ជនសង្ស័យ​ដៃដល់ អះអាង​ពី​ការរៀបចំ​គម្រោង​ស​.​ម្លា​ប់​អតីត​នាយករដ្ឋមន្ដ្រី អា​បេ​

ព័ត៌មានអន្តរជាតិ
0
76
រាជធានី​តូ​ក្យូ​៖ រហូតមកដល់​ពេលនេះ អាថ៌កំបាំង នៃ​ការបាញ់​ស​.​ម្លា​ប់​អតីត​នាយករដ្ឋមន្ដ្រី​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ជប៉ុន គឺ​ប៉ូលិស​ជំនាញ​ទទួល​បានជា​បណ្ដើរៗ​ហើយ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ជា​ឃាតករ​

​បណ្ដាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ជប៉ុន អ៊ិន​ហាស់​កា (NHK) បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ថា ជនសង្ស័យ ឈ្មោះ យ៉ាម៉ា​ហ្គា​មិ តែ​តស៊ូ​យ៉ា (Yamagami Tetsuya) រស់នៅក្នុង​ទីក្រុង​ណា​រ៉ា ត្រូវបាន​ចាប់ខ្លួន ក្រោយ​ការបាញ់ប្រហារ ទៅលើ​លោក ស៊ិន​ហ្សូ អា​បេ ( Shinzo Abe) ខណៈ​គាត់​ថ្លែង​សុន្ទរកថា ទៅកាន់​ហ្វូងមនុស្ស នៅក្នុង​យុទ្ធនាការ ស្វែងរក​សំឡេងឆ្នោត កាលពី​ថ្ងៃ​សុក្រ ។​


​ជនសង្ស័យ បាន​ប្រាប់​ដល់​ប៉ូលិស ថា រូបគេ បាន​ទៅ​កន្លែង​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​មួយកន្លែង នៅ​ភាគ​ខាងលិច ទីក្រុង​អូ​កា​យ៉ាម៉ា (Okayama) មួយថ្ងៃ​មុន​។ ប៉ុន្តែ​គេ​បាន​បោះបង់​ផែនការ​របស់គេ​ចោល​វិញ ដោយសារតែ​កន្លែង​នោះ មានការ​រឹតត្បិត​នូវ​កិច្ចការពារ​សន្ដិសុខ​។​

​ជនសង្ស័យ​ឈ្មោះ យ៉ាម៉ា​ហ្គា​មិ តែ​តស៊ូ​យ៉ា (Yamagami Tetsuya) បាន​សារភាព នៅ​ចំពោះមុខ​ក្រុមមន្ដ្រី​ស៊ើបអង្កេត​ជប៉ុន ថា ដំបូង​ឡើយ គេ​មានបំណង​ស​.​ម្លា​ប់លោក អា​បេ ដោយ​ការ​បំផ្ទុះ​គ្រាប់បែក នៅក្នុង​ព្រឹត្តិការណ៍​មួយ នៅក្នុង​ទីក្រុង​អូ​កា​យ៉ាម៉ា (Okayama) មាន​ចម្ងាយ​ផ្លូវ​ធ្វើដំណើរ ប្រហែល​រយៈពេល​៣​ម៉ោង ពី​ទីក្រុង​ណា​រ៉ា (Nara)​។ ប៉ុន្ដែ​នៅ​ទីក្រុង​អូ​កា​យ៉ាម៉ា​នោះ មានការ​យាមកាម​សន្តិសុខ​យ៉ាង​តឹងរ៉ឹង នៅត្រង់​ច្រកចូល ទើប​ធ្វើ​ឲ្យ​គេ​ពិបាក​ចូលទៅ​ខាងក្នុង ហើយក៏​បាន​បោះបង់ចោល​គម្រោង​នោះ​វិញ​ទៅ​»​។​

​មន្ដ្រីប៉ូលិស​ទីក្រុង​ណា​រ៉ា បាន​បញ្ជាក់ថា មុនដំបូង ជនសង្ស័យ បាន​សារភាព អំពី​ការបាញ់សម្លាប់​លោក អា​បេ ដោយសារ​គេ​ខឹងសម្បា​នឹង​អង្គការ​មួយ ដែល​គេ​ជឿថា អតីត​នាយករដ្ឋមន្ត្រី មាន​ការជាប់​ពាក់ព័ន្ធ​។ ចំណែក​ម្តាយ​របស់គេ បាន​ចូលរួម​យ៉ាងសកម្ម នៅក្នុង​អង្គការ​នេះ ហើយ​បាន​បរិច្ចាគ​ប្រាក់​ជាច្រើន រហូត​បណ្តាលឱ្យមាន​ប​ញ្ហា​ធ្ងន់ធ្ងរ​ដល់​គ្រួសារ​របស់គេ​។

​ប៉ូលិស បាន​ដកស្រង់​សម្ដី​របស់​ជនសង្ស័យ ដោយ​និយាយថា រូបគេ​បានដឹង អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក អា​បេ មកកាន់​ទីក្រុង​ណា​រ៉ា តាម​បណ្ដាញ​អ៊ិនធើរណេត ហើយក៏​បានធ្វើ​ដំណើរ​ម​ក​កាន់​កន្លែង​នោះ តាម​រថភ្លើង​។ ដោយឡែក​កាំភ្លើង​ផលិត​ដោយ​ដៃ ដែល​ប្រើប្រាស់ ជា​មធ្យោបាយ សម្រាប់​សម្លាប់​លោក អា​បេ នោះ មាន​ប្រវែង​៤០​សង់ទីម៉ែត្រ​។​


​ប៉ូលិស បាន​បន្ថែមថា សមត្ថកិច្ច​បាន​ឆែកឆេរ​លំនៅឋាន​របស់​ជនសង្ស័យ ហើយ​រឹបអូស​បាន​ដែក និង កាំភ្លើង​ឈើ​ជាច្រើន​ដើម មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​កាំភ្លើង ប្រើប្រាស់ នៅក្នុង​ការវាយប្រហារ ទៅលើ​លោក អា​បេ​។ ក្រៅពីនេះ ប៉ូលិស ក៏បាន​រឹបអូស​វត្ថុតាង​មួយចំនួនទៀត ជា​របស់​ជនសង្ស័យ​។​

​ប៉ូលិស បាន​ដកស្រង់​សម្ដី​របស់​ជនសង្ស័យ ឈ្មោះ យ៉ាម៉ា​ហ្គា​មិ ដែល​បាន​អះអាងថា គេ​ធ្លាប់​បម្រើការ​ជាមួយ​កងកម្លាំង​ស្វ័យការពារ​ម៉ា​រី​ន អស់​រយៈពេល​៣​ឆ្នាំ រហូតដល់​ឆ្នាំ​២០០៥ ហើយ​បច្ចុប្បន្ន គេ​គ្មាន​ការងារ​ធ្វើ​នោះឡើយ​៕​