កងទ័ព​រុ​.​ស្ស៊ី អះអាង​ពី​ការបាញ់​កម្ទេច​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុ​.​ក្កែ​ត​ហ៊ី​ម៉ា​របស់​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
312
រដ្ឋធានី​គៀវ​៖ ក្រោយពេល​អ៊ុយ​ក្រែ​ន អះអាង​ពី​ប្រព័ន្ធ​រ៉ុក្កែត​របស់លោក​ខាងលិច​វា​យ​ប្រហារ​ចំ​គោលដៅ​របស់​កងទ័ព​រុស្ស៊ី នោះមក ស្រាប់តែ​កម្លាំង​ទាហាន​រុស្ស៊ី បាន​មុខមក​អួតអាង អំពី​ការកម្ទេច​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ផ្គត់ផ្គង់ ដោយ​បណ្ដា​ប្រទេស​បស្ចិម​លោក​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១៨ ខែកក្កដា ឆ្នាំ​២០២២ ថា កម្លាំង​ទាហាន​រុស្ស៊ី បាន​អះអាងថា កងទ័ព​របស់ខ្លួន បាន​កម្ទេច​គ្រឿង​សព្វាវុធ ផ្គត់ផ្គង់ ដោយ​សហរដ្ឋអាមេរិក និង បណ្ដា​ប្រទេស ជា​សមាជិក​ណា​តូ ដោយ​រួមទាំង​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត នៅក្នុង​អំឡុងពេល​មានការ​វាយប្រហារ ទៅលើ​ទីតាំង​របស់​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃអាទិត្យ​។​


​លោក អ៊ី​ហ្គ័​រ កូ​ណា​សែន​កូវ (Igor Konashenkov) អ្នកនាំពាក្យ ក្រសួង​ការពា​ជាតិ​រុស្ស៊ី បានបញ្ជាក់ កាលពី​ថ្ងៃអាទិត្យ ថា ឃ្លាំង​ស្ដុក​អាវុធ នៅក្នុង​កំពង់ផែ​អូ​ដេ​សា (Odesa) ស្ថិតនៅ​សមុទ្រ​ខ្មៅ ដែល​ផ្ទុក​មី​ស៊ី​ល ប្រឆាំងនឹង​នាវា Harpoon ត្រូវបាន​កម្ទេច ខណៈ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចម្រុះ​ហ៊ី​ម៉ា (HIMARS) ត្រូវបាន​កម្ទេច នៅ​តំបន់​ដូ​ណែ​ត​ស្ក៍ (Donetsk) នា​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន​។​


​ទោះជា​យ៉ាងណា ក្រុមអ្នកវិភាគ​យោធា បាន​អះអាងថា ការកំណត់​ទីតាំង និង ការវាយប្រហារ​កម្ទេច​ប្រព័ន្ធ HIMARS គឺជា​កិច្ចការ​ដ៏​លំបាក​មួយ ហើយ​ការអះអាង​របស់​ក្រុង​ម៉ូស្គូ ជុំវិញ​ការបំផ្លាញ​គ្រឿង​សព្វាវុធ​របស់​អ៊ុយ​ក្រែ នោះ ក៏​មិនទាន់មាន​ប្រភពព័ត៌មាន​ឯករាជ្យ​ណាមួយ​បញ្ជាក់​នោះដែរ​៕​