ប្រធាន​ស៊ើប​ការសម្ងាត់​អាមេរិក និង អង់គ្លេស អះអាង​ពី​ចិន ចង់​ឈ្លា.នពា.ន​លើ​តៃវ៉ាន់​

ព័ត៌មានអន្តរជាតិ
0
92
រដ្ឋធានី​វា​ស៊ីន​តោន​៖ ប្រធាន​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក និង ចក្រភព​អង់គ្លេស បានបង្ហាញ​ខ្លួន​រួមគ្នា​ដ៏​កម្រ ហើយ​បាន​ព្រមាន​យ៉ាងខ្លាំងៗ​ថា ប្រទេស​ចិន ជាការ​គំរាមកំហែង​ដល់​សន្ដិសុខ​របស់​បណ្ដា​ប្រទេស​លោកខាងលិច នៅក្នុង​រយៈពេល​យូរ ហើយ​កំពុងតែ​រៀបចំ​គម្រោង លុកលុយ​ទៅលើ​កោះ​តៃវ៉ាន់​។​

​សារព័ត៌មាន Eureporter បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​៦ ខែកក្កដា ថា លោក គ្រីស្ដូហ្វ័រ រេ (Christopher Wray) ប្រធាន​ស៊ើបការណ៍​សម្ងាត់ FBI របស់​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ប្រទេស​ចិន គឺជា «​ការគំរាមកំហែង​រយៈ​ពេល​វែង​ដ៏​ធំ​បំផុត​ចំពោះ​សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ​របស់​យើង​» ហើយ​ចិន​ថែមទាំង​ជ្រៀតជ្រែក នៅក្នុង​នយោបាយ រួមទាំង ការបោះឆ្នោត កាលពីពេល​ថ្មីៗ​នេះ​ផងដែរ​។​

​ថ្លែង​ជាមួយ​សម​ភាគី​របស់​ច​ក្រ​អង់គ្លេស នៅក្នុង​រាជធានី​ក្រុង​ឡុង​ដ៍ លោក គ្រីស្ដូហ្វ័រ រេ (Christopher Wray) ប្រធាន​ស៊ើបការណ៍​សម្ងាត់ FBI របស់​សហរដ្ឋអាមេរិក បានចេញ​នូវ​ការព្រមាន​យ៉ាង​ម៉ឺងម៉ាត់​បំផុត អំពី​ការគំរាមកំហែង ដល់​សន្តិសុខ​ជាតិ សម្រាប់​បណ្ដា​ប្រទេស​លោកខាងលិច ដែល​កើតចេញពី​ចិន​។ សូម្បីតែ​មន្ត្រី​ចារកម្ម នៅ​ទីក្រុង​វ៉ាស៊ីនតោន ក៏បាន​ចេញផ្សាយ​របាយ​ការណ៍​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុង​ប៉េកាំង នៅក្នុង​ការជះឥទ្ធិពល​លើ​នយោបាយ​រដ្ឋ និង មូលដ្ឋាន នៅក្នុង​សហរដ្ឋអាមេរិក ផងដែរ​។​

​នៅក្នុង​ការបង្ហាញ​ខ្លួន​រួមគ្នា​លើកដំបូង មិន​ធ្លាប់មាន កាលពី​ថ្ងៃ​ពុធ ជាមួយ​ប្រធាន MI5 របស់​ចក្រភព​អង់គ្លេស ដែលជា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ នៅក្នុង​ស្រុក​របស់​ចក្រ​ភព​អង់គ្លេស នោះ លោក Wray បាន​លើកឡើងថា ប្រទេស​ចិន​អាច​នឹង​ឈ្លានពាន​ទៅលើ​តៃវ៉ាន់ ដោយ​កត់សម្គាល់ថា ក្រុង​ប៉េកាំង បាន និង កំពុងតែ​ចាត់វិធានការ ដើម្បី​ការពារ​សេដ្ឋកិច្ច​របស់ខ្លួន បញ្ចៀស ពី​ការដាក់ទណ្ឌកម្ម ដែល​អាច​នឹង​កើតឡើង ក្រោយពេល​មាន​សកម្មភាព​យោធា​របស់​ក្រុង​ប៉េកាំង​។​

​ប្រមុខ FBI របស់​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា «​នៅក្នុង​ពិភពលោក​របស់​យើង យើង​ហៅ​អាកប្បកិរិយា​បែ​បប​នេះ​ថា ជា​តម្រុយ​មួយ សម្រាប់​ជាការ​ឈ្លានពាន​មួយ អាច​នឹង​កើតឡើង​។ សកម្មភាព​នោះ នឹង​បង្ហាញ​ឱ្យមាន​ការរំខាន​ដល់​អាជីវកម្ម​ដ៏​គួរឱ្យ​រន្ធត់​បំផុត​មួយ ដែល​ពិភពលោក​មិន​ធ្លាប់បាន​ជួបប្រទះ​»​។​

​ទោះជា​យ៉ាងណា ស្ថានទូត​ចិន ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន មិនបាន​ឆ្លើយតប ជុំវិញ​នឹង​ការសុំ​អត្ថាធិប្បាយ​ណាមួយ​នេះឡើយ​។ ប៉ុន្ដែ​ក្រសួងការបរទេស​ចិន បានបញ្ជាក់ កាលពី​ថ្ងៃ​ពុធ ថា «​ដើម្បី​បំភ័ន្ដ​ដល់​សាធារណជន​នោះ សហរដ្ឋអាមេរិក បានធ្វើការ​ជាមួយ​អង្គការ​ណា​តូ ដើម្បី​បំផុស ពី​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន ហើយនឹង​ធ្វើឱ្យ​មានការ​ប្រឈមមុខ​ដាក់គ្នា​ជា​ក្រុម​»៕