ប្រធានាធិបតី​ឥណ្ឌូនេស៊ី ទៅកាន់​ប្រទេស​ចិន មិន​ឲ្យ​ខាត​ទេ​

ព័ត៌មានអន្តរជាតិ
0
141
រដ្ឋធានី​ប៉េកាំង​៖ ប្រធានាធិបតី​ឥណ្ឌូនេស៊ី នៅក្នុង​ដំណើរ​ដ៏​កម្រ​ទៅកាន់​ទីក្រុង​ប៉េកាំង នោះ ក្រៅតែពី​ការដាក់ចេញ​នូវ​ផែនការ​ពង្រីក​នូវ​កិច្ចសហប្រតិបត្ដិការ ជាច្រើន​វិស័យ​ជាមួយ​ចិន ក៏បាន​អញ្ជើញ​មេដឹកនាំ​ប្រទេស​មហា​យក្ស នៅ​អាស៊ី​មួយ​នេះ មក​ចូលរួម នៅ​កិច្ចប្រជុំ​កំពូល G-20 ផងដែរ​។​

​សារព័ត៌មាន Sout China Morning Post បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ថា លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) ប្រធានាធិបតី​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​អង្គារ បានធ្វើ​ដំណើរ មក​បំពេញ​ទស្សនកិច្ច​ដ៏​កម្រ នៅក្នុង​រដ្ឋធានី​ប៉េកាំង​។ លោក​ប្រធានាធិបតី​បាន​ជួប​ជាមួយនឹង​សម​ភាគី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) និង លោក លី កេ​ឈៀង ( Li Keqiang) នាយករដ្ឋមន្ដ្រី​ចិន​។ ភាគី​ទាំង​២ បាន​ឯកភាពគ្នា ជំរុញ​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ក្លា​ឡើង ក៏ដូចជា បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ នៅក្នុង​វិស័យ​កសិកម្ម និង សន្តិសុខ​ស្បៀង នៅក្នុង​ចំណោម​បញ្ហា​ជាច្រើន​ផ្សេងៗ​ទៀត​។



ប្រមុខរដ្ឋ​ឥណ្ឌូនេស៊ី បាន​បញ្ជាក់ថា «​ចិន ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​របស់​ឥណ្ឌូនេស៊ី​។ យើង​ត្រូវតែ​បំពេញ​ភាពជា​ដៃគូ​នេះ ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​អត្ថប្រយោជន៍ សម្រាប់​ប្រទេស​របស់​យើង នៅក្នុងពេល​តែមួយ សម្រាប់​តំបន់ និង ពិភពលោក​ទាំងមូល​»​។​

​ជាមួយគ្នានេះ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បាន​បញ្ជាក់ថា លោក Widodo ជា​ប្រមុខរដ្ឋ​លើកដំបូង​គេ ដែល​ភាគី​ចិន បានទទួល បន្ទាប់ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា នៅ​ទីក្រុង​ប៉េកាំង​។ មេដឹកនាំ​ចិន​រូបនេះ ក៏បាន​សង្កត់ធ្ងន់ថា «​ដំណើរ​ទស្សនកិច្ច​នេះ គឺ​គ្រប់គ្រាន់ សម្រាប់​បញ្ជាក់ថា តើ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ មាន​ភាពស្និទ្ធស្នាល​ប៉ុនណា​»​។



​ប្រទេស​ចិន ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ឥណ្ឌូនេស៊ី​។ ដោយឡែក ការនាំ​ចូល​របស់​ចិន ពី​ប្រទេស​ឥណ្ឌូនេស៊ី បាន​កើនឡើង ប្រហែល ១​ភាគ​៣ នៅក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២២ បើ​ធៀប​នឹង​ឆ្នាំមុន​។​

​រហូតមកដល់​ពេលនេះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​រក្សា​លំនឹង​ឥទ្ធិពល​នយោបាយ រវាង សហរដ្ឋអាមេរិក ចិន និង រុស្ស៊ី ។ ចំណែក​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​អាស៊ាន​រូបនេះ បានកើត​ឡើង នៅមុន​កិច្ចប្រជុំ​ប្រមុខ​ដឹកនាំ G-20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ចន្លោះ​ពីថ្ងៃ​ទី​១៥-១៦ ខែវិច្ឆិកា ខាងមុខនេះ​។​

​នៅក្នុង​តួនាទី​ជា​ប្រធាន នៃ​កិច្ចប្រជុំ​កំពូល G-20 នោះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Widodo កាលពីពេល​ថ្មីៗ​នេះ បាន​ទៅ​ជួប​សម​ភាគី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) នៅក្នុង​រដ្ឋធានី​គៀវ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ក៏បាន​បន្ដដំណើរ​ទៅ​ជួប​សម​ភាគី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅក្នុង​រដ្ឋធានី​មូ​ស្គូ​។ មេដឹកនាំ​ឥណ្ឌូនេស៊ី បាន​ត្រៀមខ្លួន​រួច​ជាស​ម្រេច សម្រាប់​ការធ្វើជា​ស្ពាន​ផ្សារភ្ជាប់​ទំនាក់ទំនង ដោះស្រាយ​ជម្លោះ រវាង​មេដឹកនាំ​ទាំង​២​នេះ​ផងដែរ​៕​