នាវាមុជទឹក​ឥណ្ឌូនេស៊ី ត្រូវបាន​រកឃើញ​ដាច់​ជាច្រើន​បំណែក​នៅក្នុង​ផ្ទៃសមុទ្រ​

ព័ត៌មានអន្តរជាតិ
0
246
[wai id="9"]

​នាវាមុជទឹក​ឥណ្ឌូនេស៊ី​ដែល​បាត់​ដំណឹង​កាលពីដើម​សប្តាហ៍​នេះ ត្រូវបាន​គេ​ប្រទះឃើញ​បំណែក​ខ្ចាត់ខ្ចាយ នៅលើ​ផ្ទៃសមុទ្រ​ក្នុង​ដែនទឹក នៃ​កោះ​បាលី ខណៈដែល​នាវិក​ទាំង ៥៣​នាក់​នៅក្នុង​នាវា​នោះបាន​ស្លាប់បាត់​បង់ជីវិត​ទាំងអស់​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Aljazeera នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែមេសា ឆ្នាំ​២០២១​។​
​ក្រុម​យោធា​ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការស្វែងរក​នាវា​មុជទឹក KRI Nanggala ដែល​គេ​ទាក់ទង​លែង​បាន​តាំង​ពីថ្ងៃ​ពុធ​ទី ២១​មេសា បាន​រកឃើញ​បំណែក​របស់​នាវា​នេះ​ជាច្រើន​ដុំ ក្នុងនោះ ខ្លះ​ជា​បំណែក​នៃ​គ្រឿងក្នុង​នាវា​ផង មាន​ជាអាទិ៍ បំណែក​ប្រព័ន្ធ​បាញ់ ដប​ខ្លាញ់​រំអិល​សម្រាប់​ប្រព័ន្ធ​កែវឆ្លុះ ឬ​កំរាល​សម្រាប់​នាវិក​អង្គុយ​សូត្រធម៌ ... មានន័យថា​នាវាមុជទឹក​រង​ការខូចខាត​ធ្ងន់ធ្ងរ​។ បំណែក​ខ្លះ​មិនអាច​ខ្ទាត​ចេញមកក្រៅ ដោយ​គ្មាន​សម្ពាធ​ពី​ខាងក្រៅ ឬ​ដោយ​គ្មាន​ការខូចខាត​ប្រព័ន្ធ​បាញ់​ទេ​។ នេះ​បើតាម​ការគូសបញ្ជាក់រ​បស់​អ្នកនាំពាក្យ​នៃ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​ឥណ្ឌូណេស៊ី នៅក្នុង​សន្និសីទកាសែត​។​
ពាណិជ្ជកម្ម

​តាមរយៈ​ការរកឃើញ​បំណែក​នេះ ឥណ្ឌូណេស៊ី បាន​សន្និដ្ឋានថា​នាវាមុជទឹក​បាត់​ខ្លួន​ទំនងជា​បាន​លិច នៅក្នុង​បាត​សមុទ្ទ​ជម្រៅ​ប្រមាណ​ពី ៧០០​ទៅ​៨០០​ម៉ែត្រ ដែលជា​កំរិត​ជ្រៅ​ជ្រុល ជាង​សមត្ថភាព​របស់​នាវា​។ តាម​ក្បួន នាវាមុជទឹក​នេះ អាច​ចុះ​ទឹកបាន​ត្រឹម​ជម្រៅ ៣០០​ទៅ ៤០០​ម៉ែត្រ​តែប៉ុណ្ណោះ និង មិនអាច​ទ្រទ្រង់​នឹង​សម្ពាធ​ទឹក​បានទេ នៅ​ធ្លាក់​ដល់​ជម្រៅ​ជាង​នេះ​។ ដូច្នេះ​គេ​មិន​សង្ឃឹមថា​នាវិក​ទាំង​៥៣​នាក់ អាច​នៅមាន​អាយុជីវិត​បានទេ​។ ម្យ៉ាងទៀត ជោគវាសនា​រួច​ជីវិត​មាន​កាត់​តែ​តិចតួច​ខ្លាំង ព្រោះ​នាវា​មាន​បំរុង​អុកស៊ីហ្សែន​សម្រាប់តែ​៧២​ម៉ោង​ប៉ុណ្ណោះ ដើម្បី​សង្គ្រោះ​ជីវិត​ក្នុងករណី​នាវា​ត្រូវ​ដាច់​ភ្លើង​។ ប៉ុន្តែ​ឥលូវ​ហួស​ម៉ោង​បាត់ទៅហើយ​។​
​គួរ​បញ្ជាក់ថា នាវាមុជទឹក​ខាងលើ បាន​ដាច់​ការទាក់ទង កំឡុង​ការហ្វឹកហ្វឺន​មួយ ក្រោយពេល​សុំ​ការអនុញ្ញាត​មុជ​ចូល​ជ្រៅ​ទៅក្នុង​ទឹក នៅ​ម្តុំ​ដែនទឹក​ភាគ​ខាងជើង​កោះ​បាលី ជាមួយ​នាវិក​សរុប ៥៣​នាក់​នៅក្នុង​នោះ​។ ប្រទេសជិតខាង​ឥណ្ឌូ​ណេ​ស៉ី ដូចជា​សិង្ហ​បុរី​និង​ម៉ា​ឡេ​ស៉ី ក៏​កំពុង​បញ្ជូន​កប៉ាល់​សង្គ្រោះ​របស់​ខ្លួន ដើម្បី​ជួយ​តាមរក​ផងដែរ​៕