Update៖ កូវីដ-១៩បន្ដសម្លាប់មនុស្សជិត៣ម៉ឺន ក្នុងចំណោមអ្នកឆ្លងជិត៦សែននាក់ នៅលើពិភពលោក

ព័ត៌មានអន្តរជាតិ
0
439

ចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូវីដ-១៩ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្ដ​ហ៊ូប៉ី នាភាគ កណ្ដាល នៃប្រទេសចិន រហូតមកដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) នៅលើពិភពលោក មានអ្នកឆ្លងកើនឡើងដល់៥៩១ ០៨៦​នាក់ ក្នុងនោះស្លាប់២៦៩៧៧នាក់ និងព្យាបាល​ជាសះស្បើយ១៣២ ៤៩០នាក់។

ប្រទេសចិនជាទីផ្ទុះឡើង នៃវីរុសដ៏កាចសាហាវនេះ មានអ្នកឆ្លងជាង៨១៣៤០នាក់ ហើយ​ក្នុង​ចំណោម​អ្នកជំងឺទាំងនោះ ស្លាប់៣២៩២នាក់ និងជាសះស្បើយ ជាង៧៤៥៨៨នាក់។ ប៉ុន្ដែ​រហូតមកដល់ពេលនេះ ចិនបានគ្រប់គ្រងស្ថានការណ៍ជាបណ្ដោះអាសន្នស្ទើរទាំងស្រុង។

ផ្ទុយទៅវិញ បណ្ដាប្រទេសនៅអឺរ៉ុបក៏កំពុងតែវឹកវរនឹងការរាតត្បាត នៃវីរុសកូវីដ-១៩នេះ ហើយអ៊ីតាលី​ក្លាយជា​ប្រទេសរងគ្រោះខ្លាំងជាងគេបំផុត នៅតំបន់អឺរ៉ុប និង​ឈរ​លំដាប់​លេខ​២ នៃចំនួនអ្នកឆ្លងវីរុសច្រើនជាងគេ​នៅ​លើពិភពលោក បន្ទាប់ពីប្រទេសអាមេរិក។ អ៊ីតាលី​មាន​អ្នក​ឆ្លង​វីរុសកូវីដ-កើនឡើង រហូតដល់​​ ៨៦៤៩៨នាក់ ដោយឆ្លង​ថ្មីចំនួន៥៩០៩នាក់។ ក្នុង​ចំណោម​​អ្នកជំងឺជាងទាំងនោះ គឺព្យាបាលបានជាសះស្បើយជាង១ម៉ឺននាក់ និងស្លាប់​៩១៣៤នាក់។

បើយោងតាមរបាយការណ៍ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ ចំនួនអ្នកស្លាប់កើនឡើងរាប់នាក់​​នេះ។ នេះជា​តួលេខ​មួយគួរឲ្យភ័យខ្លាច និងព្រួយបារម្ភបំផុត។


ដោយឡែកប្រទេស​មហា​អំណាច​យោធា និង​សេដ្ឋ​កិច្ច​លេខ​១របស់ពិភពលោក​វិញ (អាមេរិក) ក៏បានឈរ​ក្នុង​លំដាប់​​លេខ១ នៃចំនួនអ្នកឆ្លងវីរុសដ៏​កាចសាហាវច្រើន​ជាងគេ នៅលើពិភព​លោក។ អាមេរិក​មាន​អ្នកឆ្លង​វីរុសនេះ កើនឡើងជាង១សែននាក់។ ក្នុងចំណោម​អ្នកជំងឺទាំងនោះ គឺស្លាប់​១៥៥៧នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន២៤៦៥នាក់។

ដោយសារតែអាមេរិកបានដឹងច្បាស់ថា វីរុសដ៏កាចសាហាវនេះ​កំពុងតែ​រាត​ត្បាត នៅលើទឹក​ដី​រ​បស់ខ្លួន​នោះ ទើបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្វះស្វែងរក​កញ្ចប់លុយ រហូត​ដល់១០០០ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់ធ្វើសង្រ្គាមប្រឆាំង​នឹងវីរុស​ដ៏កាច​សាហាវ​នេះ៕