ប្រធានាធិបតី​ស្រីលង្កា​ល្មោភ​អំណាច​មែន រត់ចោល​ប្រទេសហើយ​តែងតាំង​អ្នកផ្សេង​ធ្វើជា​ស្ដីទី​

ព័ត៌មានអន្តរជាតិ
0
81
រដ្ឋធានី​កូឡុមបូ​៖ បច្ចុប្បន្ន ស្រីលង្កា​កាន់​វឹកវរ​ខ្លាំង​ឡើង ក្រោយពេល​ប្រធានាធិបតី​រត់ចោល​ប្រទេស មិន​ព្រម​លាលែង​ពី​តំណែង ហើយ​តែងតាំង​នាយករដ្ឋមន្ដ្រី ធ្វើជា​ប្រធានាធិបតី​ស្ដីទី សម្រាប់​ទុក​ឱកាស​ដល់​ខ្លួន​វិញ ទើប​ក្រុមបាតុករ សកម្មជន និង មេធាវី បាន​អំពាវនាវ​សុំ​ឲ្យ​នាំខ្លួន​ប្រធានាធិបតី​រូបនេះ និង​ក្រុមគ្រួសារ​របស់គាត់ មក​កាត់ទោស​។​

​សារព័ត៌មាន The Guardian បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០២២ ថា ក្រុមបាតុករ សកម្មជន និង មេធាវី បាន​អំពាវនាវ​ឱ្យមាន​ការកាត់ទោស​ប្រធានាធិបតី​ស្រីលង្កា រួមជាមួយ​នឹង​សមាជិកគ្រួសារ​របស់គាត់​ជាច្រើន​នាក់​ផ្សេងទៀត ជុំវិញ​ការចោទប្រកាន់ ពីបទ​ពុករលួយ និង ការរំលោភ​សិទ្ធិមនុស្ស​។ ទោះយ៉ាងណា​ក៏ដោយ នៅពេល​លោក ហ្គោ​តាប​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) នៅតែ​ជា​ប្រធានាធិបតី គឺ​ទទួលបាន​អភ័យឯកសិទ្ធិ គេច​ចេញពី​ការចាប់ខ្លួន​។ ប្រធានាធិបតី​ស្រីលង្កា រូបនេះ នឹងមិន​លាលែង ពី​តំណែង​ជា​ផ្លូវការ រហូត​ល្គឹកណា​គាត់​បាន​ទៅដល់​គោលដៅ​ចុងក្រោយ​របស់គាត់​។​

​ការដាក់​ប្រទេស​ឲ្យ​ស្ថិតក្នុង​គ្រាអាសន្ន ត្រូវបាន​ប្រកាសឡើង ខណៈ​ក្រុមបាតុករ​បដិសេធ​នាយ​ក​រដ្ឋមន្ត្រី លោក រ៉ានី​ល វិក​ក្រែ​មេ​សិង្ហ (Ranil Wickremesinghe) ធ្វើជា​ប្រធានាធិបតី​។ ក្រុមបាតុករ បានទាមទារ​លោកនាយ​ក​រដ្ឋមន្ដ្រី និង លោក ហ្គោ​តាប​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) ប្រធានាធិបតី​ស្រីលង្កា ដែល​កំពុងតែ​រត់ ចេញពី​ប្រទេស​នោះ ចុះ​ចេញពី​តំណែង​។​

​ការតវ៉ា​បាន​ផ្ទុះឡើង នៅក្នុង​ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃ​ពុធ ទី​១៣ ខែកក្កដា បន្ទាប់ពី​ប្រធានាធិបតី លោក Gotabaya Rajapaksa បាន​រត់​ភៀសខ្លួន ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វ តាម​យន្តហោះ​យោធា​។ ប៉ុន្តែ​ប្រធានាធិបតី​រូបនេះ និង នាយករដ្ឋមន្ត្រី នៅ​មិនទាន់​បានប្រកាស​លាលែង ចេញពី​តំណែង​ជា​ផ្លូវការ​នៅឡើយ ខណៈ​មេដឹកនាំ​ទាំង​២​នេះ បាន​ដឹកនាំ​ប្រទេស ឲ្យ​ធ្លាក់​ចូលទៅក្នុង​ភាពវឹកវរ​ផ្នែក​នយោបាយ​។​


​ក្រោយពេល​ប្រធានាធិបតី បាន​លួច​ចាក​ចេញពី​ប្រទេស​ស្រីលង្កា មិនបាន​ប៉ុន្មាន​ម៉ោង​ផង មន្ត្រី​ស្រីលង្កា បាន​អះអាងថា នាយករដ្ឋមន្ត្រី លោក Ranil Wickremesinghe ត្រូវបានតែងតាំង​ជា​ប្រធានាធិបតី​ស្តីទី ដោយ​លោក Gotabaya Rajapaksa ប្រធានាធិបតី ដែល​រត់ចោល​ប្រទេស​។​

​លោក Ranil Wickremesinghe បានប្រកាស​ដាក់​ប្រទេស នៅក្នុង​គ្រាអាសន្ន ខណៈ​ក្រុមបាតុករ បាន​ចូលទៅ​កាន់កាប់​ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី និង​ទូរទស្សន៍​របស់​រដ្ឋ​។ ប៉ុន្ដែ​នៅពេលនេះ លោកនាយក​រដ្ឋមន្ដ្រី បានចេញ​បញ្ជា​ឲ្យ​ប៉ូលិស និង យោធា ធ្វើ​អ្វីដែល​ចាំបាច់ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​។​


​នៅក្នុង​សុន្ទរកថា​មួយ កាលពី​រសៀល ថ្ងៃ​ពុធ ប្រធាន​សភាជាតិ​ស្រីលង្កា បាន​បញ្ជាក់ថា លោក​ប្រធានាធិបតី Rajapaksa នឹងដាក់​លិខិត​លាលែង ពី​តំណែង នៅ​ចុងបញ្ចប់ នៃ​ថ្ងៃនេះ​។ ប៉ុន្តែ​រហូតមកដល់​ពាក់​កណ្តាលអធ្រាត្រ ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែកក្កដា ហើយ លោក​ប្រធានាធិបតី​ស្រីលង្កា នៅ​មិនទាន់​បានដាក់​លិខិត​លាលែង ពី​តំណែង​ជា​ផ្លូវការ​នៅឡើយ​៕​