុខនាង ក៏មាន ហើយបើថៅកែរបស់នាងទៅដើរលេង គឺទុកតែមីឲ្យនាងហូប​តែប៉ុណ្ណោះ។

ទោះជាយ៉ាងណា ថៅកែទាំង២នាក់ប្ដីប្រពន្ធនោះ បានបដិសេធរាល់ការចោទប្រកាន់របស់អ្នកបម្រើរបស់​ពួកគេ។ ប៉ុន្ដែករណីនេះ ប៉ូលិសក៏កំពុងតែស៊ើបអង្កេតបន្ដទៀត៕