កម្លាំង​ទ័ព​អ៊ុយ​ក្រែ​ន​កើន​ដល់​១​លាន​នាក់ សម្រាប់​វាយ​បណ្ដេញ​ទាហាន​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
84
រដ្ឋធានី​គៀវ​៖ ជាមួយនឹង​សង្គ្រាម​ឈ្លានពាន​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) កាន់តែ​មាន​ភាព​សាហាវ​ខ្លាំង ហើយ​វាយប្រហារ​មិនមាន​ពេល​ស្រាកស្រាន្ដ​នោះ ប្រជាជន​អ៊ុយ​ក្រែ​ន បាននាំគ្នា​សម្រុកចូល​បម្រើ​ការងារ​នៅក្នុង​ជួរ​កងទ័ព កើនឡើង រហូតដល់​១​លាន​នាក់ ដើម្បី​ទប់ទល់​នឹង​កម្លាំង​ទាហាន​រុស្ស៊ី ការពារ​ទឹកដី​របស់​ពួកគេ​។​

​សារព័ត៌មាន Daily Mail បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១១ ខែកក្កដា ថា រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា អ៊ុយ​ក្រែ​ន បាន​ប្រមូល​កម្លាំង​កងទ័ព កើនឡើង​ដល់​១​លាន​នាក់ ហើយនឹង​បំពាក់​ដោយ​គ្រឿង​សព្វាវុធ​របស់លោក​ខាងលិច ដើម្បី​វាយប្រហារ​ទប់ទល់​នឹង​ទាហាន​របស់លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី​។​

​លោក អូ​ឡែក​ស៊ី​អ៊ី រ៉ែ​ស្នី​កូវ (Oleksii Reznikov) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បានបញ្ជាក់ នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយនឹង​សារព័ត៌មាន​ជាតិ​ប្រចាំថ្ងៃ​របស់​ចក្រភព​អង់គ្លេស The Times ដោយបាន​សង្កត់ធ្ងន់ថា នៅពេល​កងទ័ព​របស់​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី ( Volodymyr Zelensky) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វាយ​រំ​ដោះយក​ទឹកដី ភាគខាងត្បូង​របស់ខ្លួន ចេញពី​ប្រទេស​រុស្ស៊ី មកវិញ​នោះ ប្រទេស​នេះ​កំពុង​ស្វែងរក​ការបំពាក់​អាវុធ ដល់​ទាហាន​ទាំងអស់ ជាមួយនឹង​គ្រឿង​សឹក ផ្តល់​ឲ្យ​ដោយ​សម្ពន្ធមិត្ត​លោកខាងលិច​។​

​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន វ័យ​៥៦​ឆ្នាំ​រូបនេះ បាន​ជំរុញ​ឲ្យ​ដៃគូ​បស្ចិម​លោក ត្រូវតែ​ផ្ដល់​គ្រឿងយុទ្ធោបករណ៍ និង សម្ភារ​យោធា​ឲ្យ​បាន​លឿន​បន្ថែមទៀត មកដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។​


​លោក​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ បានបញ្ជាក់​ទៀតថា «​យើង​ពិតជា​ត្រូវការ​គ្រឿង​សឹក​បន្ថែមទៀត ឲ្យ​បាន​យ៉ាង​ឆាប់រហ័ស ដើម្បី​សង្គ្រោះ​ជីវិត​របស់​កងទ័ពរ​បស់​យើង​។ ជា​រៀងរាល់ថ្ងៃ យើង​កំពុងតែ​រង់ចាំ​កាំភ្លើង​ផ្លោង​ហូ​វីត​ហ្ស៊ើ​រ (Howitzer) ហើយ​យើង​ក៏​អាច​នឹង​បាត់បង់​ទាហាន រហូតដល់​១០០​នាក់​ក្នុង​១​ថ្ងៃៗ​ផងដែរ​»​។​

​លោក​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បាន​ថ្លែង នៅក្នុង​បទសម្ភាសន៍​របស់ The Times ហើយ​ត្រូវបាន​ចេញផ្សាយ កាលពី​ថ្ងៃអាទិត្យ ថា «​យើង​ជា​ប្រជាជន នៃ​ពិភពលោក​សេរី ហើយ​មាន​អារម្មណ៍​ពិតប្រាកដ អំពី​យុត្តិធម៌ និង សេរីភាព​។ បច្ចុប្បន្ន យើង​មាន​កម្លាំង​ទ័ព​ប្រមាណ​៧០​ម៉ឺន​នាក់ ហើយ​នៅពេល​អ្នក​បំពាក់អាវុធ​ដល់​កម្លាំង​ឆ្មាំ​ជាតិ ប៉ូលិស ឆ្មាំ​ព្រំដែន យើង​នឹងមាន​កម្លាំងប្រដាប់អាវុធ សរុប​ប្រហែល​១​លាន​នាក់​»​។​

​ដោយឡែក នៅក្នុង​បទសម្ភាសន៍​ដាច់ដោយឡែក​មួយ​ផ្សេងទៀត ជាមួយនឹង The Wall Street Journal លោក​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ Reznikov បាន​សង្កត់ធ្ងន់ថា អ៊ុយ​ក្រែ​ន មាន​តម្រូវការ​ជាបន្ទាន់​នូវ​ការផ្គត់ផ្គង់​រថ​ចម្បាំង យន្ដហោះ​គ្មាន​មនុស្ស​បើកបរ​ឬ​ដ្រូ​ន រថក្រោះ និង ប្រព័ន្ធ​បាញ់​រ៉ុក្កែត ចម្ងាយ​ឆ្ងាយ​។ ប្រសិនបើ​ដៃគូ​សម្ពន្ធ​លោកខាងលិច ផ្គត់ផ្គង់​គ្រឿង​សឹក​ទាំងនេះ មក​ទាន់ពេលវេលា អ៊ុយ​ក្រែ​ន​នឹង​ឈ្នះ​សង្គ្រាម​នេះ ហើយ​វាយ​បណ្ដេញ​កម្លាំង​ទាហាន​រុស្ស៊ី ចេញពី​ប្រទេស​របស់ខ្លួន​បាន​៕​