នាវាផ្ទុកយន្ដហោះ USS Theodore Roosevelt អាមេរិក មានផ្ទុកកូវីដ-១៩

ព័ត៌មានអន្តរជាតិ
0
582

នាវាផ្ទុកយន្ដហោះ USS Theodore Roosevelt របស់អាមេរិក មាននាវិកចំនួន៣នាក់​ត្រូវបាន​ធ្វើតេស្ដរក​ឃើញ​មាន​ផ្ទុកវីរុស​រលាកផ្លូវ​ដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា (កូវីដ-១៩)។

លោក មីឆែល ហ្គីលដេ (Michael Gilday) ប្រធានប្រតិបត្ដិការ នៃកងនាវាអាមេរិក បានបញ្ជាក់​ថា រហូត​មក​ដល់ពេលនេះ នាវាផ្ទុកយន្ដហោះអាមេរិក មិន​ទាន់​មាន​គម្រោងចេញទៅបំពេញ​បេសកកម្ម​នៅឡើយ។ ដោយ​ឡែក​នាវិកចំនួន៣នាក់ នៅលើនាវាផ្ទុកយន្ដហោះ USS Theodore Roosevelt ដែលធ្វើតេស្ដវិជ្ជមាន នៃ​កូវីដ-១៩នោះ នឹងត្រូវបាន​នាំ​​ចេញ​​ពីនាវា រួចហើយបញ្ជូនពួកគាត់ព្យាបាល នៅក្នុងមន្ទីរពេទ្យរបស់ក្រសួង​ការពារជាតិ​អាមេរិក។

លោក ថូម៉ាស់ មូដលី (Thomas Modly) មេបញ្ជាការរងកងនាវាចម្បាំងអាមេរិក បានថ្លែងថា នាវាផ្ទុក​យន្ដ​ហោះ​ USS Theodore Roosevelt  ដែល​នាវិក​មានផ្ទុកវីរុសកូវីដ-១៩ បានធ្វើ​នាវារចរណ៍ នៅ​លើ​ដែនសមុទ្រ នៃទ្វីបអាស៊ី។ ប៉ុន្ដែកាលពី១៥ថ្ងៃមុន នាវាផ្ទុកយន្ដហោះនេះ​បាននាវាចរណ៍ទៅកាន់ប្រទេសវៀតណាម ផង​ដែរ។

ប្រភពព័ត៌មាន បានឲ្យដឹងថា កន្លងមក កងទ័ពអាមេរិកបានរកឃើញមានឆ្លងវីរុសកូវីដ-១៩ ចំនួន១៣៣។ ប៉ុន្ដែ​កងទ័ពត្រូវធ្វើតេស្ដរកឃើញវិជ្ជមាន នៃកូវីដ-១៩នោះ នឹងត្រូវបញ្ជូន​ទៅ​ព្យាបាល នៅក្នុងមន្ទីរពេទ្យ​របស់ក្រសួង​ការពារជាតិអាមេរិក។

សូមជម្រាបថា រហូតមកដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) អាមេរិកមានអ្នក​ឆ្លងវីរុស​កូវីដ-១៩ បានបន្ដកើនឡើងដល់ ៦៤៧៦៥នាក់ (ឆ្លងថ្មី ចំនួន៩៩០៩នាក់)។ ក្នុងចំណោមអ្នកជំងឺទាំង​នោះស្លាប់៩១០នាក់ និងព្យាបាលជាសះស្បើយចំនួន៣៩៣នាក់៕